(សិង្ហបុរី)៖ ប្រាក់ដុល្លារអាមេរិកបានឡើងថ្លៃដល់កម្រិតខ្ពស់ក្នុងរយៈពេលប្រាំមួយខែធៀបនឹងប្រាក់យ៉េនកាលពីថ្ងៃអង្គារ ខណៈមានការរំពឹងទុកកាន់តែខ្លាំងថា អត្រាការប្រាក់របស់អាមេរិកនឹងនៅតែកើនឡើងក្នុងរយៈពេលកាន់តែយូរ ស្របពេលដែលការពិភាក្សាអំពីកម្រិតពិដានបំណុលបានជាប់គាំង។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ប្រភពមួយចំនួនមកពីធនាគារកណ្តាលអាមេរិកដែលបាននិយាយកាលពីថ្ងៃចន្ទ ធនាគារកណ្តាលអាមេរិកនឹងរឹតបន្តឹងគោលនយោបាយរូបិយវត្ថុថែមទៀត។

លោក Neel Kashkari ប្រធានធនាគារកណ្តាលនៃទីក្រុង Minneapolis បាននិយាយថា អត្រាការប្រាក់របស់សហរដ្ឋអាមេរិកអាចនឹងខ្ពស់ជាង ៦ ភាគរយដើម្បីឱ្យអតិផរណាវិលត្រឡប់ទៅរកគោលដៅ ២ភាគរយរបស់ធនាគារកណ្តាលសហព័ន្ធវិញ ខណៈដែលលោកលោក James Bullard ប្រធានធនាគារកណ្តាលនៃទីក្រុង St. Louis បានថ្លែងថា ធនាគារកណ្តាលអាចដំឡើងអត្រាការប្រាក់ម្តងទៀតក្នុងអត្រា ០,៥ភាគរយនៅឆ្នាំនេះ។

ធៀបនឹងប្រាក់យ៉េនរបស់ជប៉ុន ប្រាក់ដុល្លារបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលប្រាំមួយខែ គឺ ១៣៨,៨៨យ៉េនក្នុងមួយដុល្លារនៅក្នុងការជួញដូរនៅអាស៊ី ដែលឆ្លុះបញ្ចាំងពីភាពផ្ទុយគ្នាយ៉ាងខ្លាំងរវាងធនាគារកណ្តាលអាមេរិកដែលរឹតបន្តឹងគោលនយោបាយខ្លាំង និង ធនាគារកណ្តាលជប៉ុនដែលរក្សាភាពធូររលុងខ្លាំងនៃគោលនយោបាយរបស់ខ្លួន។

លោក Tina Teng អ្នកវិភាគទីផ្សារនៃក្រុមហ៊ុន CMC Markets បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «ទីផ្សារកំពុងគិតថានឹងមានការដំឡើងអត្រាការប្រាក់សម្រាប់រយៈពេលកាន់តែយូរដោយធនាគារកណ្តាលអាមេរិក។ អតិផរណារបស់សហរដ្ឋអាមេរិកនៅតែខ្ពស់ជាងគោលដៅ ... ហើយក្នុងរយៈពេលខ្លី សេដ្ឋកិច្ចកំពុងមានភាពធន់»

លោកបន្ថែមថា៖ «ខ្ញុំមិនគិតថា ធនាគារកណ្តាលអាមេរិកនឹងចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់ណាមួយក្នុងពេលឆាប់ៗនេះទេ»

ប្រាក់អឺរ៉ូបានធ្លាក់ចុះថ្លៃ ០,០៥ ភាគរយដោយជួញដូរក្នុងតម្លៃ ១,០៨០៨ដុល្លារក្នុងមួយអឺរ៉ូហើយបានធ្លាក់ចុះថ្លៃជិត ២ភាគរយក្នុងខែនេះគិតមកត្រឹមពេលនេះធៀបនឹងប្រាក់ដុល្លារ។

ប្រាក់ផោនអង់គ្លេសមិនមានការប្រែប្រួលថ្លៃទេ ដោយត្រូវបានជួញដូរក្នុងតម្លៃ ១,២៤៣៦ដុល្លារក្នុងមួយផោន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕