(ភ្នំពេញ)៖ ប្រទេសកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (UAE) បានព្រមព្រៀងគ្នាលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយទ្វេភាគី ខណៈដែលរដ្ឋស្ថិតនៅឈូងសមុទ្រពែក្សមួយនេះ សម្លឹងមើលការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនានា ក្នុងវិស័យសេដ្ឋកិច្ចជាយុទ្ធសាស្ត្រ ជាពិសេសនៅតំបន់អាស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន WAM របស់អេមីរ៉ាតអារ៉ាប់រួមថា ប្រទេសទាំងពីរបានបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែលមានឈ្មោះថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ (CEPA) ក្នុងរយៈពេលប្រាំមួយខែបន្ទាប់ពីចាប់ផ្តើមចរចា។

នៅពេលអនុវត្តកិច្ចព្រមព្រៀង CEPA នឹងលុបចោលពន្ធគយជាច្រើនលើផលិតផលកសិកម្ម ទំនិញស្បែក និងសម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា ខណៈដែលបើកទីផ្សារថ្មីសម្រាប់វិស័យផលិតកម្ម និងឧស្សាហកម្មរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម។

លោក Thani Al Zeyoudi រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបរទេស ប្រទសអេមីរ៉ាតអារ៉ាប់រួម ដែលបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍នេះថា «វិស័យផលិតកម្មស្បៀង និងកសិកម្មរបស់កម្ពុជា ដែលជាផ្នែកដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ពួកគេ ក៏នឹងជួយយើងឱ្យសម្រេចបានមហិច្ឆតាសន្តិសុខស្បៀងរបស់យើងផងដែរ»។

កម្មវិធី CEPA ដែលបានចាប់ផ្តើមនៅឆ្នាំ២០២១ នៅពេលដែលសេដ្ឋកិច្ចពិភពលោកបានស្ទុះងើបឡើងវិញ ពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ គឺជាធាតុដ៏សំខាន់នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលមានគោលបំណងបង្កើនទំហំសេដ្ឋកិច្ចទ្វេដងដល់ ៧៦២ពាន់លានដុល្លារនៅឆ្នាំ២០៣០។

ប្រទេសស្ថិតនៅក្នុងតំបន់ឈូងសមុទ្រពែក្សមួយនេះ បានចុះហត្ថលេខាលើ CEPAs ជាមួយឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីស្រាអែល និងតួកគី ហើយកំពុងស្ថិតក្នុងដំណើរការចរចាកិច្ចព្រមព្រៀងស្រដៀងគ្នានេះជាមួយប្រទេសមួយចំនួនទៀត រួមមាន កូស្តារីកា កេនយ៉ា និងអ៊ុយក្រែនផងដែរ។

ពាណិជ្ជកម្មមិនមែនប្រេងរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម ជាមួយកម្ពុជាមានចំនួនច្រើនជាង ៤០១លានដុល្លារក្នុងឆ្នាំ២០២២ កើនឡើង ៣១ភាគរយធៀបនឹងឆ្នាំ២០២១ ខណៈដែលការវិនិយោគផ្ទាល់ពីបរទេសទ្វេភាគីកើនឡើងដល់ជិត ៤លានដុល្លារនៅដំណាច់ឆ្នាំ២០២០។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែមេសាថា តាមការគ្រោងទុកចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ធ្វើឡើងនៅចុងខែមេសានេះ ប៉ុន្តែដោយសារតែមានកិច្ចការងារមួយចំនួនមិនទាន់បានបញ្ចប់ នោះគឺជាការសម្អាតអត្ថបទលក្ខខណៈច្បាប់ ទើបត្រូវពន្យារពេលរហូតដល់ចុងខែឧសភា ឬដើមខែមិថុនាខាងមុខនេះ។

លោកបញ្ជាក់ថា «ដោយសារតែឯកសារកិច្ចច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-UAE មានរហូតដល់១៨ជំពូក ស្មើនឹង៥៨០ទំព័រ ដូច្នេះត្រូវពេលវេលាសម្អាតអត្ថបទជាលក្ខខណៈច្បាប់។ យើងរំពឹងថាអាចបញ្ចប់កិច្ចការងារដែលនៅសេសសល់ ឈានដល់ការសុំសិទ្ធិប្រទានពីរាជរដ្ឋាភិបាល ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នៅចុងខែឧសភា ឬដើមខែមិថុនាខាងមុខ»។

សូមជម្រាបថា ​កិច្ចព្រមព្រៀង​ CEPA ​បានប្រកាសបើកការចរចាជុំទី១ នៅថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២ នៅរដ្ឋធានីអាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួម។ បន្ទាប់មក ភាគីទាំងពីរបានរៀបចំការចរចាជុំទី២ នៅថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ​និងការចរចាជុំទី៣ ដែលជុំចុងក្រោយ​ នៅថ្ងៃទី២០-២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងឌុយបៃ អេមីរ៉ាតអារ៉ាប់រួម ​។ កិច្ចព្រមព្រៀងនេះបានបញ្ចប់ការចរចាជាផ្លូវការហើយ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣៕