(ញូវយ៉ក)៖ ក្រុមហ៊ុន Goldman Sachs បានឱ្យដឹងក្នុងឯកសារមូលបត្រមួយកាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរអាមេរិកកំពុងស៊ើបអង្កេតការងាររបស់ខ្លួនសម្រាប់ធនាគារ Silicon Valley Bank (SVB) ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ជុំវិញការដួលរលំរបស់ធនាគារដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាមួយនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់ឯកសារនេះថា ក្រុមហ៊ុន Goldman កំពុង «សហការជាមួយ និងផ្តល់ព័ត៌មានដល់ស្ថាប័នរដ្ឋាភិបាលផ្សេងៗ» លើសកម្មភាពរបស់ខ្លួនសម្រាប់ធនាគារ SVB នៅក្នុងខែមីនាមុនពេលធនាគារដែលផ្តោតលើបច្ចេកវិទ្យានេះបានដួលរលំ។

ក្រុមហ៊ុន Goldman បានទទួលរងការរិះគន់លើតួនាទីជាច្រើនរបស់ខ្លួនសម្រាប់ធនាគារ SVB ដែលក្នុងនោះធនាគារ Goldman ជាអ្នកផ្តល់ដំបូន្មានដល់ធនាគារ SVB និងផ្តល់យោបល់ឱ្យធនាគារ SVB ទិញយកបំណុលដែលមានបញ្ហានៅក្នុងកិច្ចព្រមព្រៀងដែលជាចុងក្រោយបានដើរតួសំខាន់ក្នុងការដួលរលំរបស់ធនាគារ SVB។

ធនាគារ SVB ត្រូវបានរឹបអូសដោយនិយតករធនាគារសហព័ន្ធអាមេរិកនៅថ្ងៃទី១០ ខែមីនាបន្ទាប់ពីអតិថិជននាំគ្នាសម្រុកដកប្រាក់បញ្ញើយ៉ាងច្រើនបន្ទាប់ពីធនាគារនេះបានរាយការណ៍ថាខ្លួនបានខាតបង់ ១,៨ពាន់លានដុល្លារពីការលក់មូលបត្រចំនួន២១ពាន់លានដុល្លារ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី៨ ខែមីនា ធនាគារ SVB បានឱ្យដឹងថា ខ្លួនបានចុះឈ្មោះក្រុមហ៊ុន Goldman សម្រាប់ផ្តល់សេវាទាក់ទងនឹងការប្រមូលមូលធនដែលបានគ្រោងទុក។

ទីផ្សារបានចាត់ទុកការបង្ហាញការខាតបង់ពីការលក់មូលបត្របំណុលនោះគឺជាសញ្ញានៃការបង្ហាញពីក្តីអស់សង្ឃឹមរបស់ធនាគារ SVB ក្នុងការប្រមូលសាច់ប្រាក់ដើម្បីបំពេញតម្រូវការសាច់ប្រាក់ងាយស្រួលខណៈពេលដែលធនាគារនេះបានទទួលរងគ្រោះពីការដកចេញប្រាក់បញ្ញើ ដែលជាចុងក្រោយនាំឱ្យឈានទៅរកដួលរលំរបស់ធនាគារនេះ។

យោងតាមទីភ្នាក់ងារ AFP នៅក្នុងឯកសារដែលបានដាក់ជូនផ្សារហ៊ុនកាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Goldman បានឱ្យដឹងថា ការស៊ើបអង្កេតរបស់រដ្ឋាភិបាលរួមមានទាំង «នៅពេលដែលធនាគារ SVB ឱ្យក្រុមហុន [Golman] ចូលរួមជួយធ្វើការងារលើសំណើប្រមូលមូលធន ហើយធនាគារ SVB បានលក់ឱ្យក្រុមហ៊ុន [Golman] នូវផលប័ត្រមូលបត្រមួយ»។

ការស៊ើបអង្កេតរបស់រដ្ឋាភិបាលអាមេរិកនេះបានធ្វើឡើងតាមសំណើពីសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យចំនួន២០នាក់ដែលបានស្នើឱ្យនិយ័តករអាមេរិកបើកការស៊ើបអង្កេតថាតើក្រុមហ៊ុន Goldman «បានធ្វើការងារដើម្បីជាប្រយោជន៍របស់ខ្លួនឯង» ក្នុងតួនាទីរបស់ខ្លួនជាទីប្រឹក្សារបស់ធនាគារ SVB ឬយ៉ាងណា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕