(បាងកក)៖ របាយការណ៍ថ្មីមួយបានបង្ហាញថា តំបន់អាស៊ីអាគ្នេយ៍ និងប្រទេសចិនបានងើបឡើងក្លាយជាទិសដៅឈានមុខគេពីរសម្រាប់ការពង្រីកអាជីវកម្មនៅក្រៅប្រទេសពីសំណាក់ក្រុមហ៊ុននៅអាស៊ី ខណៈដែល ៨៣% នៃក្រុមហ៊ុនទាំងនោះចង់ពង្រីកអាជីវកម្មទៅក្រៅប្រទេស។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់របាយការណ៍ស្តីពីចក្ខុវិស័យធុរកិច្ចដែលចេញផ្សាយដោយធនាគារ United Overseas Bank (UOB) របស់សិង្ហបុរីដែលបានស្ទង់មតិសហគ្រាសធុនតូច និងមធ្យម (SMEs) ជាង ៤ពាន់សហគ្រាសនៅក្នុងតំបន់ និងសហគ្រាសធំៗនៅអាស៊ីថា ក្រុមហ៊ុនអាជីវកម្មជាង ៤ ក្នុងចំណោម ៥ មានគម្រោងពង្រីកអាជីវកម្មទៅក្រៅប្រទេសក្នុងរយៈពេលបីឆ្នាំខាងមុខ។

ក្រុមហ៊ុនអាជីវកម្មនៅក្នុងប្រទេសឥណ្ឌូនេស៊ី ចិន ថៃ និងវៀតណាមកំពុងសម្លឹងមើលការបង្កើនប្រាក់ចំណូល និងប្រាក់ចំណេញរបស់ពួកគេនៅទីផ្សារអន្តរជាតិ ប៉ុន្តែរបាយការណ៍ដដែលនេះបានក៏បានបង្ហាញផងដែរថា ក្នុងចំណោមអ្នកឆ្លើយតបនៅទីក្រុងហុងកុង ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ក្រុមហ៊ុនទាំងនោះមានការស្ទាក់ស្ទើរក្នុងការពង្រីកអាជីវកម្មទៅក្រៅប្រទេស។

ប្រហែលពាក់កណ្តាលនៃអ្នកឆ្លើយតបបានឱ្យដឹងថា សិង្ហបុរីគឺជាប្រទេសដ៏សំខាន់មួយនៅអាស៊ីអាគ្នេយ៍សម្រាប់ការពង្រីកអាជីវកម្ម បន្ទាប់មកគឺប្រទេសថៃ (៤៥%) និងម៉ាឡេស៊ី (៤៥%) ។ ជិត ៨០% នៃអ្នកឆ្លើយតបបាននិយាយថា បរិយាកាសធុរកិច្ចបច្ចុប្បន្ននៅក្នុងតំបន់មានភាពវិជ្ជមាន។

ទន្ទឹមនឹងនេះដែរ របាយការណ៍បានបង្ហាញថា មានតែក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចំនួន៤ ប៉ុណ្ណោះដែលចង់ពង្រីកអាជីវកម្មក្រៅតំបន់អាស៊ី។

បើគិតតាមវិស័យវិញ ក្រុមហ៊ុននៅក្នុងវិស័យឧស្សាហកម្ម វិស័យប្រេង និងឧស្ម័ន (88%) បានបង្ហាញចំណាប់អារម្មណ៍ខ្លាំងលើការពង្រីកអាជីវកម្មទៅក្រៅប្រទេស បន្ទាប់មកសហគ្រាសពាណិជ្ជកម្មលក់ដុំ បច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ និងទូរគមនាគមន៍។

របាយការណ៍ដដែលនេះបានកត់សម្គាល់ថា ក្រុមហ៊ុនអាជីវកម្មភាគច្រើនបានលើកឡើងពីតម្រូវការឱ្យមានការគាំទ្របន្ថែមទៀតក្នុងការបណ្តាក់ទុននៅក្រៅប្រទេស ដោយសារបញ្ហាប្រឈមមួយចំនួនរួមមានកង្វះបុគ្គលិកជំនាញនៅប្រទេសក្នុងស្រុក ការលំបាកក្នុងការស្វែងរកដៃគូល្អដើម្បីធ្វើការជាមួយគ្នា និងកង្វះការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ និងការគាំទ្រផ្នែកពន្ធ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

លោក Eric Lian ប្រធានផ្នែកធនាគារពាណិជ្ជនៅធនាគារ UOB បានថ្លែងថា៖ «ក្រុមហ៊ុនអាជីវកម្មនៅក្នុងប្រទេសចិនចង់បានទំនាក់ទំនងជាមួយដៃគូឧស្សាហកម្ម និងលទ្ធភាពទទួលបានការវិភាគនិងទិន្នន័យស៊ីជម្រៅអាជីវកម្ម។ ម៉្យាងវិញទៀតក្រុមហ៊ុននៅអាស៊ីអាគ្នេយ៍បាននិយាយថា ពួកគេចង់បានការលើកទឹកចិត្តផ្នែកពន្ធបន្ថែមទៀត និងជម្រើសហិរញ្ញប្បទានប្រកបដោយនិរន្តរភាព»