(ញូវយ៉ក)៖ របាយការណ៍របស់អង្គការសហប្រជាជាតិបានចេញផ្សាយនៅថ្ងៃអង្គារថា កំណើនសេដ្ឋកិច្ចសកលត្រូវបានព្យាករថានឹងកើនឡើង ២,៣ ភាគរយនៅឆ្នាំ ២០២៣ ដែលកើនឡើង ០,៤ពិន្ទុភាគរយធៀបនឹងការព្យាករនៅខែមករា ហើយនឹងកើនឡើង ២,៥ភាគរយសម្រាប់ឆ្នាំ២០២៤ ដែលធ្លាក់ចុះ ០,២ពិន្ទុភាគរយ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចពិភពលោក និងចក្ខុវិស័យដែលចេញដោយនាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិថា៖ «ទោះបីជាមានការកើនឡើងក៏ដោយ ក៏អត្រាកំណើននៅតែទាបជាងអត្រាកំណើនជាមធ្យមក្នុងរយៈពេលពីរទសវត្សរ៍មុនពេលមានជំងឺរាតត្បាតដែលមានអត្រា ៣,១ភាគរយ»

ការព្យាកររបស់អង្គការសហប្រជាជាតិមានកម្រិតទាបជាងការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានឱ្យដឹងកាលពីដើមឆ្នាំនេះថា កំណើនសេដ្ឋកិច្ចសកលនឹងធ្លាក់ចុះមកត្រឹម ២,៩ភាគរយនៅឆ្នាំ២០២៣ ពី ៣,៤ភាគរយនៅឆ្នាំ២០២២ ហើយសម្រាប់ឆ្នាំ២០២៤ នឹងកើនឡើងបន្តិចដល់ ៣,១ភាគរយ។

អង្គការសហប្រជាជាតិបានឱ្យដឹងថា បើទោះជាចក្ខុវិស័យសម្រាប់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចិនមានភាពប្រសើរឡើងក្តី «ក៏សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ចក្ខុវិស័យកំណើនសេដ្ឋកិច្ចបានធ្លាក់ចុះ ក្នុងគ្រាដែលមានការរឹតបន្តឹងលក្ខខណ្ឌឥណទាន និងការកើនឡើងការចំណាយហិរញ្ញប្បទានខាងក្រៅ»។

របាយការណ៍ដដែលនេះបានឱ្យដឹងទៀតថា៖ «សេដ្ឋកិច្ចរបស់ប្រទេសអភិវឌ្ឍន៍តិចតួចត្រូវបានព្យាករថានឹងកើនឡើង ៤,១ភាគរយនៅឆ្នាំ២០២៣ និង ៥,២ភាគរយនៅឆ្នាំ២០២៤ ដែលទាបជាងទិសដៅកំណើន ៧ភាគរយដែលបានកំណត់ក្នុងរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព»។

របាយការណ៍នេះបានព្យាករពីកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដែលមានអត្រា ១,១ភាគរយក្នុងឆ្នាំ២០២៣ កើនឡើងពីការព្យាករ ០,៤ភាគរយនៅក្នុងខែមករា។ កំណើនសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបត្រូវបានព្យាករថាមាន ០,៩ភាគរយក្នុងឆ្នាំ២០២៣ កើនឡើងពី ០,២ភាគរយ ហើយកំណើនសេដ្ឋកិច្ចរបស់ចិនត្រូវបានព្យាករថាកើនឡើង ៥,៣ភាគរយ កើនឡើងពី ៤,៨ភាគរយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕