(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានលើកឡើងថា ការធ្វើកំណែទម្រង់ពន្ធដារ ជាដំណើរការឥតឈប់ឈរ (Continuous Process) ដែលបាន និងកំពុងបន្តកែលម្អ នូវគោលនយោបាយចាំបាច់នានា និងធ្វើទំនើបកម្ម រដ្ឋបាលសារពើពន្ធ ក្នុងន័យបង្កភាពងាយស្រួល សមធម៌មានភាពត្រឹមត្រូវក្នុងការបង់ពន្ធ និងត្រូវអនុវត្តការងារដោយគោរព នូវគោលការណ៍អភិបាលកិច្ចល្អ ដែលមានគុណតម្លៃចំនួន៣ «ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព» ជាស្នូលនៃយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។

ការលើកឡើងរបស់លោក គង់ វិបុលធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការដាក់ឱ្យ ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង ការកែតម្រូវលិខិតប្រកាសពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ» នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។

លោករដ្ឋមន្ត្រីថា ការបង្កើតឡើងនូវប្រព័ន្ធគ្រប់គ្រងទិន្នន័យ សម្រាប់គាំទ្រឱ្យការងារប្រមូលចំណូលពន្ធដារ បានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ការគ្រប់គ្រងការប្រមូលចំណូលឱ្យមានចីរភាព និងកើនឡើងជាលំដាប់ ទោះបីជាកម្ពុជាត្រូវបានរងផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និង សង្រ្គាមរុស្សី-អ៊ុយក្រែនយ៉ាងណាក្តី។

កន្លងមកការដាក់លិខិតប្រកាសពន្ធប្រចាំឆ្នាំ តម្រូវឱ្យអ្នកជាប់ពន្ធ បំពេញលិខិតប្រកាសពន្ធដោយដៃ ហើយត្រូវយកមកប្រកាស និងបង់ប្រាក់ពន្ធនៅរដ្ឋបាលសារពើពន្ធ ដែលធ្វើឱ្យអ្នក ជាប់ពន្ធមួយចំនួនមានការរអ៊ូរទាំចំពោះការរង់ចាំរយៈពេលយូរ ជាពិសេសនៅថ្ងៃផុតកំណត់កាលបរិច្ឆេទបង់ពន្ធ។ ដូចនេះ ដើម្បីផ្តល់ភាពងាយស្រួល សម្រាប់សហគ្រាសទាំងអស់ ក្នុងការបំពេញកាតព្វកិច្ចពន្ធឱ្យបានទាន់ពេលវេលា និងឆាប់រហ័ស ក៏ដូចជាឆ្លើយតបទៅនឹងបរិបទវិបត្តិនៃជំងឺកូវីដ-១៩ អគ្គនាយកដ្ឋានពន្ធដារក៏បានបង្កើតនិងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងការប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ និងបង់ប្រាក់ពន្ធតាមប្រព័ន្ធអនឡាញផងដែរ។

ទន្ទឹមនឹងភាពងាយស្រួល ក្នុងការប្រើប្រាស់ប្រព័ន្ធ អ្នកជាប់ពន្ធមួយចំនួនក៏នៅតែជួប នូវបញ្ហាប្រឈមនានា ជាក់ស្តែងការ កែតម្រូវលិខិតប្រកាសពន្ធ ដែលបានប្រកាស និងបង់ប្រាក់ពន្ធរួចរាល់។ ដើម្បីដោះស្រាយនូវបញ្ហាប្រឈម នេះ អគ្គនាយកដ្ឋានពន្ធដារបានអភិវឌ្ឍប្រព័ន្ធថ្មីមួយទៀត គឺប្រព័ន្ធគ្រប់គ្រងការកែតម្រូវលិខិតប្រកាសពន្ធ លើប្រាក់ចំណូល តាមអនឡាញ ដើម្បីជួយសម្រួលដល់ការស្នើសុំកែតម្រូវលិខិតប្រកាសពន្ធ លើប្រាក់ចំណូលរបស់សហគ្រាស ដែលបាន ប្រកាសខុសកន្លងមក ហើយមានបំណងចង់កែតម្រូវឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ។

 កន្លងមកការស្នើសុំកែតម្រូវលិខិតប្រកាសពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំ ត្រូវធ្វើឡើងដោយផ្ទាល់ជាមួយមន្រ្តីដែលធ្វើឱ្យសហគ្រាស និងមន្ត្រីពន្ធដារ មានផលលំបាកក្នុងការគ្រប់គ្រង និងតាមដានទិន្នន័យដែលបានស្នើសុំកែតម្រូវ ដូចជាទិន្នន័យដែលបានដាក់លើកដំបូង និងទិន្នន័យក្រោយកែតម្រូវមិនបានតភ្ជាប់គ្នា។ ដូច្នេះតាមរយៈប្រព័ន្ធនេះ សហគ្រាសមិនចាំបាច់បំពេញឯកសារលើទម្រង់ Hard Copy និងស្នើសុំដោយផ្ទាល់ជាមួយមន្ត្រីនោះទេ គ្រាន់តែចូល ទៅកាន់ប្រព័ន្ធអនឡាញ រួចបំពេញព័ត៌មានដែលត្រូវកែតម្រូវ រួចបញ្ជូនមកអគ្គនាយកដ្ឋានពន្ធដារ តាមប្រព័ន្ធអនឡាញ ចំណែកមន្រ្តីពន្ធដារក៏មិនចាំបាច់ទទួលឯកសារ ដោយផ្ទាល់ទៀតនោះដែរ គឺគ្រាន់តែពិនិត្យ ផ្តល់មតិយោបល់ ឬសម្រេចអនុញ្ញាតឱ្យកែតម្រូវតាមរយៈប្រព័ន្ធតែម្តង។

ទន្ទឹមនឹងនេះ សហគ្រាសដែលបានដាក់ពាក្យស្នើសុំរួចរាល់តាមប្រព័ន្ធ គ្រប់គ្រងការកែតម្រូវលិខិតប្រកាសពន្ធ លើប្រាក់ចំណូលតាមអនឡាញ នឹងទទួលបានលិខិតបញ្ជាក់ការទទួលឯកសារ និងអាចតាមដានឯកសារតាមរយៈកម្មវិធី GDT Check & Track។

បន្ថែមពីនេះ លោកក៏បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីពន្ធដារដែលទទួលបន្ទុកយកចិត្តទុកដាក់ លើការងារទទួល និងចាត់ចែងលិខិតប្រកាសនេះ ជាពិសេសយកចិត្តទុកដាក់សិក្សា ឈ្វេងយល់ពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង ការកែតម្រូវលិខិតប្រកាសពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ ដើម្បីផ្តល់សេវាដល់អ្នកជាប់ពន្ធ លើការស្នើសុំកែតម្រូវលិខិត ប្រកាសពន្ធឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព។

ក្នុងវគ្គបណ្តុះបណ្តាលនេះ មានការធ្វើបទបង្ហាញដោយលោក លីម ដឺលុច អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ ស្តីពីរំហូរនៃប្រព័ន្ធគ្រប់គ្រង ការកែតម្រូវលិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ និងបទបង្ហាញ ដោយលោក សុធី គីរី មន្ត្រីជំនាញនៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការកែតម្រូវ លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ (សម្រាប់មន្ត្រី និងសម្រាប់អ្នកជាប់ពន្ធ) និងមានការប្រឡងតេស្តសមត្ថភាពរបស់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញដែលបានចូលរួម។

លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីពន្ធដារគ្រប់ជាន់ថ្នាក់ នៅតាមអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានពន្ធដារ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ៕