(ព្រុចសែល)៖ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកកំពុងពិភាក្សាគ្នាអំពីការ​ធ្វើការ​យ៉ាងជិតស្និទ្ធដើម្បីដោះស្រាយហានិភ័យពីការវិនិយោគលើបច្ចេកវិទ្យារសើបនៅក្នុងប្រទេសនានាដូចជាប្រទេសចិនជាដើម ខណៈដែលមហាអំណាចទាំងពីរនេះបង្កើតឧបករណ៍ថ្មីៗដើម្បីទប់ទល់នឹងបរិយាកាសសេដ្ឋកិច្ចដែលមានអរិភាពកាន់តែខ្លាំងឡើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព្រាងចុងក្រោយសម្រាប់កិច្ចប្រជុំកម្រិតខ្ពស់ដែលគ្រោងធ្វើនៅសប្តាហ៍ក្រោយនៅទីក្រុងលូលា ប្រទេសស៊ុយអែតថា ដៃគូទាំងពីរនេះនឹងស្វែងរកការបន្ស៊ីវិធីសាស្រ្តរបស់ខ្លួនសម្រាប់ការពិនិត្យមើលការវិនិយោគក្រៅស្រុក «ដើម្បីការពារមូលធន ជំនាញ និងចំណេះដឹងរបស់ក្រុមហ៊ុនយើងមិនឱ្យមានការគាំទ្រដល់ការធ្វើទំនើបកម្មខាងផ្នែកបច្ចេកវិទ្យារបស់គូប្រជែងជាយុទ្ធសាស្រ្តតាមវិធីនានាដែលគំរាមកំហែងដល់សន្តិសុខជាតិរបស់យើង»

មន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកចង់ប្រើប្រាស់កិច្ចប្រជុំរបស់ក្រុមប្រឹក្សាពាណិជ្ជកម្ម និងបច្ចេកវិទ្យានៅថ្ងៃទី៣០ និង៣១ ខែឧសភានេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេក្នុងការដោះស្រាយការកើនឡើងឥទ្ធិពលរបស់ចិន និងបញ្ហាប្រឈមដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ កិច្ចប្រជុំនេះធ្វើឡើងស្របពេលដែលគណៈកម្មការអឺរ៉ុបដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុបគ្រោងនឹងបង្ហាញយុទ្ធសាស្ត្រសន្តិសុខសេដ្ឋកិច្ចសម្រាប់ប្លុកនេះនៅខែក្រោយ។

សហភាពអឺរ៉ុបបាននិងកំពុងព្យាយាមពង្រឹងយុទ្ធសាស្ត្ររបស់ខ្លួនឆ្ពោះទៅរកប្រទេសចិន។ ថ្មីៗនេះ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបានដាក់ចេញចក្ខុវិស័យនៃការលុបចោលហានិភ័យដែលបង្កឡើងដោយប្រទេសចិន ប៉ុន្តែមិនផ្តាច់ខ្លួនចេញពីទីក្រុងប៉េកាំងនោះទេ ដែលជាការបន្ស៊ីឡើងវិញយ៉ាងទន់ភ្លន់នូវវិធីសាស្រ្តរបស់អឺរ៉ុប ដែលនាំឱ្យតំបន់នេះកាន់តែខិតទៅជិតជំហរបែបអន្ទះសាររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ សហរដ្ឋអាមេរិក និងសមាជិកផ្សេងទៀតរបស់ក្រុមប្រទេស G7 ចាប់តាំងពីពេលនោះមកបានប្រើប្រាស់ភាសាដូចគ្នា។

ក្នុងគ្រាដែលមានការឈ្លានពានលើប្រទេសអ៊ុយក្រែន សន្តិសុខសេដ្ឋកិច្ចបានក្លាយជាអាទិភាពខ្ពស់សម្រាប់ក្រុមប្រទេស G7។ ក្រុមមន្ត្រីកំពុងពិភាក្សាអំពីរបៀបសម្របសម្រួលឧបករណ៍ឱ្យកាន់តែប្រសើរឡើង រួមទាំងការត្រួតពិនិត្យការវិនិយោគ និងការគ្រប់គ្រងការនាំចេញ ខណៈពេលដែលពួកគេស្វែងរកជម្រើសគោលនយោបាយថ្មីដែលមានដើម្បីដោះស្រាយហានិភ័យសន្តិសុខជាតិដែលបង្កឡើងដោយប្រទេសមួយចំនួនក្នុងលក្ខណៈរួម។

សេចក្តីថ្លែងការណ៍ព្រាងនេះបានឱ្យដឹងទៀតថា សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក រួមជាមួយនឹងប្រទេសដែលមានគំនិតដូចគ្នា គ្រោងកំណត់គោលដៅគោលនយោបាយ និងការអនុវត្តមិនមែនទីផ្សារ ដែលចង់សម្ដៅដល់ប្រទេសចិន នៅក្នុងវិស័យនានាដូចជាបន្ទះឈីប និង «ស្វែងរកវិធានការសហប្រតិបត្តិការដើម្បីដោះស្រាយគោលនយោបាយទាំងនោះ និងឥទ្ធិពលដែលមិនត្រឹមត្រូវរបស់គោលនយោបាយទាំងនោះ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕