(កូឡុំបូ)៖ មន្ត្រីមូនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងនៅសប្តាហ៍នេះថា ក្រុមការងារបេសកកម្មខ្លួននៅក្នុងប្រទេសស្រីលង្កា នឹងវាយតម្លៃវឌ្ឍនភាពកំណែទម្រង់ដែលបានធ្វើឡើងរហូតមកដល់ពេលនេះ និងបញ្ចប់កិច្ចការក្នុងការកែលម្អអភិបាលកិច្ចក្នុងវិស័យសំខាន់ៗនៃសេដ្ឋកិច្ចរបស់ប្រទេសនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមមន្ត្រីមូលនិធិ IMF កំពុងស្ថិតនៅក្នុងទីក្រុងកូឡុំបូរហូតដល់ថ្ងៃទី២៣ ខែឧសភា ដែលជាផ្នែកមួយនៃការពិគ្រោះយោបល់ជាប្រចាំមុនពេលធ្វើបេសកកម្មសម្រាប់ការត្រួតពិនិត្យលើកដំបូងនាពេលក្រោយក្នុងឆ្នាំនេះ។ ក្រុមបេសកកម្មនេះបានជួបជាមួយមន្ត្រីជាច្រើនរួមទាំងលោកប្រធានាធិបតី Ranil Wickremesinghe ដែលក៏ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ស្រីលង្កាផងដែរ។

លោក Krishna Srinivasan ប្រធាននាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិកនៃមូលនិធិ IMF បានថ្លែងនិយាយថា៖ «ឥឡូវនេះវាចាំបាច់ណាស់ក្នុងការបន្តធ្វើកំណែទម្រង់»

លោក Peter Breuer ប្រធានបេសកកម្មជាន់ខ្ពស់នៃមូលនិធិ IMF ប្រចាំប្រទេសស្រីលង្កាស្ថិតក្រោមនាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិក បាននិយាយថា មូលនិធិ IMF នឹងពិនិត្យមើលថាតើក្របខ័ណ្ឌម៉ាក្រូរបស់រដ្ឋាភិបាលស្រីលង្កានៅតែសមរម្យ ឬទាមទារឱ្យមានការកែសម្រួលដែរ។

លោកមានប្រសាសន៍ថា៖ «នេះជាអ្វីដែលយើងនឹងសម្រេចចិត្តឆ្ពោះទៅរកការបញ្ចប់បេសកកម្មនេះ ថាតើត្រូវធ្វើការកែប្រែកម្រិតណា»

អាជ្ញាធរស្រីលង្កាបានបង្ហាញជាផ្លូវការនូវសំណើសុំដោះស្រាយបញ្ហាបំណុលនៅក្នុងកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការម្ចាស់បំណុលទ្វេភាគីជាផ្លូវការ ដែលរួមមានប្រទេសឥណ្ឌា និងសមាជិកក្លឹបប៉ារីសកាលពីដើមខែនេះ។ ប្រទេសចិន ដែលជាប្រទេសផ្តល់ប្រាក់កម្ចីទ្វេភាគីដ៏ធំបំផុតរបស់ប្រទេសដីកោះនេះ បានចូលរួមជាអ្នកសង្កេតការណ៍។

លោក Srinivasan បានថ្លែងថា ការអនុវត្តអភិបាលកិច្ចនឹងកំណត់ចំណុចខ្សោយសំខាន់ៗ និងភាពងាយរងគ្រោះនៃអំពើពុករលួយនៅទូទាំងវិស័យសំខាន់ៗចំនួនប្រាំមួយ រួមទាំងអភិបាលកិច្ចធនាគារកណ្តាល ការត្រួតពិនិត្យវិស័យហិរញ្ញវត្ថុ បទប្បញ្ញត្តិទីផ្សារ និងផ្នែកផ្សេងទៀត។

របាយការណ៍នេះត្រូវបានរំពឹងថានឹងបញ្ចប់នៅខែកញ្ញាខាងមុខ ហើយដាក់ចេញនូវអនុសាសន៍នានាដើម្បីកែលម្អអភិបាលកិច្ច និងកាត់បន្ថយអំពើពុករលួយនាពេលខាងមុខ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕