(តូក្យូ)៖ តម្លៃប្រេងឆៅបានបន្តកើនឡើងនៅថ្ងៃអង្គារ ដោយវិនិយោគិនរំពឹងថា ទីផ្សារកាន់តែតានតឹងដោយសារការកើនឡើងតាមរដូវកាលនូវតម្រូវការប្រេងសាំង និងការកាត់បន្ថយការផ្គត់ផ្គង់ពីអង្គការ OPEC+។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រេងឆៅប្រភេទ Brent នៅក្នុងកិច្ចសន្យាចែកចាយពេលអនាគតបានឡើងថ្លៃ ២៨សេន ឬ ០,៣៧ភាគរយដល់ ៧៦,២៧ដុល្លារក្នុងមួយបារ៉ែលនៅថ្ងៃអង្គារនេះ ខណៈពេលដែលប្រេងឆៅ West Texas Intermediate (WTI) របស់អាមេរិកត្រូវបានជួញដូរក្នុងតម្លៃ ៧៣,៣៦ដុល្លារក្នុងមួយបារ៉ែល ដោយកើនឡើង ៣១សេន ឬ ០,៤៣ភាគរយ។

ការឡើងថ្លៃនេះគឺជាថ្ងៃទីពីរហើយបន្ទាប់ពីប្រេងឆៅប្រភេទ Brent បានឡើងថ្លៃ ០,៥ភាគរយកាលពីថ្ងៃចន្ទ ហើយប្រេងឆៅប្រភេទ WTI បានឡើង ០,៦% ស្របពេលដែលកិច្ចសន្យាសម្រាប់ចែកចាយនាពេលអនាគតប្រេងសាំងអាមេរិកកើនឡើង ២,៨% នៅមុនពេលថ្ងៃបុណ្យ Memorial Day ចូលមកដល់នៅថ្ងៃទី២៩ ឧសភា ដែលថ្ងៃបុណ្យនេះជាធម្មតាគឺជាការចាប់ផ្តើមរដូវកាលតម្រូវការប្រេងនៅរដូវក្តៅខ្ពស់បំផុត។

លោក Hiroyuki Kikukawa ប្រធានក្រុមហ៊ុន NS Trading ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនមូលបត្រ Nissan Securities បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «តម្លៃប្រេងកំពុងកើនឡើងដោយសារការកើនឡើងតម្រូវការប្រេងសាំងតាមរដូវកាលនៅសហរដ្ឋអាមេរិកចាប់ពីសប្តាហ៍ក្រោយទៅ ការកាត់បន្ថយផលិតកម្មដោយអង្គការ OPEC+ ចាប់ពីខែនេះ និងផែនការទិញស្តុកប្រេងឡើងវិញរបស់សហរដ្ឋអាមេរិកដើម្បីបំពេញស្ដុកបម្រុងប្រេងយុទ្ធសាស្ត្រ (SPR)»

កាលពីសប្តាហ៍មុន ក្រសួងថាមពលសហរដ្ឋអាមេរិកបានឱ្យដឹងថា ខ្លួននឹងទិញប្រេងឆៅចំនួន ៣លានបារ៉ែល ដើម្បីបំពេញបន្ថែមស្តុកយុទ្ធសាស្រ្ត SPR សម្រាប់ចែកចាយនៅក្នុងខែសីហា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕