(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បានរៀបចំសិក្ខាសាលា​​ពិភាក្សាជាមួយភាគីពាក់ព័ន្ធនានា ក្នុងគោលបមណង​ប្រមូលមតិយោបល់កែលម្អ​​ ដើម្បីជាធាតុចូលបន្ថែមក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី និងជាមូលដ្ឋានក្នុងការដាក់ដំណើរការបណ្តុំថ្នាលកសិកម្មខ្មែរ។

សិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី «ការចូលរួមរបស់ភាគីពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីរបស់បណ្តុំថ្នាលកសិកម្មខ្មែរ (KAS)» ដែលស្ថិតនៅក្រោមគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បី
ទីផ្សាកសិករ និងពាណិជ្ជូបណីយកម្មកសិកម្ម ហៅកាត់ថា SAAMBAT បានរៀបចំឡើងកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព​លោក ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកគម្រោង SAAMBAT។

តួអង្គខ្សែច្រវាក់តម្លៃកសិកម្មពាក់ព័ន្ធនានា​រួមមានមកពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, ធនាគារ, ក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូលកសិកម្ម, សេវាកម្មដឹកជញ្ជូន, ក្រុមហ៊ុនលក់បោះដុំកសិផល, ក្រុមហ៊ុននាំចេញកសិផលទៅទីផ្សារអន្តរជាតិ, សហភាពសហគមន៍កសិកម្មនៅតាមបណ្តាខេត្តប៉ូលសេដ្ឋកិច្ច, ក្រុមហ៊ុនធានារ៉ាប់រង, ក្រុមជ័យលាភីនៃកម្មវិធីមូលនិធិសម្រាប់ការប្រកួតប្រជែង, មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល និងខេត្តបាត់ដំបង, កសិករ, សហគ្រិនខាស, និងតំណាងមកពីអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

​សហគ្រិនខាស និងកសិករដែលជាអ្នកប្រើប្រាស់សាកល្បងក្នុងការប្រមូល និងបញ្ចូលទិន្នន័យមកកាន់បណ្តុំថ្នាលកសិកម្មខ្មែរបានថ្លែងពីគុណសម្បត្តិរបស់ថ្នាលនេះថា វាមានភាពងាយស្រួលក្នុងការប្រើប្រាស់សម្រាប់ការស្វែងរកឈ្មោះកសិករដែលជាអ្នកទទួលផលពី IFAD, ការកត់ត្រាទិន្នន័យវដ្តលូតលាស់ដំណាំ, ការចំណាយនិងចំណូល ហើយគុណវិបត្តនោះគឺរូបតំណាង (Interface) ថ្នាលនេះមិនមានភាពទាក់ទាញ និងការដែលមិនអាចចាប់យកទិន្នន័យទីតាំងចំការកសិករបាននៅពេលគ្មានសេវាអ៊ីនធឺណេត។

ក្នុងនោះផងដែរក៏មានការលើកឡើងនូវសំណួរមួយចំនួនទាក់ទងនឹងការធ្វើបច្ចុប្បន្នភាពរបស់ថ្នាលឌីជីថលនេះ ឱ្យកាន់តែប្រសើរឡើងដោយផ្អែកទៅលើមតិកែលម្អរបស់អ្នកប្រើប្រាស់, ការជំរុញឱ្យមានការចាប់អារម្មណ៍ទៅលើការថ្នាល់នេះ ដើម្បីបង្កើតជាកម្លាំងចលករក្នុងការទាក់ទាញទឹកចិត្តតួអង្គខ្សែច្រវាក់តម្លៃកសិកម្មឱ្យចូលរួមប្រើប្រាស់កាន់តែច្រើន, ការគិតគូរពីការយកថ្លៃសេវា ដើម្បីធានាពីនិរន្តភាពរបស់ថ្នាលឌីជីថល ប៉ុន្តែកសិករខ្នាតតូចគួរត្រូវបានលើកលែកម្រៃសេវានេះ, ការប្រមូលព័ត៌មានកសិផលដែលអាចផលិតបាននៅតាមខេត្តនីមួយៗ និងព័ត៌មានតម្រូវទីផ្សារផលិតផលកសិកម្មទាំងក្នុងស្រុក និងអន្តរជាតិហើយដាក់បង្ហាញជាសាធារណៈក្នុងថ្នាលនេះ, ម្យ៉ាងទៀតថ្នាលនេះគួរដែលដាក់ឈ្មោះភាសាខ្មែរហើយមានភាពទាក់ទាញ, ការញែកឱ្យដាច់រវាងថ្នាលលក់ផលិតផលកសិកម្មតាមបែបពាណិជកម្មធំៗ និងអ្នកប្រើប្រាស់ដែលបញ្ជាទិញបរិមាណតិចតួច, ការកំណត់អត្តសញ្ញាណ និងប្រភពអ្នកលក់តាមខេត្តនីមួយៗ, ការបញ្ចូលទិន្នន័យទៅតាមប្រភេទសហភាពសហគមន៍កសិកម្ម និងប្រភេទកសិផលរបស់ពួកគេអាចផលិតបាន ដែលវានឹងបង្កភាពងាយស្រួលក្នុងការស្វែងរកពីក្រុមហ៊ុនលក់បោះដុំ ក៏ដូចជាអាចឱ្យ
សហភាពសហគមន៍ទាំងនោះចុះកិច្ចសន្យាកសិកម្មដោយស្របច្បាប់ជាមួយក្រុមហ៊ុនទាំងនោះបាន, និងការដែលប្រព័ន្ធមិនទាន់បានគិតគូរដល់ការបង្កើតទំនាក់ទំនងពាណិជ្ជកម្មរវាងក្រុមហ៊ុនធុរកិច្ច និងធុរកិច្ច និងរវាងក្រុមហ៊ុនធុរកិច្ច និងអ្នកប្រើប្រាស់។

លោក ហែម វណ្ណឌី បានថ្លែងអំណរគុណដល់មតិយោបល់ទាំងអស់ដែលបានលើកឡើង ហើយសន្យាថានឹងកែសម្រួលទៅតាមអ្វីដែលអាចធ្វើទៅបាន​៕