(វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតី ចូ បៃឌិន (Joe Biden) បានជំរុញឱ្យក្រុមអ្នកចរចារបស់លោកបន្តការចរចាកិច្ចព្រមព្រៀងអំពីកម្រិតបំណុល បន្ទាប់ពីប្រធានសភា Kevin McCarthy បានបង្ហាញថា ភាគីទាំងពីរអាចឈានដល់ការព្រមព្រៀងគ្នាភ្លាមៗនៅចុងសប្តាហ៍កន្លងទៅនេះ ដើម្បីជៀសវាងការបរាជ័យសងបំណុលដ៏មហន្តរាយរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា យោងតាមមន្ត្រីសេតវិមានបានឱ្យដឹងថា នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីព្រឹកថ្ងៃសុក្រពីប្រទេសជប៉ុន ជាទីដែលលោកចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេស G7 លោក Biden បានប្រាប់ក្រុមអ្នកចរចារបស់លោកនៅទីក្រុងវ៉ាស៊ីនតោនថា លោកមានទំនុកចិត្តថា សភានឹងធ្វើសកម្មភាពទាន់ពេលវេលា។

ក្រុមមន្ត្រីដែលបានស្នើសុំមិនបញ្ចេញឈ្មោះដោយសារកិច្ចសន្ទនាមានលក្ខណៈឯកជនបានឱ្យដឹងថា ក្នុងអំឡុងពេលសន្ទនារយៈពេលប្រហែល ២០នាទីនេះ ក្រុមអ្នកចរចាបានប្រាប់លោក Biden ថា ការសន្ទនាមានការរីកចម្រើនជាលំដាប់។

យោងតាមមន្ត្រីសេតវិមាន លោក Biden បានលើកទឹកចិត្តដល់កិច្ចពិភាក្សានេះ ប៉ុន្តែក្នុងពេលជាមួយគ្នានេះដែរ លោកបានព្យាយាមការពារសមិទ្ធិផលច្បាប់ និងកម្មវិធីប្រជានិយមនានារបស់លោកពីការទាមទារឱ្យមានការកាត់បន្ថយចំណាយពីសំណាក់សមាជិកសភាមកពីសាធារណរដ្ឋ។

លោក McCarthy និង Chuck Schumer ប្រធានសំឡេងភាគច្រើននៅព្រឹទ្ធសភា កំពុងរៀបចំផែនការសម្រាប់ការបោះឆ្នោតនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះសម្រាប់កិច្ចព្រមព្រៀងកម្រិតបំណុលនេះ។

លោក McCarthy បានថ្លែងថា ក្រុមអ្នកចរចាអំពីកម្រិតបំណុលរបស់រដ្ឋាភិបាលសហព័ន្ធអាចឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ភ្លាមៗនៅចុងសប្តាហ៍កន្លងទៅនេះ ហើយនឹងត្រូវឆ្លងកាត់ការបោះឆ្នោតនៅរដ្ឋសភា។

លោក McCarthy បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍នៅឯវិមានកាពីតូលថា៖ «ឥឡូវនេះ ខ្ញុំអាចមើលឃើញផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយរួមគ្នាហើយ»។

លោក McCarthy បាននិយាយថា ដើម្បីជៀសវាងការបរាជ័យសងបំណុល សភានឹងត្រូវបោះឆ្នោតនៅសប្តាហ៍ក្រោយលើការសម្របសម្រួលណាមួយដែលសម្រេចបានដោយក្រុមអ្នកចរចាដែលលោក និងលោក Biden បានជ្រើសតាំងកាលពីថ្ងៃអង្គារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕