(បែរឡាំង)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានសម្តែងក្តីព្រួយបារម្ភអំពីការរឹតបន្តឹងការនាំចេញរបស់អាល្លឺម៉ង់នៅក្នុងកិច្ចប្រជុំមួយជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ពោលគឺត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា ទីក្រុងប៊ែកឡាំងកំពុងពិចារណាដាក់កម្រិតលើការនាំចេញសារធាតុគីមីដែលប្រើសម្រាប់ផលិតបន្ទះឈីបស៊ីមីកុងដាក់ទ័រ(semiconductors)។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបានបង្ហាញពីទស្សនៈរបស់លោកអំពីការគ្រប់គ្រងការនាំចេញក្នុងអំឡុងពេលកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងប៊ែរឡាំងជាមួយអនុប្រធានអធិការបតីអាល្លឺម៉ងលលោក Robert Habeck ដែលក៏ជារដ្ឋមន្ត្រីសេដ្ឋកិច្ចផងដែរនោះ។

ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាគីទាំងពីរក៏បានពិភាក្សាអំពីការបង្កើតបរិយាកាសធុរកិច្ចដោយស្មើភាព និងយុត្តិធម៌ផងដែរ។

កាលពីថ្ងៃព្រហស្បតិ៍ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ប្រភពដែលបានដឹងពីបញ្ហានេះថា ប្រទេសអាល្លឺម៉ង់កំពុងពិភាក្សាអំពីការដាក់កម្រិតការនាំចេញសារធាតុគីមីមួយចំនួនទៅកាន់ប្រទេសចិន។ សំណើនេះគឺជាផ្នែកមួយនៃកញ្ចប់វិធានការដែលរដ្ឋាភិបាលរបស់អធិការបតី Olaf Scholz កំពុងពិភាក្សាដែលនឹងកាត់ផ្តាច់លទ្ធភាពទទួលបានទំនិញនិងសេវាកម្មរបស់ប្រទេសចិនដែលចាំបាច់សម្រាប់ការផលិតឧបករណ៍ស៊ីមីកុងដាក់ទ័រទំនើប។

វិធានការនេះកើតឡើងបន្ទាប់ពីប្រទេសជប៉ុន ហូឡង់ និងសហរដ្ឋអាមេរិកបានដាក់កំហិតលើការលក់ទៅឱ្យប្រទេសចិននូវម៉ាស៊ីនដែលប្រើសម្រាប់ផលិតបន្ទះឈីប ដោយដាក់កំណត់លទ្ធភាពរបស់ក្រុមហ៊ុនចិនក្នុងការទទួលបានបច្ចេកវិទ្យាដែលត្រូវការជាចាំបាច់ដើម្បីផលិតស៊ីមីកុងដាក់ទ័រទំនើបបំផុត៕