(ភ្នំពេញ)៖ លោក តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការ តម្រង់ទិសសម្រាប់ការសាងសង់ អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះបានបញ្ជាក់ឲ្យដឹងថា ការធ្វើតេស្ដសាកល្បងហោះហើរលើកទី១ នៅអាកាសយានដ្នានអន្ដរជាតិ សៀមរាបអង្គរ សម្រេចបានជោគជ័យ ១០០% ទៅតាមស្ដង់ដារអាកាសចរស៊ីវិលអន្ដរជាតិ។

ការធ្វើតេស្ដសាកល្បងហោះហើរ នៅអាកាសយានដ្នានអន្ដរជាតិ សៀមរាបអង្គរខាងលើនេះ ធ្វើឡើងទៅតាមផែនការដែលបានគ្រោងទុក ដើម្បីសំដៅសម្រេចឲ្យបានការដាក់ដំណើរការជាផ្លូវការ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក តឹករ៉េត សំរេច បានបញ្ជាក់ថា «ការធ្វើតេស្ដសាកល្បងហោះហើរ នៅអាកាសយានដ្ឋានអន្ដរជាតិ សៀមរាបអង្គរ គឺធ្វើឡើងចំនួន៣ ទៅ៤ដង ហើយការធ្វើតេស្ដលើកទី១នេះដែលទើបបច្ចប់នេះ គឺជាការធ្វើតេស្ដប្រព័ន្ធរ៉ាដា ដែលទទួលបានជោគជ័យ ស្របតាមស្តង់ដារអន្តរជាតិ»។

លោករដ្ឋមន្ត្រីបន្ថែមថា ការធ្វើតេស្ដលើកទី២ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ហើយសម្រាប់ការធ្វើតេស្តសាកល្បងទាំង៤លើក គ្រោងនឹងបញ្ចប់នៅក្នុងខែកក្កដា ឆ្នាំ២០២៣ ប៉ុន្តែបើមានបញ្ហាត្រូវកែតម្រូវ អាចមានរយៈពេលលើសពីនេះ។

ជាមួយគ្នានេះ លោក តឹករ៉េត សំរេច បានឲ្យដឹងថា គិតមកដល់ពេលនេះគម្រោងអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មី សម្រេចបាន ៩៥%ហើយ នៅសល់តែការងារលើប្រព័ន្ធបច្ចេកវិទ្យាមួយចំនួនតូចទៀតតែប៉ុណ្ណោះ ហើយក៏អត់មានសញ្ញាអ្វី ដែលធ្វើឲ្យមានភាពយឺតយ៉ាវដល់ពេលវេលាដាក់ឲ្យដំណើរការនោះដែរ។

គូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណជិត១ពាន់លានដុល្លារ។

អាកាសយានដ្ឋានអន្តរជាតិនេះ បាននិងកំពុងដំណើរការសាងសង់លើផ្ទៃដីប្រមាណជា ៧០០ហិកតា ស្ថិតនៅក្នុងភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប និងចម្ងាយ ៤០គីឡូម៉ែត្រ ពីរមណីយដ្ឋានអង្គរ ដែលចម្ងាយនេះមិនធ្វើឲ្យប៉ះពាល់ ដល់តំបន់ការពារបេតិកភណ្ឌនោះទេ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4E ជាមួយផ្លូវបត់រត់ប្រវែង ៣,៦០០ម៉ែត្រ មានសមត្ថភាពឲ្យយន្តហោះគ្រប់ប្រភេទចុះចតបាន ដោយបំពាក់បច្ចេកវិទ្យាថ្មីបំផុត សម្រាប់សុវត្ថិភាព និងសន្តិសុខដល់អ្នកដំណើរ។ អាកាសយានដ្ឋានមានចំណតយន្តហោះរហូតដល់ទៅ ៣៨។

នៅពេលដាក់ឲ្យដំណើរ ដែលគ្រោងធ្វើឡើងនៅខែតុលា ឆ្នាំ២០២៣ អាកាសយានដ្ឋាននេះអាចមានសមត្ថភាពទទួលអ្នកដំណើរប្រមាណ ៧លាននាក់ក្នុងមួយឆ្នាំ។ នៅក្នុងដំណាក់កាលទី២ អាចទទួលអ្នកដំណើរដល់ ១០លាននាក់ក្នុងមួយឆ្នាំ ហើយដំណាក់កាលទី៣ អាចទទួលអ្នកដំណើរបានរហូតដល់ ២០លាននាក់នៅក្នុងមួយឆ្នាំ៕