(ញូវយ៉ក)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅសប្តាហ៍នេះបានបង្កើនការព្យាកររបស់ខ្លួនចំពោះសេដ្ឋកិច្ចរបស់អាស៊ី ដោយសារការស្ទុះងើបឡើងវិញរបស់ប្រទេសចិនបានជំរុញកំណើនសេដ្ឋកិច្ច ប៉ុន្តែបានព្រមានពីហានិភ័យអតិផរណាដ៏រ៉ាំរ៉ៃ និងការប្រែប្រួលទីផ្សារពិភពលោកដែលជំរុញដោយវិបត្តិវិស័យធនាគារនៅប្រទេសលោកខាងលិច។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីរបស់មូលនិធិ IMF ថា ការបើកដំណើរការសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសចិននឹងមានសារៈសំខាន់សម្រាប់តំបន់អាស៊ីដែលនឹងមានការមើលឃើញការផ្តោតលើការប្រើប្រាស់ និងតម្រូវការក្នុងវិស័យសេវាកម្មជាជាងការវិនិយោគ។

មូលនិធិ IMF បានឱ្យដឹងនៅក្នុងរបាយការណ៍ស្តីពីចក្ខុវិស័យប្រចាំតំបន់អាស៊ីរបស់ខ្លួនថា៖ «អាស៊ី និងប៉ាស៊ីហ្វិក នឹងក្លាយជាតំបន់ដែលមានថាមពលខ្លាំងបំផុតនៃតំបន់សំខាន់ៗផ្សេងទៀតក្នុងពិភពលោកនៅឆ្នាំ២០២៣ ដែលភាគច្រើនត្រូវបានជំរុញដោយចក្ខុវវិស័យរឹងមាំសម្រាប់ប្រទេសចិន និងឥណ្ឌា»

IMF បានបន្ថែមថា៖ «ដូចនៅក្នុងតំបន់ផ្សេងទៀតនៃពិភពលោកដែរ តម្រូវការក្នុងស្រុកត្រូវបានរំពឹងថានឹងនៅតែជាកត្តាជំរុញកំណើនសេដ្ឋកិច្ចធំបំផុតនៅទូទាំងតំបន់អាស៊ីក្នុងឆ្នាំ២០២៣»

មូលនិធិ IMF បានឱ្យដឹងទៀតថា សេដ្ឋកិច្ចរបស់អាស៊ីត្រូវបានរំពឹងថានឹងកើនឡើង ៤,៦ភាគរយនៅឆ្នាំនេះ បន្ទាប់ពីការកើនឡើង ៣,៨ភាគរយនៅឆ្នាំ២០២២ ដែលរួមចំណែកប្រហែល ៧០ ភាគរយនៃកំណើនសេដ្ឋកិច្ចពិភពលោក។ ការព្យាករលើកនេះខ្ពស់ជាងការព្យាករកាលពីខែតុលាចំនួន ០,៣ពិន្ធុភាគរយ។

របាយការណ៍ដដែលនេះបានឱ្យដឹងទៀតថា ប្រទេសចិននិងឥណ្ឌានឹងក្លាយជាកត្តាជំរុញដ៏សំខាន់ជាមួយនឹងកំណើន ៥,២ភាគរយសម្រាប់ចិន និង ៥,៩ភាគរយសម្រាប់ឥណ្ឌា ទោះបីជាកំណើននៅក្នុងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីត្រូវបានរំពឹងថានឹងធ្លាក់ចុះនៅឆ្នាំនេះក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕