(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីមានទំនុកចិត្តថា ការស្ទុះងើបឡើងវិញនៃវិស័យធ្វើដំណើរ ដែលជំរុញវិស័យសេវាកម្មនឹងជួយសេដ្ឋកិច្ចរបស់កោះនេះ ឱ្យជៀសផុតពីការដើរថយក្រោយនៃសេដ្ឋកិច្ចនៅឆ្នាំនេះ បើទោះបីជាចក្ខុវិស័យសេដ្ឋកិច្ចពិភពលោក កាន់តែងងឹតក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា អាជ្ញាធរសិង្ហបុរី បានរក្សាការព្យាកររបស់ពួកគេ អំពីកំណើនផលិតផលក្នុងស្រុកសរុប ក្នុងចន្លោះពី ០.៥% ទៅ ២.៥% ដោយកំណើនជាក់ស្តែងដែលត្រូវបានគេមើលឃើញថានឹងស្ថិតនៅចំណុចកណ្តាលនៃតួលេខទាំងនេះ។

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក៏បានចេញផ្សាយផងដែរនូវការប៉ាន់ប្រមាណចុងក្រោយ សម្រាប់ត្រីមាសទីមួយ ដែលបង្ហាញថា ផ.ស.ស បានធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំ ០.៤% ធៀបនឹងត្រីមាសទី៤ ឆ្នាំមុន តែប្រសើរជាងការព្យាករកន្លងមកដែលថានឹងធ្លាក់ចុះ ០.៧។

លោកស្រី Yong Yik Wei ប្រធានសេដ្ឋវិទូនៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មបានថ្លែងថា «យើងមិនរំពឹងថា នឹងមានការដើរថយក្រោយ នៃសេដ្ឋកិច្ចនោះទេនៅឆ្នាំនេះ»។ ដោយសម្ដៅលើលទ្ធផលសេដ្ឋកិច្ចប្រចាំត្រីមាសបន្តបន្ទាប់គ្នា លោកស្រីបានបន្ថែមថា «ដោយសារហានិភ័យធ្លាក់ចុះ និងចក្ខុវិស័យចុះខ្សោយ យើងមិនអាចបដិសេធលទ្ធភាពដែលថា អាចមានត្រីមាសខ្លះនឹងទទួលបានកំណើនអវិជ្ជមានធៀបនឹងត្រីមាសផ្សេងទៀត នោះទេនៅឆ្នាំនេះ»

ខណៈពេលដែលក្រសួងបានទទួលស្គាល់ថា ហានិភ័យធ្លាក់ចុះនៅក្នុងសេដ្ឋកិច្ចពិភពលោកបានកើនឡើង ហើយហានិភ័យទាំងនោះអាចដាក់បន្ទុកកាន់តែខ្លាំង លើការប្រើប្រាស់ និងការវិនិយោគអាជីវកម្មនោះ លោកស្រី Yong បាននិយាយថា វិស័យសេវាកម្មនៅតែបន្តមានភាពធន់ ហើយគួរតែជួយខ្លះដល់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារធ្វើ។

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មបានឱ្យដឹងថា ចក្ខុវិស័យសម្រាប់វិស័យអាកាសចរណ៍ និងទេសចរណ៍នៅតែមានភាពវិជ្ជមាន ដែលជំរុញវិស័យដឹកជញ្ជូន សណ្ឋាគារ និងការកម្សាន្ត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕