(នីអ៊ីហ្កាតា)៖ មេដឹកនាំក្រសួងហិរញ្ញវត្ថុនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ (G7) កំណត់យកកាលបរិច្ឆេទចុងឆ្នាំនេះសម្រាប់ការចាប់ផ្តើមគម្រោងថ្មីមួយដើម្បីធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់សកល ហើយបានប្តេជ្ញាដោះស្រាយកង្វះខាតផ្នែកបទប្បញ្ញត្តិនៅក្នុងប្រព័ន្ធធនាគារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

យោងតាមសេចក្តីប្រកាសព្រាងចុងក្រោយនៃសេចក្តីប្រកាសរបស់ក្រុមប្រទេស G7 ដែលទីភ្នាក់ងារព័ត៌មានរ៉យទ័រទទួលបាន ធនាគារកណ្តាលរបស់ក្រុមប្រទេស G7 បាននិយាយថា ពួកគេនៅតែ «ប្តេជ្ញាចិត្តយ៉ាងមុតមាំ» ក្នុងការសម្រេចបាននូវស្ថិរភាពតម្លៃ និងធានាបាននូវការរំពឹងទុកពីអតិផរណា។

សេចក្តីប្រកាសព្រាងនេះបានឱ្យដឹងថា៖ «សេដ្ឋកិច្ចពិភពលោកបានបង្ហាញពីភាពធន់នឹងការប៉ះទង្គិចជាច្រើនរួមទាំងជំងឺរាតត្បាតកូវីដ-១៩ សង្គ្រាមឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន និងសម្ពាធអតិផរណាដែលពាក់ព័ន្ធ»

សេចក្តីប្រកាសព្រាងដដែលនេះបានបន្តថា៖ «ទោះជាយ៉ាងណា យើងត្រូវរក្សាការប្រុងប្រយ័ត្ន និងរក្សាភាពរហ័សរហួន និងភាពអាចបត់បែនបាននៅក្នុងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់យើងក្នុងគ្រាដែលមានការកើនឡើងភាពមិនច្បាស់លាស់ជុំវិញចក្ខុវិស័យសេដ្ឋកិច្ចពិភពលោក»

ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលរបស់ប្រទេសអ្នកមាន G7 នឹងចេញសេចក្តីថ្លែងការណ៍នេះ បន្ទាប់ពីកិច្ចប្រជុំរយៈពេលបីថ្ងៃរបស់ពួកគេនៅទីក្រុងនីអ៊ីហ្កាតារបស់ប្រទេសជប៉ុនបញ្ចប់នៅថ្ងៃសៅរ៍នេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕