(ភ្នំពេញ)៖ ក្រុមអ្នកជំនាញរបស់កម្ពុជា បានជួបជជែកគ្នាជុំវិញបញ្ហាវិ​បត្តិសេដ្ឋកិច្ចពិភពលោក ស្របពេលដែលសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន កំពុងជួបប្រទះភាពផុយស្រួយបណ្តាលមកពីកត្តាជាច្រើន បូករួមទាំងវិបត្តិកូវីដ១៩ បញ្ហាជម្លោះរវាងរុស្ស៉ី និងអ៊ុយក្រែនការប្រកួតប្រជែកប្លុកសេដ្ឋកិច្ចជាដើម។

កិច្ចពិភាក្សានេះរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ កិច្ចពិភាក្សានេះមានមានវិគ្មិនជំនាញៗរួមមាន៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន។ កិច្ចពិភាក្សានេះស្ថិតក្រោមការសម្របសម្រួលពីសំណាក់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា។

លោកបណ្ឌិត ផាន់ ផល្លា បានថ្លែងថា សេដ្ឋកិច្ចសកលនឹងមិនត្រឡប់វិលទៅរកកំណើនខ្ពស់វិញទេ គិតចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ឬឆ្នាំ២០២៩។ ហើយសេដ្ឋកិច្ចសកលវានឹងនៅក្នុងកំណើនមួយដ៏ទាបនៅក្នុងរង្វង់ប្រមាណ ៣ភាគរយ។ ខណៈពាណិជ្ជកម្មសកលក៏មានការថមថយផងដែរ ដោយធ្លាក់ពី៥ភាគរយ មកត្រឹម២ភាគរយ ប៉ុន្តែ អាចនៅឆ្នាំក្រោយអាចនឹងកើនឡើង៣ភាគរយ។

មន្ត្រីជាន់ខ្ពស់រូបនេះ ក៏បានបង្ហាញការយល់ឃើញថាសម្រាប់សេដ្ឋកិច្ចសកលនាពេលបច្ចុប្បន្ននេះ មិនមែនជាវិបត្តិនោះទេ ប៉ុន្តែស្ថានភាពពិបាកក្នុងការប៉ាន់ស្មាន និងព្យាករណ៍ខ្លាំងណាស់។ ដូច្នេះ បណ្តាប្រទេសនានា នៅលើពិភពលោកត្រូវធ្វើយ៉ាងណាដើរឱ្យត្រូវ ដើម្បីកុំវាក្លាយទៅជាវិបត្តិនាពេលខាងមុខ។

បន្ថែមពីនេះ លោកបណ្ឌិត បានបញ្ជាក់ថា សម្រាប់សេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន កំពុងតែបន្តជួបប្រទះនូវវិប​ត្តិដោយសារតែសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន, បញ្ហាអតិផរណា, អស្ថិរភាពហិរញ្ញវត្ថុ, ការបែងចែកប្លុកពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុជាដើម។

លោក ប៉ែន សុវិជាតិ បានថ្លែងថា វិបត្តិកូវីដ១៩ ដែលក្លាយជាវិបត្តិសកលតាំងពីដើមឆ្នាំ២០២០ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ដែលចាប់ផ្តើមតាំងពីខែកុម្ភៈ ឆ្នាំ២០២២ មកដល់បច្ចុប្បន្ន បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចសាកល និងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជាស្ទើរគ្រប់វិស័យ។ កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំប្រមាណ ៧,៧% រវាងឆ្នាំ១៩៩៨-២០១៩ បានធ្លាក់ចុះមកកំណើនអវិជ្ជមាន់ប្រមាណ -៣,១% នៅឆ្នាំ២០២០។

លោកបានបន្តថា ក្រោយការដាក់ចេញគោលនយោបាយគាំពារ និងទ្រទ្រង់ពាណិជ្ជកម្ម-វិនិយោគដែលងាយរងគ្រោះក្នុងវិបត្តិកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបានកំណើនវិជ្ជមានវិញប្រមាណ ៤% ក្នុងឆ្នាំ២០២១ ហើយបន្តរំពឹងថាកើនដល់ ៥,៦% ក្នុងឆ្នាំ២០២២។ ដោយសារវិបត្តិអ៊ុយក្រែន-រុស្ស៉ី នាដើមឆ្នាំ២០២០ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចប្រមាណត្រឹម ៤,៨% ក្នុងឆ្នាំ២០២២ ដែលទាបជាងការរំពឹងទុក។ កំណើនដែលរំពឹងទុកសម្រាប់ឆ្នាំ២០២៣ ប្រមាណជាង ៦% ក៏ត្រូវបានបន្ថយមកវិញនៅត្រឹមចន្លោះ ៥,២% ទៅ៥,៥% វិញ ដោយសារវិបត្តិពាណិជ្ជកម្មសកលកំពុងរងការរាំងស្ទះ ពិសេសកត្តាអតិផរណាសកលជិត៩% ការឡើងថ្លៃប្រេង គោលនយោបាយមិនច្បាស់លាស់របស់ចិន និងអាមេរិក ក៏ដូចជាការត្រូវការពេលវេលាក្នុងការសើរើច្រវ៉ាក់ផលិតកម្មឡើងវិញរបស់ក្រុមហ៊ុនដែលបានដួលរំលំក្នុងវិបត្តិកូវីដ១៩ និងសង្គ្រាម។

លោកបានឱ្យដឹងថា របាយការណ៍អង្គការពាណិជ្ជកម្មពិភពលោក (WTO) ក៏បង្ហាញថា ទំហំពាណិជ្ជកម្មសកលក្នុងឆ្នាំ២០២៣ អាចធ្លាក់មកកំណើនត្រឹម ១,៧% ហើយការព្យាករណ៍ដែលថាកំណើនពាណិជ្ជកម្មសកលអាចកើនដល់ ៣,២% ក្នុងឆ្នាំ២០២៤ ក៏មិនអាចយកជាការបានដែរ ដោយសារវិបត្តិសង្គ្រាមនៅបន្ត ភូមិសាស្ត្រនយោបាយនៅប្រែប្រួល វិបត្តិស្បៀងសកលនៅតែមានការរឹតត្បិតគោលនយោបាយរូបិយបណ្ណនៅតែខ្លាំង ហើយការរីកសាយភាពនៃវិបត្តិបំណុលនៃប្រទេសធំៗនៅតែបន្ត។

បើតាមលោក គី សេរីវឌ្ឍន៍ បានយល់ឃើញថាប្រសិនបើសេដ្ឋកិច្ចចិនដួល សេដ្ឋកិច្ចពិភពលោកក៏នឹងរង់គ្រោះដូចគ្នា ជាក់ស្តែងការថមថយនៃការបញ្ជាទិញរបស់ចិន បានជះឥទ្ធិពលមកដល់សេដ្ឋកិច្ចសកលលោកផងដែរ។ ដូច្នេះ នៅក្នុងសកលលោកមិនអាចរុញឱ្យសេដ្ឋកិច្ចប្រទេសណាមួយដួលនោះទេ។

លោក គី សេរីវឌ្ឍន៍ បានបន្តថា ការការពារនិយមដែលកើតចេញដោយសហរដ្ឋអាមេរិក នៅក្នុងអាណត្តិដឹកនាំប្រទេសរបស់លោក ដូណា ត្រាំ ដែលបង្កើតឱ្យមានសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក បានរួមចំណែកធ្វើឱ្យពិភពលោកខ្ទីចខ្ទាំតាំងពីពេលនោះមក។ «ត្រង់ចំណុចនេះ គឺត្រូវតែរកវិធីដោះស្រាយ ប្រសិនបើមិនដោះស្រាយរបាំងសេដ្ឋកិច្ចសកលលោកនេះទេ គឺយើងមិនអាចជំរុញឱ្យសេដ្ឋកិច្ចយើងរស់ក្នុងភាពសុខសាន្តបានទេ អ៊ឹចឹងបានឈានទៅដល់ភាពតានតឹងនៃសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន»៕