(បាងកក)៖ ទិន្នន័យផ្លូវការបានបង្ហាញនៅសប្តាហ៍នេះថា សេដ្ឋកិច្ចរបស់ប្រទេសថៃបានកើនឡើងខ្ពស់ជាងការរំពឹងទុកនៅក្នុងត្រីមាសទីមួយឆ្នាំនេះដោយសារការស្ទុះងើបឡើងវិញនៃការប្រើប្រាស់ឯកជន និងទេសចរណ៍។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍នេះមានភាពយឺតយ៉ាវជាងប្រទេសផ្សេងទៀតនៅក្នុងតំបន់ដោយសារកូវីដ-១៩ ប៉ុន្តែបានកើនសន្ទុះមកវិញ ខណៈដែលភ្ញៀវទេសចរចិនបានត្រឡប់មកវិញក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះដែលជួយជំរុញការងារ និងតម្រូវការក្នុងស្រុក។ ការស្ទុះងើបឡើងវិញនៃវិស័យនេះត្រូវបានរំពឹងថានឹងជួយប៉ះប៉ូវដល់ផលប៉ះពាល់ពីការធ្លាក់ចុះការនាំចេញ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ទីភ្នាក់ងាររៀបចំផែនការរដ្ឋរបស់ប្រទេសថៃបានបញ្ជាក់ជាថ្មីអំពីចក្ខុវិស័យកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំ២០២៣ ខណៈប្រទេសនេះកំពុងរង់ចាំការបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីគណបក្សប្រឆាំងទទួលបានជ័យជំនះក្នុងការបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃអាទិត្យ។

យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) របស់ប្រទេសថៃ បានបង្ហាញថា ប្រទេសដែលមានសេដ្ឋកិច្ចធំទីពីរនៅតំបន់អាស៊ីអាគ្នេយ៍នេះសម្រេចបានកំណើនសេដ្ឋកិច្ច ២,៧ភាគរយក្នុងអំឡុងខែមករាដល់ខែមីនាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រទេសថៃសម្រេចបានទិសដៅទេសចរណ៍របស់ខ្លួននៅឆ្នាំ២០២២ ដែលមានភ្ញៀវបរទេសចំនួន ១១,១៥លាននាក់។ មុនជំងឺរាតត្បាតឆ្នាំ២០១៩ ថៃទទួលបានភ្ញៀវទេសចរបរទេសជិត ៤០លាននាក់ ដែលភ្ញៀវទាំងនោះបានចំណាយប្រាក់ ១,៩១ពាន់ពាន់លានបាត (៥៦ពាន់លានដុល្លារ)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕