(ហូជីមិញ)៖ ក្រុមហ៊ុននាំចេញផ្លែស្រកានាគរបស់វៀតណាមត្រូវបានរំពឹងថានឹងជួបការលំបាកនៅឆ្នាំនេះ ខណៈដែលប្រទេសជាច្រើនបានដាំផ្លែឈើប្រភេទនេះ និងធ្វើឱ្យទីផ្សារអន្តរជាតិប្រកួតប្រជែងកាន់តែខ្លាំង។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។

កាសែត VN Express បានរាយការណ៍ថា បើយោងតាមអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមបានធ្លាក់ចុះចាប់តាំងពីឆ្នាំ២០១៩មក។

នៅឆ្នាំ២០២១ និង២០២២ ការនាំចេញផ្លែស្រការនាគមិនបាននាំយកទឹកប្រាក់រាប់ពាន់លានដុល្លារដូចធ្លាប់ទទួលបានកន្លងមកទេ។ ការនាំចេញផ្លែស្រកានាគកាលពីឆ្នាំមុនមានតម្លៃត្រឹមតែ ៦៣២លានដុល្លារប៉ុណ្ណោះ ធ្លាក់ចុះ ៣៩% ធៀបនឹងឆ្នាំ២០២១ និងធ្លាក់ចុះ ៤៩% ធៀបនឹងបរិមាណខ្ពស់បំផុតក្នុងឆ្នាំ២០១៩។

យោងតាមកាសែត VN Express ក្នុងរយៈពេលពីរខែដំបូងក្នុងឆ្នាំនេះ ការនាំចេញមានតម្លៃត្រឹមតែ ១០៦លានដុល្លារប៉ុណ្ណោះ ពោលគឺធ្លាក់ចុះ ២៦,៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ពាណិជ្ជករវៀតណាមម្នាក់ឈ្មោះ Hoa នៅខេត្តប៊ិញធួន (Binh Thuan) បាននិយាយថា ចាប់តាំងពីខែមករាមក ការនាំចេញមានការថយចុះ។ អ្នកស្រីបានមានប្រសាសន៍ថា៖ «យើងធ្លាប់នាំចេញរាប់សិបតោនក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវនេះមានតែពាក់កណ្តាលប៉ុណ្ណោះ»

វៀតណាមនាំចេញផ្លែស្រកានាគទៅកាន់ជាង ១៥ប្រទេស និងដែនដី រួមទាំងទៅកាន់ទីផ្សារនានាដែលកំណត់ស្តង់ដារគុណភាពខ្ពស់សម្រាប់ការនាំចូលដូចជា សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង ណូវែលសេឡង់ និងអូស្ត្រាលីជាដើម។

វៀតណាមធ្លាប់មានចំណែក ៨០% ទៅ ៩០% នៃការនាំចេញទូទាំងពិភពលោកកាលពីអតីតកាល ប៉ុន្តែដោយសារប្រទេសជាច្រើនចាប់ផ្តើមដាំផ្លែឈើប្រភេទនេះ និងនាំចេញដែរនោះ ការប្រកួតប្រជែងកាន់តែខ្លាំងក្លា ដែលបណ្តាលឱ្យចំណែកទីផ្សារនាំចេញរបស់វៀតណាមធ្លាក់ចុះយ៉ាងខ្លាំង។

លោក Nguyen Dinh Tung នាយកប្រតិបត្តិក្រុមហ៊ុន Vina T&T Import and Export Company បាននិយាយថា ប្រទេសចិនឥឡូវនេះកំពុងដាំដុះផ្លែស្រកានាគដែរ ដូច្នេះហើយប្រទេសនេះមិននាំចូលពីប្រទេសផ្សេងទៀតទេ រួមទាំងពីវៀតណាមផងដែរ សូម្បីតែបន្ទាប់ពីបើកដំណើរការឡើងវិញ ក៏ចិនមិននាំចូលដែរ។

នៅចុងខែកុម្ភៈ ប្រទេសចិនបានប្រកាសថា ខ្លួនបានប្រមូលផលផ្លែស្រកានាគចំនួន ១,៦លានតោន ដែលច្រើនជាងទិន្នផលរបស់វៀតណាមចំនួន ២សែនតោន និងជិតបំពេញតម្រូវការប្រចាំឆ្នាំរបស់ប្រទេសនេះដែលមានចំនួន ២លានតោន។
ឥណ្ឌាក៏បានដាំផ្លែឈើប្រភេទនេះដោយជោគជ័យដែរ។ ម៉ិកស៊ិកបានក្លាយជាគូប្រជែងមួយផ្សេងទៀត ដោយដណ្តើមយកចំណែកនៃការនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារសំខាន់ៗដូចជាសហរដ្ឋអាមេរិក និងកាណាដាជាដើម។ នេះបើយោងតាមកាសែត VN Express៕