(ភ្នំពេញ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានប្រាប់ពីវិធីសាស្រ្តងាយៗ ៥យ៉ាង ដើម្បី​សម្គាល់ពីគម្រោងវិនិយោគ ដែលមានលក្ខណៈបោកប្រាស់ ឬគម្រោងវិនិយោគពិតប្រាកដ ដើម្បីជាការពិចារណាមុននឹងធ្វើការវិនិយោគ ខណៈបច្ចុប្បន្ននេះ​ នៅតែមានប្រជាពលរដ្ឋរងគ្រោះពីគម្រោងវិនិយោគបោកប្រាស់ទាំងនោះ។

លោក ហុង សុហួរ លើកឡើងពីសញ្ញាណទាំងនេះ ដោយលោកសង្កេតឃើញថា មកទល់បច្ចុប្បន្ន នៅតែមានប្រជាពលរដ្ឋ បាញ់បោកជនខិលខូចមួយចំនួន ដែលបានបង្កើតគម្រោងវិនិយោគនានា ក្នុងបំណងឆបោកប្រាក់ពីពលរដ្ឋ។ ​បើទោះបីជាជនខិលខូច ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ក៏ដោយ ក៏នៅតែមានគម្រោងបោកប្រាស់ជាច្រើន​បង្កើតឡើង ជាបន្តបន្ទាប់ផងដែរ។

ជាក់ស្តែងកាលពីថ្មីៗនេះ ប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារនៅខេត្តកំពត ​ត្រូវបានខាតបង់ប្រាក់​អស់ជិត ៤០លានដុល្លារ ​បន្ទាប់ពីជឿជនឆបោក ហើយលង់ខ្លួនទៅខ្ចីលុយពីស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ រួមទាំងលុយផ្ទាល់ខ្លួនទៅទិញដីឡូតិ៍របស់ឧកញ៉ា ជា សារ៉ន។

ដើម្បីជៀសវាងការ​ចាញ់បោក ក្នុងគម្រោងវិនិយោគណាមួ​យលោក ហុង សុហួរ បានប្រាប់ពីគន្លឹះ៥ចំណុច ដើម្បីសម្គាល់ថា ជាគម្រោងវិនិយោគពិតប្រាកដ ឬក៏គម្រោងវិនិយោគបោកប្រាស់ ដើម្បីគំនិតក្នុងការសម្រេចចិត្តមុននឹងធ្វើការវិនិយោគ ទៅលើគម្រោងអ្វីមួយ​៖

១៖ សន្យាចំណេញខ្ពស់

លោក ហុង សុហួរ បានពន្យល់ថា ​មុននឹងធ្វើការដាក់ទុនវិនិយោគ យើងត្រូវសម្គាល់មើលថា នៅពេលដែលបុគ្គលណាម្នាក់ មកណែនាំយើងពីគម្រោងវិនិយោគណាមួយ តើ​គេបាននិយាយធានា ពីប្រាក់ចំណេញខ្ពស់កម្រិតណា?
លោកបញ្ជាក់ថា បើគម្រោងវិនិយោគនោះ ទទួលបានប្រាក់ចំណេញកាន់តែខ្ពស់ នោះគឺជាគម្រោងដែលកាន់តែ​សង្ស័យ ព្រោះគម្រោងវិនិយោគពិតប្រាកដមិន អាចទទួលបានប្រាក់ចំណេញខ្ពស់ពេកនោះទេ។

២៖ ចំណេញទៀងទាត់ពេក

ចំណុចមួយទៀត ដែលត្រូវកត់សម្គាល់ដែរនោះ យើងត្រូវមើលថា តើបុគ្គលដែលមកណែនាំនោះ លើកឡើងពីការធានា ក្នុងទទួលបានផលចំណេញទៀតទាត់​កម្រិតណា? ៣ថ្ងៃម្តង​ ១សប្តាហ៍ម្តង ​១ខែម្តង​ ឬ៣ខែម្តង​ ដោយទទួលបានប្រាក់ចំណេញ៥% ១០% ឬ២០%។

លោក ហុង សុហួរ បញ្ជាក់ថា នេះក៏ជាគម្រោងដែលគួរឱ្យសង្ស័យផងដែរ ព្រោះគម្រោងដែលវិនិយោគពិតប្រាកដ មិនអាចទទួលបានប្រាក់ចំណេញទៀងទាត់ពេកនោះទេ។ គម្រោងវិនិយោគពិតប្រាកដ ពេលខ្លះអាចឆាប់ទទួលបានការចំណេញ ពេលខ្លះមិនងាយចំណេញ ហើយជួនកាលខាតក៏មានដែរ។

៣៖ រូបមន្តសម្ងាត់

លោក ហុង សុហួរ បានឱ្យដឹងផងដែរថា ចំណុចនេះក៏ត្រូវមើលដែរថា តើបុគ្គលិកដែលមកណែនាំពីគម្រោងវិនិយោគអ្វីមួយ គេបានពន្យល់យើងដែរឬទេ ពីវិធីក្នុងការទទួលបានប្រាក់ចំណេញ។ ប្រសិនបើគេមានភាពលាក់បាំង ដោយ​លើកឡើងថា នេះជាការសម្ងាត់ ឬការពន្យល់របស់គេមានភាពរញ៉េរញ៉ៃ យើងស្តាប់មិនយល់ នេះក៏ជាសញ្ញាណនៃការបោកប្រាស់មួយដែរ។

៤៖ ពិបាកទទួលឯកសារផ្លូវការ

មុននឹងសម្រេចចិត្តវិនិយោគ អ្នកគប្បីត្រូវគិតពិចារណាឱ្យបានច្បាស់លាស់ ពីឯកសារផ្លូវការ ឬរបាយការណ៍ហិរញ្ញវត្ថុ។ យើងត្រូវមើលថា តើមានភាពងាយស្រួលកម្រិតណា ក្នុងការត្រួតពិនិត្យឯកសារ ដែលពាក់ព័ន្ធនឹងការវិនិយោគផ្សេងៗ បើពិបាកក្នុងការស្នើសុំឯកសារផ្សេងៗ នោះក៏អាចជាគម្រោងដែលគួរឱ្យសង្ស័យផងដែរ។

៥៖ ពិបាកដកលុយ

លោក ហុង សុហួរ បានពន្យល់បន្ថែមថា យើងក៏ត្រូវពិនិត្យដែរថា តើមានភាពងាយស្រួលកម្រិតណា ក្នុងការដកសាច់ប្រាក់មកវិញ​ អាចជាប្រាក់ដើម ឬក៏ជាប្រាក់ចំណេញ? ​ បើគេមានលេសច្រើន នៅពេលដែលយើងចង់ដកសាច់ប្រាក់ នោះក៏ជាសញ្ញាណនៃការប្រោកប្រាស់ផងដែរ​៕