(វ៉ាស៊ីនតោន)៖ ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់បានឈានដល់កិច្ចព្រមព្រៀងមួយលើផ្នែកទី១ នៃគំនិតផ្តួចផ្តើមពាណិជ្ជកម្ម «សតវត្សទី ២១» របស់ប្រទេសទាំងពីរ ដែលគ្របដណ្តប់លើនីតិវិធីគយ និងព្រំដែន ការអនុវត្តបទប្បញ្ញត្តិ និងអាជីវកម្មខ្នាតតូច។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា បន្ទាប់ពីកិច្ចព្រមព្រៀងដំបូងនៃគំនិតផ្តួចផ្តើមអាមេរិក-តៃវ៉ាន់ស្តីពីពាណិជ្ជកម្មសតវត្សរ៍ទី២១ ត្រូវបានចុះហត្ថលេខា ការចរចានានានឹងចាប់ផ្តើមធ្វើឡើងលើផ្នែកពាណិជ្ជកម្មផ្សេងទៀតដែលមានភាពស្មុគស្មាញជាងមុន រួមមានកសិកម្ម ពាណិជ្ជកម្មឌីជីថល ស្តង់ដារនិងបរិស្ថានការងារ សហគ្រាសរដ្ឋ និងគោលនយោបាយនិងការអនុវត្តមិនមែនទីផ្សារ។

អ្នកតំណាងពាណិជ្ជកម្មអាមេរិកលោកស្រី ខេតធឺរីន តៃ (Katherine Tai) បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងនេះពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ និងបង្ហាញថា ប្រទេសទាំងពីរអាចធ្វើការជាមួយគ្នាដើម្បីពន្លឿនអាទិភាពពាណិជ្ជកម្មសម្រាប់ប្រជាជនរបស់ខ្លួន។

លោកស្រី តៃ បានមានប្រសាសន៍ថា៖ «យើងទន្ទឹងរង់ចាំការបន្តការចរចាទាំងនេះ និងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏រឹងមាំ និងស្តង់ដារខ្ពស់មួយ ដែលដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ចក្នុងសតវត្សទី ២១»

ការិយាល័យចរចាពាណិជ្ជកម្មរបស់កោះតៃវ៉ាន់នៅក្នុងសេចក្តីថ្លែងការណ៍មួយបានហៅកិច្ចព្រមព្រៀងនេះថា «មានសារៈសំខាន់ជាប្រវត្តិសាស្ត្រ» ហើយបាននិយាយថា កោះតៃវ៉ាន់មានបំណងបញ្ចប់ការចរចាលើបញ្ហាដែលនៅសល់ទាំងអស់នៅដំណាច់ឆ្នាំនេះ។

កិច្ចព្រមព្រៀងនេះមិនត្រូវបានរំពឹងថានឹងកែប្រែពន្ធលើទំនិញនោះទេ ប៉ុន្តែអ្នកគាំទ្រដល់កិច្ចព្រមព្រៀងនេះនិយាយថា វានឹងពង្រឹងចំណងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ បើកចំហរដីកោះនេះទៅកាន់ការនាំចេញរបស់អាមេរិកកាន់តែច្រើន និងបង្កើនសមត្ថភាពរបស់កោះតៃវ៉ាន់ក្នុងការទប់ទល់នឹងការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចពីប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕