(ភ្នំពេញ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានរំពឹងថា ចំនួនអ្នកបើកគណនីជួញដូរភាគហ៊ុន នឹងកើនឡើងជា ១ពាន់នាក់ក្នុងមួយខែ ចាប់ពីបច្ចុប្បន្ននេះ រហូតដល់ចុងឆ្នាំ ដោយសារតែផ្សារមូលបត្រមានក្រុមហ៊ុនធំៗ និងល្អៗចាប់ផ្ដើមបោះជំហាន ចូលមកជាបន្ដបន្ទាប់។

ការលើកឡើងរបស់លោក លោក ហុង សុហួរ ធ្វើឡើងក្នុងវេទិកាក្រុមហ៊ុនចុះបញ្ជីភាគហ៊ុន រៀបចំឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

លោក ហុង សុហួរ បានថ្លែងថា ឆ្នាំ២០២៣នេះ ផ្សារមូលបត្រកម្ពុជា មានការរីកចម្រើនជាងឆ្នាំកន្លងមកទៅ ដោយសារតែចំនួនវិនិយោគិនកើនច្រើន ជាក់ស្ដែង ៣ខែដំបូងឆ្នាំនេះ​ មានវិនិយោគិន និងអ្នកបើកគណនីថ្មី ជាមធ្យមជាង ១ពាន់នាក់ក្នុងមួយខែ នេះជាតួលេខដែលច្រើនជាងពេលកន្លងមក បើធៀបនឹងឆ្នាំ២០២២ អ្នកបើកគណនីចន្លោះពី ២០០នាក់ទៅ ៥០០នាក់ប៉ុណ្ណោះ។

លោកបានបញ្ជាក់ថា «ខ្ញុំរំពឹងថាចន្លោះពីបច្ចុប្បន្នដល់ចុងឆ្នាំ២០២៣ ចំនួនអ្នកបើកគណនី នឹងមានច្រើនជាង ១ពាន់នាក់ ក្នុងមួយខែ ដោយសារតែផ្សារមូលបត្រ មានក្រុមហ៊ុនធំៗ និងល្អចាប់ផ្ដើមបោះជំហាន ចូលមកកាន់ផ្សារមូលបត្រ ជាបន្ដបន្ទាប់ដូចជា ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គួច ម៉េងលី, ក្រុមហ៊ុន Cellcard របស់អ្នកឧកញ៉ា គិត ម៉េង ព្រមទាំងក្រុមហ៊ុនធំៗ និងល្បីៗជាច្រើនទៀត។ កត្តាទាំងនេះហើយរំពឹងថា ដាច់ឆ្នាំ២០២៣ផ្សារមូលបត្រ នឹងមានវិនិយោគិន៥ម៉ឺននាក់»

លោកបានបញ្ជាក់ថា យើងតែងតែមានក្ដីស្រម័យថា ទំហំជួញដូររបស់ផ្សារមូលបត្រប្រចាំថ្ងៃកើនឡើង ១ជា២ជារៀងរាល់ឆ្នាំ ដោយក្នុងឆ្នាំ២០២០ ទំហំជួញដូរមានជាង១០ម៉ឺនដុល្លារក្នុងមួយថ្ងៃ, ២០២១ ទំហំជួញដូរមានជាង ២០ម៉ឺនដុល្លារក្នុងមួយថ្ងៃ ២០២២ទំហំជួញដូរមានជាង ៥០ម៉ឺនដុល្លារ ដែលតួលេខទាំងនេះបង្ហាញពីការកើនឡើង១ជា២ជារៀងរាល់ឆ្នាំ ហើយរំពឹងថា លំហូរនេះនឹងបន្ដកើនឡើងបន្ដបន្ទាប់ ដើម្បីសម្រេចក្ដីស្រមៃជួញដូរបានជាង ១០០លានដុល្លាជាមធ្យមក្នុងមួយថ្ងៃ ក្នុងឆ្នាំ២០៣០៕