(ភ្នំពេញ)៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដែលជាអង្គភាពរបស់រដ្ឋចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា ទទួលបានចំណូលជាង២០លានដុល្លារអាមេរិក កើនឡើង១.២១% និងទទួលបានប្រាក់ចំណេញប្រមាណ៩.២លានដុល្លារ កើនឡើង ២៦​.៨០% ខណៈការប្រជុំបែងចែកភាគហ៊ុនិកនឹងធ្វើឡើងនៅចុងខែឧសភានេះ។ ​នេះបើយោងតាមទិន្នន័យបង្ហាញដោយទីផ្សារមូលបត្រកម្ពុជា(CSX) នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ។

ទិន្នន័យដដែលនេះបានបញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​ ទទួលបានចំណូលចំនួនជាង៨៣ពាន់លានរៀល (៨៣ ០១១ ៦១៣ ០០០ រៀល) ឬប្រមាណ ២០លានដុល្លារ កើនឡើងចំនួន ជាង៩៩១លានរៀល ស្មើនឹង១.២១%​, ចំណេញប្រតិបត្តិការចំនួន២៦​ពាន់លានរៀល ថយចុះចំនួន ៥ពាន់លានរៀល ស្មើនឹង ១៦.១២% និងចំណេញសុទ្ធ ចំនួនជាង៣៨ពាន់លានរៀល កើនឡើងចំនួនជាង៨ពាន់លានរៀល ស្មើនឹង២៦.៨០% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២២។

មូលហេតុចម្បងនៃការកើនឡើងចំណូល ថយចុះចំណេញប្រតិបត្តិការ និងកើនឡើងចំពេញសុទ្ធក្នុងត្រីមាសទី១ឆ្នាំ២០២៣នេះ គឺដោយសារ ចំណូលការប្រាក់សុទ្ធ កើនចំនួន៦.២ពាន់លានរៀល ស្មើនឹង៧១.៩១%។ ពន្ធលើប្រាក់ចំណូលបានថយចុះចំនួនជាង៧ពាន់លានរៀល ស្មើនឹង ៦៧.៩៥% ទោះបីជាការចំណាយបានកើនឡើងចំនួនជាង៦.១ពាន់លានរៀល ស្មើនឹង១២​.៣២%ក៏ដោយ។

​​​​​​លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងធ្វើការកោះប្រជុំភាគហ៊ុនិក ឬរៀបចំមហាសន្និបាទភាគហ៊ុនិក នៅថ្ងៃទី២៦ ខែឧសភា ខាងមុខនេះ ដើម្បីកំណត់ការបែងចែកភាគលាភទៅតាមកម្រិតភាគហ៊ុនរបស់ម្ចាស់ភាគហ៊ុននីមួយៗ។

លោកមានប្រសាសន៍បន្តថា ភាគហ៊ុនរដ្ឋាករទឹក ជាភាគហ៊ុនមួយដែលមានស្ថេរភាពល្អ។ ទោះបីជាការដាក់ឱ្យដំណើរការសាកល្បងនៃរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង មិនទាន់ជះឥទ្ធិពលដល់តម្លៃហ៊ុនរបស់រដ្ឋាករទឹកនាពេលបច្ចុប្បន្ននៅឡើយ ប៉ុន្តែនៅពេលខាងមុខ ពេលមានរោងចក្រផលិតកម្ម​ និងផលិតបានទឹកស្អាតបានបន្ថែម ដែលនឹងធ្វើឱ្យបរិមាណនៃការលក់របស់រដ្ឋាករទឹកនឹងកើនឡើង ​នឹងធ្វើឱ្យស្ថានភាពអាជីវកម្ម ប្រាក់ចំណូល និងប្រាក់ចំណេញរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកើនឡើង ។ កត្តានេះនឹងធ្វើឱ្យវិនិយោគ​ចាប់ផ្តើមពិចារណា និងធ្វើការសម្រេចចិត្តជាថ្មី។

លោកបានឱ្យដឹងថា ចាប់ពីឆ្នាំ២០១៧មកភាគហ៊ុនរបស់រដ្ឋាករទឹកមានទំនោរកើនឡើងជាប្រចាំ ដែលមកដល់ពេលនេះកើនឡើងជិត៣ដង បើធៀបនឹងកាលពីឆ្នាំ២០១៧ ដែលជាសញ្ញាណមួយបញ្ជាក់ថាវិនិយោគិនកាន់តែច្រើនមើលឃើញពីសក្តានុពល និងទំនុកចិត្តលើអាជីវកម្មរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​៕