(កូឡុំបូ)៖ អ្នកជំនាញឧស្សាហកម្មកំពូលមួយរូបបានឱ្យដឹងកាលពីថ្ងៃពុធ ប្រាក់ចំណូលពីការនាំចេញសម្លៀកបំពាក់របស់ប្រទេសស្រីលង្កាអាចធ្លាក់ចុះចំនួន ១ពាន់លានដុល្លារនៅឆ្នាំនេះ ខណៈដែលការធ្លាក់ចុះតម្រូវការពិភពលោកបានប៉ះពាល់ដល់ប្រទេសអាស៊ីខាងត្បូងដែលរងគ្រោះដោយវិបត្តិ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

សម្លៀកបំពាក់គឺជាទំនិញនាំចេញឧស្សាហកម្មធំបំផុតរបស់ប្រទេសស្រីលង្កា និងទទួលបានប្រាក់ចំណូល ៥,៩៥ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ដោយបានជួយប្រទេសនេះក្នុងពេលដែលកំពុងទទួលរងនូវវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨មក ដែលបង្កឡើងដោយការថយចុះប្រាក់បម្រុងរូបិយប័ណ្ណបរទេសខ្លាំង។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យពីធនាគារកណ្តាលរបស់ប្រទេសស្រីលង្កាថា លទ្ធផលឧស្សាហកម្មកាត់ដេរនៅត្រីមាសទី១ នៅឆ្នាំ២០២៣ បានជួបការលំបាកដោយការនាំចេញវាយនភណ្ឌ និងសម្លៀកបំពាក់ធ្លាក់ចុះ ១៣,៨ភាគរយមកនៅត្រឹម ១,៣ពាន់លានដុល្លារ។

លោក Yohan Lawrence អគ្គលេខាធិការនៃវេទិកាសមាគមកាត់ដេររួម (JAAF) ដែលជាស្ថាប័នកំពូលរបស់ឧស្សាហកម្មកាត់ដេរបាននិយាយថា ការនាំចេញក្នុងខែមីនាបានធ្លាក់ចុះទាបបំផុតក្នុងរយៈពេលបីឆ្នាំ។

លោកបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «ដោយសារការធ្លាក់ចុះតម្រូវការដែលយើងកំពុងមើលឃើញនៅពេលនេះ ការធ្លាក់ចុះការនាំចេញ ១ពាន់លានដុល្លារនៅឆ្នាំនេះសមហេតុផល»

លោកបានបន្ថែមថា៖ «ការព្យាកររបស់យើងគឺវាអាចមានរយៈពេលពី ៥ ទៅ ៦ ខែទៀត មុនពេលយើងមើលឃើញការស្ទុះងើបឡើងវិញនៃតម្រូវការសកល»

ទិន្នន័យចុងក្រោយរបស់ JAAF បានបង្ហាញថា ការនាំចេញទៅកាន់សហរដ្ឋអាមេរិក ដែលជាអ្នកទិញដ៏ធំបំផុតរបស់ប្រទេសស្រីលង្កាបានធ្លាក់ចុះ ២២ភាគរយមកនៅត្រឹម ៤៧០លានដុល្លារនៅក្នុងត្រីមាសទីមួយ។ ការនាំចេញទៅកាន់សហភាពអឺរ៉ុបបានធ្លាក់ចុះ ១៣ភាគរយមកនៅត្រឹម ៣៤៤លានដុល្លារ ខណៈដែលការនាំចេញទៅកាន់ចក្រភពអង់គ្លេសបានធ្លាក់ចុះ ១០ ភាគរយមកត្រឹម ១៦៧,៧លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕