(កូរ៉េ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសកម្មវិធីហិរញ្ញវត្ថុច្នៃប្រឌិត សម្រាប់អាកាសធាតុនៅអាស៊ី និងប៉ាស៊ីហ្វិក (IF-CAP) ដែលជាកម្មវិធីដ៏សំខាន់មួយ អាចបង្កើនការគាំទ្រយ៉ាងទូលំទូលាយ សម្រាប់តំបន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការ ប្រែប្រួលអាកាសធាតុ។

ការប្រកាសនេះ ត្រូវបានធ្វើឡើងដោយប្រធាន ADB លោក Masatsugu Asakawa នៅថ្ងៃបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៦ របស់ ADB នៅទីក្រុង អ៊ីនឆន (Incheon)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។

លោក Asakawa បានថ្លែងថា «ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហា ដ៏សំខាន់នៃជីវិតរបស់យើង ហើយនៅទីនេះក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក យើងស្ថិតនៅជួរមុខនៃសមរភូមិការប្រែប្រួលអាកាសធាតុ។ ព្រឹត្តិការណ៍អាកាសធាតុ ដែលយើងបានជួបប្រទះក្នុងរយៈពេល ១២ ខែកន្លងមកនេះ នឹងបន្តបង្កើនវិសាលភាព និងភាពញឹកញាប់របស់វា ដូច្នេះយើងត្រូវតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់ឥឡូវនេះ។ IF-CAP គឺជាកម្មវិធី ប្រកបដោយភាពច្នៃប្រឌិត ដែលនឹងបង្កើតជាផលជះយ៉ាងពិតប្រាកដ។ ហើយវាជាឧទាហរណ៍មួយទៀតនៃរបៀបដែល ADB ក្នុងនាមជាធនាគារអាកាសធាតុសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក»។

ដៃគូដំបូងរបស់ IF-CAP រួមមាន ប្រទេសដាណឺម៉ាក ជប៉ុន សាធារណរដ្ឋកូរ៉េ ស៊ុយអែត ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ ដៃគូទាំងនោះ កំពុងពិភាក្សាជាមួយ ADB អំពីការផ្តល់ជំនួយនានា សម្រាប់ការរៀបចំគម្រោង រួមជាមួយនឹងការធានាសម្រាប់ផ្នែកមួយចំនួននៃហិរញ្ញប្បទានអធិបតេយ្យរបស់ ADB។ ការកាត់បន្ថយហានិភ័យ ដែលបង្កើតឡើងដោយការធានានេះ នឹងអនុញ្ញាតឲ្យ ADB បញ្ចេញដើមទុន ដើម្បីពន្លឿនហិរញ្ញប្បទានថ្មី សម្រាប់គម្រោងអាកាសធាតុ។

ជាមួយនឹងគំរូ «១ដុល្លារចូល ៥ដុល្លារចេញ» មហិច្ឆតាដំបូងនៃការធានាចំនួន ៣ពាន់លានដុល្លារអាចបង្កើតបាន រហូតដល់១៥ពាន់លានដុល្លារ សម្រាប់ហិរញ្ញប្បទានថ្មី នៃគម្រោងអាកាសធាតុដែលចាំបាច់នានា ទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ យន្តការ ធានាដែលបង្កើនសម្រាប់ហិរញ្ញវត្ថុអាកាសធាតុ មិនធ្លាប់ត្រូវបានអនុម័ត ដោយធនាគារអភិវឌ្ឍន៍ពហុភាគី ទេកន្លងមក។

ការផ្តល់ហិរញ្ញប្បទាន IF-CAP នឹងរួមចំណែកដល់មហិច្ឆិតារបស់ ADB ដើម្បីប្រមូល១០០ពាន់លានដុល្លារ​ ពីធនធានផ្ទាល់ខ្លួន ដោះស្រាយការប្រែប្រួលអាកាសធាតុសម្រាប់ឆ្នាំ ២០១៩-២០៣០។ ADB កំពុងពិភាក្សាជាមួយដៃគូដែលមានសក្តានុពល ដូចជាប្រភពទ្វេភាគី និងពហុភាគី វិស័យឯកជន និងសប្បុរសជន រួមទាំងសម្ព័ន្ធថាមពលសកលសម្រាប់មនុស្ស និងភពផែនដី (the Global Energy Alliance for People and Planet) ដើម្បីជំរុញការវិនិយោគអាកាសធាតុ។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថា នឹងសម្រេចឲ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕