(ភ្នំពេញ)៖ នៅត្រីមាសទី១ ពោលចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានចំណូលជាង ១៧០លានដុល្លារ ពីការនាំចេញកង់ ថយចុះ ២៨.៧៩% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ ចំនួនជាង ២៣៨លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៣ ខែឧសភានេះ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ទីផ្សារសំខាន់ៗ ដែលកម្ពុជាបាននាំចេញកង់រួមមាន៖ អាមេរិក អាល្លឺម៉ង់ បែលហ្ស៊ិក អង់គ្លេស និងហូឡង់ ខណៈកម្ពុជានាំចូលកង់មកវិញ ពីជប៉ុន ចិន វៀតណាម ថៃ និងអាមេរិក។

លោក ប៉ែន សុវិជាតិ បានឲ្យដឹងផងដែរថា មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម កាលពីពាក់កណ្តាលឆ្នាំ២០២២ បានជួបពិភាក្សាជាមួយភាគីវៀតណាម ដើម្បីឲ្យវៀតណាមបន្ដផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់ការផលិតកង់នាំចេញ ទៅទីផ្សារសហគមន៍អឺរ៉ុប និងអាមេរិក ប្រកបដោយនិរន្តរភាព និងមិនខុសគោលការណ៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម ជាមួយសហគមន៍អឺរ៉ុប។

ជាមួយគ្នានេះ លោក ប៉ែន សុវិជាតិ ក៏បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមិនទាន់មានការខ្វះខាតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេច សម្រាប់ផលិតកង់នៅឡើយទេ ប៉ុន្តែការចរចាបើកជាមួយវៀតណាមនេះ ដើម្បីធ្វើយ៉ាងណាឲ្យការផ្គត់ផ្គង់ផលិតផលទាំងនោះ ពីខាងវៀតណាម មាននិរន្តរភាព។

បើតាមលោក ប៉ែន សុវិជាតិ ដែលជាមន្ដ្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម វត្ថុធាតុដើម ឬផលិតផលពាក់កណ្តាល សម្រេចសម្រាប់ផលិតកង់ កម្ពុជាបាននាំចូលពីវៀតណាម ក្នុងបរិមាណសមល្មម ដោយមិនអាចនាំចូលមកច្រើនពេកទេ ព្រោះអាចខុសនឹងលក្ខខណ្ឌដែលបានកំណត់។

លោក ប៉ែន សុវិជាតិ បានឲ្យដឹងថា ក្រសួងក៏រំពឹងដែរថានាថ្ងៃខាងមុខ នៅពេលការនាំចេញកង់មានការកើនឡើង អាចជំរុញឲ្យអ្នកវិនិយោគចាប់អារម្មណ៍ លើការបង្កើតរោងចក្រផលិតគ្រឿងបន្លាស់ ឬផលិតផលពាក់កណ្តាលសម្រេចនៅកម្ពុជា ដែលនឹងកាត់បន្ថយការនាំចូលបានខ្លះដែរ។

គូសបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានរោងចក្រ សម្រាប់ដំឡើងកង់ចំនួន៥ រួមមាន៖

* ទី១៖ A AND J (CAMBODIA) CO.,LTD.
* ទី២៖ SPEEDTECH INDUSTRIAL CO., LTD.
* ទី៣៖ SMART TECH (CAMBODIA) CO.,LTD.
* ទី៤៖ XDS BICYCLE (CAMBODIA) CO.,LTD
* ទី៥៖ EVERGRAND BICYCLE (CAMBODIA) CO., LTD។

ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ាន ក្នុងការនាំចេញកង់ និងជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងពិភពលោក បន្ទាប់ពី ចិន តៃវ៉ាន់ ហូឡង់ និងអាល្លឺម៉ង់៕