(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមេសា និងសម្រាប់រយៈពេល ៤ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ (Zoom Meeting) ក្រោមអធិបតីភាពលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃ អគ្គនាយកដ្ឋានពន្ធដារ។

ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបង្ហាញថាក្នុង ខែមេសា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន ជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៩៨៤.៥៩ ប៊ីលានរៀល (ប្រមាណជា ២៤៣.១១ លានដុល្លារ) ស្មើនឹង ៦.៨១% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

សរុបរយៈពេល ៤ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៦,៤៤២.៥៤ ប៊ីលានរៀល (ប្រមាណជា ១,៥៩០.៧៥ លានដុល្លារ) ស្មើនឹង ៤៤.៥៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

លោក គង់ វិបុល បានថ្លែងថា ស្ថានភាពល្អប្រសើរនៃចំណូលសម្រាប់រយៈពេល ៤ខែ ឆ្នាំ២០២៣ គឺអាស្រ័យដោយស្ថានភាពនៃចំណូលពន្ធ ក្នុងខែមករា-មីនា ឆ្នាំ២០២៣ បានហក់ឡើងខ្ពស់ ហើយដែលជារដូវកាលនៃការប្រកាសនិងបង់ប្រាក់ពន្ធលើ ប្រាក់ចំណូល ប្រចាំឆ្នាំ២០២២។

ពន្ធដារ បានចុះត្រួតពិនិត្យជាក់ស្តែងតាមរោងចក្រ ដើម្បីតាមដាន និងធ្វើការថែទាំបណ្តាញនិងឧបករណ៍វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈគ្មានជាតិអាល់កុលរបស់សហគ្រាសផលិតក្នុងស្រុក (Flowmeter) ហើយបានរកឃើញមានករណីគេចវេះនិងការបំពានការអនុវត្តកាតព្វកិច្ចបំពាក់ឧបករណ៍នេះ ដែលករណីនេះអគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងចាត់វិធានការពន្ធដារយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាបាន នូវតម្លាភាពនិងការប្រកួតប្រជែងដោយស្មើភាពសម្រាប់វិស័យនេះ ព្រមទាំងធានាបាននូវនិរន្តរភាពចំណូលពន្ធដែលជាគុណប្រយោជន៍នៃថវិកាជាតិ។

អគ្គនាយកដ្ឋានពន្ធដារនឹងបន្តអនុវត្តការងារប្រកបដោយស្មារតីបុរេសកម្ម និងកាន់តែសកម្មថែមទៀត ដើម្បីបន្តធានាបាននូវនិរន្តរភាពចំណូលពន្ធ និងបន្តចុះត្រួតពិនិត្យជាក់ស្តែងតាមរោងចក្រផលិតក្នុងស្រុក ក្នុងការតាមដាន និងថែទាំបណ្តាញនិងឧបករណ៍វាស់ ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិអាល់កុល (Flowmeter) ដើម្បីបញ្ជាក់ភាពត្រឹមត្រូវ និងអនុវត្តវិធានការ។ បន្តសម្រាប់រោងចក្រ ដែលមិនអនុលោមតាមច្បាប់អគ្គនាយកដ្ឋានពន្ធដារនឹងបន្តអនុវត្តការងារប្រកបដោយ ស្មារតី បុរេសកម្ម និងកាន់តែសកម្មថែមទៀត ដើម្បីបន្តធានាបាននូវនិរន្តរភាពចំណូលពន្ធ។

បច្ចុប្បន្ន ពន្ធដារមានកំណប់ទ្រព្យដែលជាសក្តានុពលចំណូលពន្ធ តាមរយៈទិន្នន័យទទួលពីកម្មវិធីវិក្កយបត្រនាំ សំណាង (GDT Lucky Draw) និង ប្រព័ន្ធ E-Filing និង ToI E-Filing ដែលរឹងមាំនិងមានតម្លាភាព ហើយជាយន្តការសំខាន់ក្នុងការពង្រឹងការផ្ទៀងផ្ទាត់ការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធ (Cross check)។ ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ទទួលបាន ១០៨,៥៧ ប៊ីលានរៀល ប្រមាណជា ២៦,៨១ លានដុល្លារ សម្រាប់រយៈពេល ៤ខែ ឆ្នាំ២០២៣។

ពន្ធដារនឹងបន្តពង្រឹងការងារចុះបញ្ជីសហគ្រាស ឲ្យមានសុក្រឹតភាពបន្ថែមទៀត ទោះបីជាមានភាពស្មុគស្មាញ និងបញ្ហាប្រឈមយ៉ាងណាក្តី ដែលក្នុងនោះសហគ្រាសខ្លះ ចង់ចុះបញ្ជីប៉ុន្តែមានចេតនា គេចវេះពន្ធជាលក្ខណៈ ប្រព័ន្ធ ខណៈខ្លះមិនចង់ចុះបញ្ជីប៉ុន្តែមានកម្រិតផលរបរដែលត្រូវមានកាតព្វកិច្ចចុះបញ្ជី។ បន្តពង្រឹងការងារចុះបញ្ជីពន្ធដារ និងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស និងបន្ដសហការចូលរួមកែលម្អ និងជំរុញ ការងារចុះបញ្ជីសហគ្រាសតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (CamDX) ឲ្យកាន់តែមានប្រសិទ្ធភាព និងមានភាព គ្រប់ជ្រុងជ្រោយ។

លោក គង់ វិបុល ក៏បានប្រាប់ឲ្យត្រូវបន្តពង្រឹង ការអនុវត្តនូវប្រព័ន្ធកំណត់ចំណាត់ថ្នាក់នៃកម្រិតប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងទទួលខុសត្រូវ របស់ប្រធានអង្គភាព (Merit and Demerit System - MDS) ក្នុងគោលដៅពង្រឹងអភិបាលកិច្ចល្អ និងរដ្ឋបាលកិច្ចល្អ។

ការងារប្រមូលបំណុលពន្ធមានការថមថយ ដែលក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៣ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ ដោយកន្លងមក មានសហគ្រាសខ្លះបាននិងបន្តយកលេស នៃស្ថានភាពមិនប្រាកដប្រជានិង ការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល ហើយព្យាយាមពន្យារពេលឬគេចវេះពីការបង់បំណុលពន្ធ ហើយទន្ទឹមនឹងនេះ សហគ្រាសដែលធ្លាប់ទទួលបានការអនុញ្ញាត ឲ្យបង់ជាដំណាក់កាល ក៏មានការយឺតយ៉ាវក្នុងការបង់បំណុលពន្ធ និងបន្តស្នើសុំពន្យារពេលបង់ពន្ធតាមកាលកំណត់ផងដែរ។

អគ្គនាយកដ្ឋានពន្ធដារ ក៏បានពិគ្រោះយោបល់ជូនអ្នកជាប់ពន្ធតាម Call Center 1277, GDT Live Chat, Facebook, E-Mail, GDT News Channel និងពិគ្រោះយោបល់ដោយផ្ទាល់ សរុបចំនួន ៣៦ ៣០៩ ករណី ក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៣៕