(ប៉េកាំង)៖ ក្រុមហ៊ុនផលិតរថយន្ត Ford បានឱ្យដឹងនៅថ្ងៃចន្ទថា ខ្លួនកំពុងធ្វើការងារដើម្បីកាត់បន្ថយការចំណាយនៅក្នុងប្រទេសចិន ខណៈដែលក្រុមហ៊ុនព្យាយាមងើបឡើងវិញពីការធ្លាក់ចុះការលក់ក្នុងរយៈពេលយូរនៅប្រទេសចិនដែលជាទីផ្សាររថយន្តធំបំផុតរបស់ពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

អ្នកតំណាងរបស់ក្រុមហ៊ុន Ford China បានប្រាប់រ៉យទ័រក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការចំណាយរបស់យើងមិនមានលក្ខណៈប្រកួតប្រជែងទេ ហើយយើងកំពុងធ្វើការផ្ទៃក្នុង និងជាមួយដៃគូរបស់យើងដើម្បីកាត់បន្ថយការចំណាយលើគ្រប់វិស័យ»

ក្រុមហ៊ុនបានបន្ថែមថា៖ «យើងអាចឈ្នះបានលុះត្រាតែស្ថានប័នសន្សំសំចៃនិងមានភាពរហ័សរហួន។ វិធានការទាំងនេះមានភាពចាំបាច់សម្រាប់ពួកយើងក្នុងការកសាងអាជីវកម្មដែលមានសុខភាពល្អ និងប្រកបដោយនិរន្តរភាពជាងមុននៅក្នុងប្រទេសចិន»

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសចិនបានរាយការណ៍កាលពីសប្តាហ៍មុនដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះថា ក្រុមហ៊ុន Ford China គ្រោងនឹងកាត់បន្ថយការងារចំនួន ១ ៣០០កន្លែងនៅក្នុងប្រទេសចិន។

ក្រុមហ៊ុនមិនបានធ្វើអត្ថាធិប្បាយអំពីរបៀបដែលខ្លួននឹងកាត់បន្ថយការចំណាយនោះទេ។

ទិន្នន័យឧស្សាហកម្មបានបង្ហាញថា ការលក់របស់ក្រុមហ៊ុន Ford នៅក្នុងប្រទេសចិនបានធ្លាក់ចុះចាប់តាំងពីឆ្នាំ២០១៦មក ប៉ុន្តែការនាំចេញរបស់ក្រុមហ៊ុនពីប្រទេសនេះបានកើនឡើងជិតទ្វេដងក្នុងឆ្នាំ២០២២។

លោក Jim Farley នាយកប្រតិបត្តិក្រុមហ៊ុន Ford China បាននិយាយកាលពីខែមេសាថា ក្រុមហ៊ុន Ford ក៏នឹងរៀបចំរចនាសម្ព័ន្ធប្រតិបត្តិការនៅក្នុងប្រទេសចិនរបស់ខ្លួនឡើងវិញផងដែរ ដើម្បីប្រែក្លាយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ខ្លួនឱ្យទៅជាមជ្ឈមណ្ឌលនាំចេញសម្រាប់រថយន្តអគ្គិសនី និងរថយន្តចំហេះខាងក្នុង (combustion vehicles) ដែលមានការចំណាយទាប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕