(បាងកក)៖ ធនាគារកសិកនប៊ែង (Kasikornbank ឬ KBank) បានឱ្យដឹងថា វិនិយោគិនមានការព្រួយបារម្ភថា ការបង្កើតរដ្ឋាភិបាលចម្រុះថ្មី និងហានិភ័យនយោបាយ អាចនាំឱ្យមានការប្រែប្រួលតម្លៃប្រាក់បាតកាន់តែខ្ពស់នៅខែក្រោយ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ ដោយដកស្រង់ការព្យាកររបស់ធនាគារ KBank ថា ប្រាក់បាតនឹងប្រែប្រួលចន្លោះពី ៣៣.៨ ទៅ ៣៥.៤បាតក្នុងមួយដុល្លារអាមេរិក ក្នុងកំឡុងខែក្រោយ ដោយសារកត្តាខាងក្នុង និងខាងក្រៅ។

យោងតាម KBank កត្តាកំណត់សំខាន់ គឺទិសដៅអត្រាគោលនយោបាយ របស់ធនាគារកណ្តាលអាមេរិក។

លោក Kobsit Silpachai ប្រធានផ្នែកស្រាវជ្រាវទីផ្សារមូលធនរបស់ធនាគារ KBank បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា នៅក្នុងរយៈពេលបួនសប្តាហ៍បន្ទាប់ ធនាគារជឿជាក់ថា នយោបាយក្នុងស្រុកនឹងកំណត់ការប្រែប្រួល តម្លៃប្រាក់បាត។

លោក Kobsit បានថ្លែងថា ធនាគារកណ្តាលអាមេរិក (Fed) គ្រោងនឹងដំឡើងអត្រាគោលនយោបាយរបស់ខ្លួន ០.២៥ភាគរយចំនួនពីរដងបន្ថែមទៀតនៅឆ្នាំនេះ ដោយចាប់ផ្តើមនៅក្នុងខែកញ្ញា និងបន្តធ្វើឡើងម្តងទៀតនៅក្នុងខែធ្នូ។

ធនាគារកណ្តាលថៃបានដំឡើងអត្រាគោលនយោបាយ របស់ខ្លួនរួចហើយចំនួន ០.២៥ភាគរយនៅដើមខែនេះ ដល់កម្រិតខ្ពស់ដល់ចន្លោះពី ៥ភាគរយទៅ ៥.២៥ភាគរយ។

លោកមានប្រសាសន៍ថា «នយោបាយក្នុងស្រុក គឺជាកត្តាហានិភ័យដែលអាចបង្កឱ្យមានការប្រែប្រួលប្រាក់បាតធៀបនឹងប្រាក់ដុល្លារ»
លោកបន្ថែមថា «អ្នកវិនិយោគមានការព្រួយបារម្ភ អំពីការបង្កើតរដ្ឋាភិបាលចម្រុះថ្មី ក្នុងគ្រាដែលមានភាពមិនប្រាកដប្រជា បន្ទាប់ពីការបោះឆ្នោតសកល»

ធនាគារ KBank បានឱ្យដឹងទៀតថា ទោះបីជាប្រាក់បាតអាចប្រែប្រួលធៀបនឹងប្រាក់ដុល្លារ ក្នុងរយៈពេលខ្លីក៏ដោយ ក៏មានការរំពឹងថា រូបិយប័ណ្ណនេះនឹងឡើងថ្លៃដល់ ៣៣.៨បាត ក្នុងមួយដុល្លារនៅចុងឆ្នាំនេះ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕