(ភ្នំពេញ)៖ អគ្គនាយកទីផ្សារមូលបត្រកម្ពុជា និងអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានលើកឡើងថា ភាគហ៊ុន​របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលជាអង្គភាពសាធារណៈរបស់រដ្ឋ កំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគនៅក្នុងទីផ្សារ ខណៈតម្លៃភាគហ៊ុនរបស់អង្គភាពនេះ នៅមានតម្លៃទាបនៅឡើយ ដែលជាឱកាសសម្រាប់វិនិយោគិនថ្មី ធ្វើការវិនិយោគ ដើម្បីទទួលបានផលចំណេញនៅពេលខាងមុខ។

ថ្លែងក្នុងវេទិកាក្រុមហ៊ុនចុះបញ្ជីភាគហ៊ុន រៀបចំឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ នៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា(CSX) បានកត់សម្គាល់ថា ​អាជីវកម្មរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​មានការរីកចម្រើនជាបន្តបន្ទាប់ និងទទួលបានផលចំណេញជាប្រចាំ ដែលធ្វើឱ្យវិនិយោគិនមានទំនុកចិត្ត ​និងទទួលបានចំណាប់អារម្មណ៍ខ្លាំងក្នុងចំណោមវិនិយោគិននៅក្នុងទីផ្សារ។

លោកបន្តថា គិតតាមស្តង់ដារ IPO តម្លៃភាគហ៊ុនរបស់អង្គភាព​នេះ គួរតែកើនឡើង២ដង ដោយសារ​ទទួលបានប្រាក់ចំណេញទៀងទាត់ ​មានការជួញដូរជាប្រចាំ និងមានស្ថេរភាពល្អ ​ក៏ដូចជាមានទំនោរកើនឡើងជាប្រចាំ។

លោកមានប្រសាសន៍បន្តថា«យើងឃើញថា ភាគហ៊ុនរបស់រដ្ឋាករទឹកនៅតែជាភាគហ៊ុនដែលល្អសម្រាប់ការវិនិយោគក្នុងរយៈពេលវែង ព្រោះឃើញថាតម្លៃហ៊ុន​នៅរៀងធូរថ្លៃ បើប្រៀបធៀបនឹងក្រុមហ៊ុនដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានៅបរទេស ។ យើងមានក្តីសង្ឃឹមថា នៅពេលមានវិនិយោគិនចូលរួមកាន់តែច្រើន មានក្រុមហ៊ុនមកចូលរួមកាន់តែច្រើន និងមានវិនិយោគិនមកពីបរទេសមកវិនិយោគកាន់តែច្រើននោះ យើងរំពឹងថា វិនិយោគិនរបស់យើងនឹងទទួលបានផលចំណេញកាន់តែច្រើន»

លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានលើកឡើងថា តម្លៃភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២២ មានការប្រែប្រួលជាវិជ្ជមាន ដោយក្នុងនោះតម្លៃភាគហ៊ុនបានកើនឡើង​ពី៦៣០០រៀលក្នុងមួយហ៊ុនដែលជាឆ្នាំបោះផ្សាយ ដល់តម្លៃ ៧ ៥៦០រៀល ក្នុងមួយហ៊ុន គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ដែលមានកំណើនប្រមាណ២០%។

លោកបន្តថា ក្នុងឆ្នាំ២០២២ កន្លងមក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានគ្រប់គ្រង និងកាត់បន្ថយអត្រាទឹកបាត់បង់មកត្រឹម៨.៥០% ដែលការគ្រប់គ្រង​ការទឹកបាត់បង់នេះ គឺជាកត្តាស្លាប់រស់ក្នុងកិច្ចដំណើរការរបស់អង្គភាព។ លទ្ធផល​សម្រេចបាននេះ បានធ្វើឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រក្សាបាននូវប្រាក់ចំណេញរៀងរាល់ឆ្នាំ ដែលធ្វើឱ្យវិនិយោគិន ភាគហ៊ុនិកមានទំនុកចិត្ត និងបន្តធ្វើការវិនិយោគលើភាគហ៊ុន នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ព្រមទាំងធ្វើឱ្យតម្លៃភាគហ៊ុនមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយការបែងចែកភាគលាភក៏មានការកើនឡើងរៀងរាល់ឆ្នាំផងដែរ។

លោកបន្ថែមថា «​គ្មានអ្វីធ្វើឱ្យទុកចិត្តនូវការធ្វើអាជីវកម្មរបស់រដ្ឋាករទឹកទេ កាលណាមានភាពទុកចិត្តលើការធ្វើអាជីវកម្មរបស់រដ្ឋាករទឹក ខ្ញុំជឿថាតម្លៃហ៊ុន នឹងកើនឡើង ជាពិសេសផ្អែកទៅតាមការផ្សព្វផ្សាយវឌ្ឍនភាព របស់រដ្ឋាករទឹកនាឆ្នាំ២០២១ ដល់ឆ្នាំ២០៣០​ ខ្ញុំជឿថាអ្នកទិញភាគហ៊ុនរបស់រដ្ឋាករទឹក នឹងមានក្តីសង្ឃឹមទទួលបានផលចំណេញ​»

គួរជម្រាបថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គឺជាអង្គភាពរបស់រដ្ឋដំបូងដែលបានចុះបញ្ជីក្នុងទីផ្សារភាគកម្ពុជា កាលពីឆ្នាំ២០១២ ដើម្បីបើកផ្លូវឱ្យទីផ្សារមូលបត្រនៅកម្ពុជាចាប់ផ្តើមដំណើរការ និងជំរុញលើកទឹកចិត្តដល់វិនិយោគិនក្នុងប្រទេស និងក្រៅប្រទេសចូលរួមវិនិយោគលើវិស័យមូលបត្រ៕