(សិង្ហបុរី)៖ តម្លៃប្រេងស្ទើរតែមិនប្រែប្រួល នៅក្នុងការជួញដូរដំបូងនៅព្រឹកថ្ងៃសុក្រ ដោយសារទីផ្សារកំពុងរង់ចាំដំណឹង អំពីគោលនយោបាយរបស់អង្គការ OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួន បន្ទាប់មានការលើកឡើងខុសគ្នា អំពីលទ្ធផលកិច្ចប្រជុំនៅសប្តាហ៍ក្រោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រេងឆៅប្រភេទ Brent របស់អង់គ្លេសបានធ្លាក់ចុះ ៤សេនមកនៅត្រឹម ៧៦.២២ដុល្លារក្នុងមួយបារ៉ែល នៅព្រឹកថ្ងៃសុក្រ ខណៈប្រេងឆៅប្រភេទ West Texas Intermediate របស់អាមេរិកបានកើនឡើង ៦សេន ឬ ០.១ភាគរយដល់ ៧១.៩២ដុល្លារ ក្នុងមួយបារ៉ែល។

តម្លៃប្រេងគោលទាំងពីរប្រភេទនេះ ត្រូវបានជួញដូរទាបជាងតម្លៃថ្ងៃនេះ ២ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Alexander Novak បានបដិសេធការរំពឹងទុកដែលថា នឹងមានការកាត់បន្ថយផលិតកម្ម ប្រេងដោយអង្គការ OPEC+ បន្ថែមទៀតនៅក្នុងកិច្ចប្រជុំរបស់ខ្លួន នៅទីក្រុងវីយែន នៅថ្ងៃទី៤ ខែមិថុនាខាងមុខ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធថា តម្លៃថាមពលកំពុងខិតជិតដល់កម្រិត «សមរម្យសម្រាប់សេដ្ឋកិច្ច» ដោយបង្ហាញផងដែរថា មិនអាចមានការផ្លាស់ប្តូរភ្លាមៗ ចំពោះគោលនយោបាយផលិតកម្ម របស់អង្គការផលិតប្រេងនេះទេ។

ទោះជាយ៉ាងណា ការលើកឡើងរបស់មេដឹកនាំទាំងពីររូបនេះ ផ្ទុយនឹងការអត្ថាធិប្បាយនៅសប្តាហ៍នេះ ពីសំណាក់រដ្ឋមន្ត្រីក្រសួងថាមពលអារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ Abdulaziz bin Salman ដែលបានព្រមានដល់ពាណិជ្ជកម្មប្រេងឱ្យមាន «ការប្រុងប្រយ័ត្ន» ។ អារ៉ាប៊ីសាអូឌីត ត្រូវបានគេមើលឃើញថា ជាអ្នកដឹកនាំនៃអង្គការប្រទេសនាំចេញប្រេង (OPEC)។

វិនិយោគិនមួយចំនួនបានបកស្រាយថា ការលើកឡើងរបស់ព្រះអង្គម្ចាស់រូបនេះ ជាសញ្ញាបង្ហាញថា អង្គការ OPEC+ អាចពិចារណាកាត់បន្ថយទិន្នផលប្រេងបន្ថែមទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕