(ភ្នំពេញ)៖ លោកបណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានស្នើឲ្យធនាគារពាណិជ្ជដៃគូ បន្តខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹង និងបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាប្រាក់ពន្ធ ជូនអគ្គនាយកដ្ឋានពន្ធដារ។

ការស្នើបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំជាមួយធនាគារ ពាណិជ្ជដៃគូ ដើម្បីពិនិត្យពិភាក្សាតាមដានវឌ្ឍនភាព និងពង្រឹងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពាណិជ្ជដៃគូ នៅទីស្តីការនៃអគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។

ក្នុងកិច្ចប្រជុំនេះ បណ្ឌិត កែន សម្បត្តិ បានជំរុញឲ្យធនាគារពាណិជ្ជដៃគូ បន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹង និងបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាប្រាក់ពន្ធ ជូនអគ្គនាយកដ្ឋានពន្ធដារ ឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីលើកកម្ពស់ក្នុងការផ្ដល់សេវាបង់ពន្ធជូនអ្នកជាប់ពន្ធ និងអនុលោមភាពសារពើពន្ធ។

ទន្ទឹមនឹងនេះ បណ្ឌិតអគ្គនាយករង បានជំរុញ និងលើកទឹកចិត្តដល់ធនាគារពាណិជ្ជដៃគូ ឲ្យបន្តសហការជិតស្និត ជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីដោះស្រាយបញ្ហាបច្ចេកទេស ពាក់ព័ន្ធនឹងការទទួលប្រាក់ពន្ធ ឲ្យបានទាន់ពេលវេលា។

បន្ថែមពីនោះទៀត បណ្ឌិត កែន សម្បត្តិ ក៏បានប្រាប់ឲ្យយកចិត្តទុកដាក់ ពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន របស់ធនាគារដៃគូនីមួយៗ ដើម្បីឈានទៅធ្វើសន្ធានកម្ម ជាមួយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ចំពោះធនាគារពាណិជ្ជដៃគូ ដែលមិនទាន់មានប្រព័ន្ធនេះ។

គិតមកដល់ពេលនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយធនាគារពាណិជ្ជចំនួន ១០ រួចមកហើយ ដែលក្នុងនោះមាន៖
១៖ ធនាគារ កាណាឌីយ៉ា ក.អ
២៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី
៣៖ ធនាគារ កម្ពុជាសាធារណៈ ភីអិលស៊ី
៤៖ ធនាគារ វឌ្ឍនៈ
៥៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់
៦៖ ធនាគារ ប្រៃសណីយ៍កម្ពុជា កអ
៧៖ ធនាគារ ពាណិជ្ជក្រៅប្រទេស នៃកម្ពុជា
៨៖ ធនាគារ ស្ថាបនា ភីអិលស៊ី
៩៖ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់
១០៖ ធនាគារវីង (ខេមបូឌា) លីមីធីត ក្នុងការធ្វើប្រតិបត្តិការផ្ដល់សេវាទទួលប្រាក់ពន្ធរបស់ឲ្យអគ្គនាយកដ្ឋានពន្ធដារ។

បណ្ឌិតអគ្គនាយករង បានជំរុញឲ្យធនាគារពាណិជ្ជដៃគូ បន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាប្រាក់ពន្ធ ជូនអគ្គនាយកដ្ឋានពន្ធដារ ឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីលើកកម្ពស់ក្នុងការផ្ដល់សេវាបង់ពន្ធជូនអ្នកជាប់ពន្ធ និងអនុលោមភាពសារពើពន្ធ៕