(សិង្ហបុរី)៖ ទីភ្នាក់ងារអាហារសិង្ហបុរី (SFA) បានប្រកាសកាលពីថ្ងៃអាទិត្យថា ប្រទេសសិង្ហបុរីបានចាប់ផ្តើមនាំចូលមាន់រស់ពីកសិដ្ឋានមួយក្នុងប្រទេសឥណ្ឌូណេស៊ីហើយ។ នេះបើយោងតាមកាសែត Channel News Asia។

កាលពីខែមិថុនាឆ្នាំមុន ប្រទេសសិង្ហបុរីបានដាក់បញ្ចូលប្រទេសឥណ្ឌូណេស៊ីធ្វើជាប្រភពថ្មីមួយសម្រាប់ការនាំចូលសាច់មាន់ក្លាសេ សាច់មាន់កក និងកែច្នៃ បន្ទាប់ពីប្រទេសម៉ាឡេស៊ីបានបិទការនាំចេញមាន់ទៅកាន់ប្រទេសដីកោះមួយនេះដោយសារបារម្ភពីសន្តិសុខអាហារក្នុងប្រទេសរបស់ខ្លួន។

កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់សារបង្ហោះលើទំព័រហ្វេសប៊ុករបស់ទីភ្នាក់ងារ SFA កាលពីថ្ងៃអាទិត្យថា កសិដ្ឋានមួយនៅក្នុងប្រទេសឥណ្ឌូណេស៊ីដែលគ្មានជំងឺគ្រុនផ្តាសាយបក្សីត្រូវបានអនុម័តថាជាប្រភពមាន់រស់ថ្មីមួយសម្រាប់ប្រទេសសិង្ហបុរី។

ការនាំចេញដំបូងពីប្រទេសឥណ្ឌូណេស៊ីបានទៅដល់ប្រទេសសិង្ហបុរីនៅព្រឹកថ្ងៃសៅរ៍តាមសមុទ្រ។

លោក Koh Poh Koon ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងនិរន្តរភាព និងបរិស្ថានបានមានប្រសាសន៍ថា៖ «ដោយមានការអនុម័តឱ្យនាំចូលពីកសិដ្ឋានថ្មីនេះ អ្នកប្រើប្រាស់ និងអាជីវកម្មរបស់ប្រទេសសិង្ហបុរីនឹងមានជម្រើសកាន់តែច្រើនសម្រាប់សាច់មាន់ ដែលពង្រឹងបន្ថែមទៀតនូវភាពធន់នៃការផ្គត់ផ្គង់មាន់របស់យើង»

លោកបានបន្ថែមថា៖ «ទោះបីជាយើងបន្តធ្វើពិពិធកម្មប្រភពនាំចូលរបស់យើងក៏ដោយ យើងត្រូវតែត្រៀមខ្លួនចំពោះការរំខានការផ្គត់ផ្គង់ស្បៀងពីពេលមួយទៅពេលមួយ»

លោកបានជំរុញឱ្យប្រជាជនមានភាពបត់បែនជាមួយនឹងជម្រើសអាហាររបស់ពួកគេ និងជ្រើសរើសជម្រើសនានាដូចជាអាហារកក ឬជម្រើសប្រូតេអ៊ីនផ្សេងទៀត៕