(ញូវយ៉ក)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃព្រហស្បតិ៍បានព្រមានពី «ភាពមិនប្រាកដប្រជា» ជុំវិញទិសដៅគោលនយោបាយរូបិយវត្ថុរបស់ប្រទេសជប៉ុនដោយនិយាយថាការផ្លាស់ប្តូរដែលអាចកើតមានពីអត្រាការប្រាក់ទាបបំផុតអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើទីផ្សារហិរញ្ញវត្ថុពិភពលោក។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោក Krishna Srinivasan ប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិកនៃមូលនិធិ IMF បានចង្អុលបង្ហាញទៅកាន់ហានិភ័យនានាជុំវិញចក្ខុវិស័យសេដ្ឋកិច្ចរបស់ទ្វីបអាស៊ី រួមទាំងពីការធ្លាក់ចុះការនាំចេញទៅកាន់ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ការថយចុះផលិតភាពនៅក្នុងប្រទេសចិន និងការបែកបាក់ពាណិជ្ជកម្មពិភពលោក។

លោកមានប្រសាសន៍ថា៖ «ក្នុងរយៈពេលមធ្យម យើងរំពឹងថាសេដ្ឋកិច្ចចិននឹងជួបប្រទះនឹងការថមថយផលិតភាពនិងការវិនិយោគ ដែលនឹងបន្ថយកំណើនសេដ្ឋកិច្ចមកក្រោម ៤ភាគរយនៅឆ្នាំ២០២៨»

លោក Srinivasan បានថ្លែងនៅក្នុងសន្និសីទខ្លីមួយនៅឯកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ីនៅទីក្រុងអ៊ីនជុន (Incheon) ប្រទេសកូរ៉េខាងត្បូងថា «លើសពីនេះ យើងមើលឃើញហានិភ័យដែលសេដ្ឋកិច្ចពិភពលោកបែកខ្ញែកទៅជាប្លុកពាណិជ្ជកម្ម» ដែលអាចដោះស្រាយផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាស៊ីដែលពឹងផ្អែកលើការនាំចេញ។

ខណៈពេលដែលធនាគារកណ្តាលភាគច្រើននៅអាស៊ីត្រូវបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ប្រទេសជប៉ុននៅតែជាករណីលើកលែង ដោយអតិផរណារបស់ជប៉ុននៅតែមានកម្រិតមធ្យម ទោះបីការណ៍នេះអាចផ្លាស់ប្តូរបានក៏ដោយ។

លោក Srinivasan បានបន្ថែមថា៖ «មានភាពមិនច្បាស់លាស់ជុំវិញទិសដៅនៃគោលនយោបាយរូបិយវត្ថុនៅក្នុងប្រទេសជប៉ុនក្នុងគ្រាដែលមានការកើនឡើងនៃអតិផរណា»។ លោកបានបន្តថា៖ «ការផ្លាស់ប្តូរគោលនយោបាយរូបិយវត្ថុរបស់ប្រទេសជប៉ុនដែលនាំឱ្យមានការកើនឡើងបន្ថែមទៀតនៅក្នុងទិន្នផលមូលបត្របំណុលរបស់រដ្ឋាភិបាលអាចមានការរីករាលដាលជាសកលតាមរយៈវិនិយោគិនជប៉ុនដែលមានទំហំវិនិយោគធំនៅក្នុងឧបករណ៍បំណុលនៅបរទេស»

លោកបានថ្លែងទៀតថា៖ «ការធ្វើឱ្យផលប័ត្រវិនិយោគរបស់វិនិយោគិនទាំងនេះមានសមតុល្យអាចបង្កឱ្យមានការកើនឡើងទិន្នផលសកល ដែលបណ្តាលឱ្យមានលំហូរចេញផលប័ត្រសម្រាប់ប្រទេសមួយចំនួន»