(ភ្នំពេញ)៖ អ្នកជំនួញ និងអ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជា បានលើកឡើងការប្រើប្រាស់រូបិយបណ្ណក្នុងស្រុករបស់ប្រទេសនីមួយៗ ក្នុងការទូទាត់ប្រាក់តាមរយៈ QR Code នៅក្នុងតំបន់អាស៊ាន នឹងកាន់តែផ្តល់ភាពងាយស្រួលដល់ទូទាត់ទំនិញ ជំរុញការធ្វើពាណិជ្ជកម្មក្នុងតំបន់ និងលើកកិត្យានុភាពអាស៊ាន។

នៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី ថ្នាក់ដឹកនាំអាស៊ាន បានឯកភាពរួមគ្នា លើការពន្លឿនការតភ្ជាប់ទូរទាត់តំបន់ និងការលើកកម្ពស់ការផ្ទេររូបីយវត្ថុក្នុងស្រុក តាមរយៈកម្ពស់ការតភ្ជាប់ការទូទាត់ឌីជីថល នៅទូទាំងតំបន់អាស៊ាន ដែលអាចនឹងបង្កើត QR Code អាស៊ាន ប្រហាក់ប្រហែលគ្នានឹង QR Code ដែលមានរួចហើយរវាងឥណ្ឌូនេស៊ី និងថៃ ក៏ដូចជារវាងឥណ្ឌូនេស៊ី និងសិង្ហបុរីដែរ។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះថា ការជំរុញការទូទាត់ប្រាក់របស់ប្រទេសនីមួយៗ ឬការទូទាត់តាមរយៈ QR Code នៅក្នុងតំបន់អាស៊ាន គឺការចង់បានរបស់វិស័យឯកជន ដើម្បីងាយស្រួលក្នុងការទូទាត់ទំនិញ ខណៈដែលកន្លងមកការទូទាត់ទំនិញ ត្រូវធ្វើឡើងជាប្រាក់ដុល្លារអាមេរិក និងក្រោយមកមានការទូទាត់ជាប្រាក់យ័នចិនបន្ថែម ដែលធ្វើឱ្យការទូទាត់ប្រាក់ត្រូវចំណាយពេល និងខាតអត្រាប្តូរប្រាក់។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា «នៅពេលដែលយើងមាន QR Code យើងនឹងកាន់តែងាយស្រួល ក្នុងការជួញដូរទំនិញនៅក្នុងថ្នាក់តំបន់ និងឈានទៅថ្នាក់អន្តរជាតិទៀត។ ដូច្នេះនេះជារឿងមួយល្អប្រសើរណាស់ ក្នុងការទូទាត់ទំនិញ កន្លងមកយើងមានជាមួយថៃដែរហើយ និងប្រទេសជិតខាងខ្លះទៀត ប៉ុន្តែឥលូវបើមានដល់ថ្នាក់អាស៊ានកាន់តែប្រសើរសម្រាប់ក្នុងការទូទាត់ ព្រោះកន្លងមកភាគច្រើន យើងទូទាត់ទំនិញជាប្រាក់ដុល្លារទេ ហើយវាធ្វើឱ្យការប្តូរអីវាយឺតយ៉ាវផង ហើយខាតទៀត បើយើងទូទាត់តាមរយៈរូបិយវត្ថុរៀងៗខ្លួន ហើយទូទាត់តាមរយៈ QR Code នេះវា កាន់តែងាយស្រួលកាន់តែលឿន និងមិនខាតបង់អត្រាប្តូរប្រាក់ច្រើន ធានាបាននូវសុវត្ថិភាព និងជួយទប់ស្កាត់ការចរាចរណ៍ប្រាក់កខ្វក់ផងដែរ»។

ជាមួយគ្នានេះ លោកលើកឡើងថា មធ្យោបាយទូទាត់ប្រាក់ប្រភេទនេះ ក៏នឹងជួយលើកតម្កើងប្រាក់រៀលខ្មែរ ដែលជំរុញឱ្យមានការលើកទឹកចិត្ត ក្នុងការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍ថា ការលើកកម្ពស់នូវរូបិយបណ្ណក្នុងស្រុក ស្របពេលដែលពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ច ដោយសារបញ្ហាកូវីដ១៩ និងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន គឺជារឿងសំខាន់ ដើម្បីលើកិត្យានុភាពអាស៊ាន។

លោកបន្តថា«ការជំរុញ និងលើកកម្ពស់ ការប្រើប្រាស់រូបិយវត្ថុជាតិ សម្រាប់ប្រទេសជាសមាជិកអាស៊ាននេះ ជាការសំខាន់ ពីព្រោះយើងមានចរន្តកាន់តែច្រើន មេគុណសេដ្ឋកិច្ចកាន់តែល្អ និងកំណើន»

លោកបន្ថែមថា ការបង្កើត QR Code គឺជាគំនិតផ្តួចផ្តើម និងជាយន្តការថ្មី ដែលល្អសម្រាប់ពលរដ្ឋក្នុងតំបន់អាស៊ាន ធ្វើចរន្តហិរញ្ញវត្ថុ ដោយមិនចាំបាច់ក្នុងការប្រើប្រាស់ពេលវេលាច្រើន នៅពេលដែរពួកគេមានតម្រូវការសាច់ប្រាក់ ដោយគ្រាន់តែទូទាត់ តាមរយៈ App នៅលើទូរសព្ទដៃ ដោយមិនចាំបាច់ត្រូវទៅធនាគារ ឬប្រើប្រាស់ ម៉ាស្ទើរកាតនោះឡើយ៕