(បាងកក)៖ ក្រសួងពាណិជ្ជកម្មថៃបានឱ្យដឹងថា ប្រទេសថៃដែលជាប្រទេសផលិតកៅស៊ូធម្មជាតិធំបំផុតក្នុងពិភពលោកបានពង្រឹងតំណែងរបស់ខ្លួនជាអ្នកនាំចេញស្រោមអនាម័យធំជាងគេក្នុងពិភពលោកនៅឆ្នាំ២០២២។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មថៃថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបាននាំចេញស្រោមអនាម័យក្នុងតម្លៃចំនួន ២៧២,៣លានដុល្លារកាលពីឆ្នាំមុន ដោយប្រទេសចិន សហរដ្ឋអាមេរិក និងវៀតណាមបាននាំមុខគេក្នុងបញ្ជីអ្នកនាំចូលស្រោមអនាម័យរបស់ថៃ។

ទិន្នន័យដដែលនេះបានបង្ហាញទៀតថា ប្រទេសថៃកាន់កាប់ចំណែកខ្ពស់បំផុតក្នុងការនាំចេញស្រោមអនាម័យពិភពលោកដែលមានចំនួន ៤៤% នៃទីផ្សារពិភពលោក កើនឡើងពី ៤៣,៧% កាលពីឆ្នាំ២០២១។

ទិន្នន័យក៏បានបង្ហាញផងដែរថា សម្រាប់ផលិតផលកសិកម្មវិញ ប្រទេសថៃបានគ្របដណ្តប់លើការនាំចេញផ្លែទុរេន ដែលមានតម្លៃ ៣,២២ពាន់លានដុល្លារ។ ជាមួយនឹងទឹកប្រាក់នេះ ទុរេនបានក្លាយជាផលិតផលកសិកម្មធំជាងគេទី៤ បើគិតជាតម្លៃ។

កៅស៊ូ និងផ្លែឈើមានចំនួនតិចជាង ១០% នៃការនាំចេញរបស់ថៃ ដែលសរុបស្មើជាងពាក់កណ្តាលនៃទិន្នផលសេដ្ឋកិច្ច។ រដ្ឋាភិបាលថៃរំពឹងថា ការនាំចេញនឹងកើនឡើងវិញនៅឆ្នាំនេះក្នុងគ្រាដែលមានការធ្លាក់ចុះតម្រូវការសកល ដោយការនាំចេញក្នុងខែមីនាបានធ្លាក់ចុះ ៤,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចំណែកការនាំចេញផ្លែទុរេនរបស់ថៃបានធ្លាក់ចុះបន្តិចបន្តួចធៀបនឹងឆ្នាំ២០២១ បន្ទាប់ពីវៀតណាមទទួលបានការអនុម័តនាំចេញទុរេនទៅប្រទេសចិន ដែលជាអតិថិទិញធំជាងគេរបស់ប្រទេសថៃ។

លោក Poonpong Naiyanapakorn អគ្គនាយកនៃការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មថៃប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា៖ «អ្នកនាំចេញត្រូវតែមានការប្រុងប្រយ័ត្ន ខណៈដែលយើងកំពុងបាត់បង់ចំណែកទីផ្សារ។ យើងត្រូវធ្វើពិពិធកម្មហានិភ័យរបស់យើងពីការពឹងផ្អែកខ្លាំងពេកទៅលើប្រទេសចិន»