(តូក្យូ)៖ លោកស្រី Katherine Tai អ្នកតំណាងពាណិជ្ជកម្មអាមេរិកបានឱ្យដឹងនៅថ្ងៃអង្គារថា កិច្ចព្រៀងពាណិជ្ជកម្មនៅអាស៊ីដែលដឹកនាំដោយរបស់រដ្ឋាភិបាលបាលអាមេរិកដែលហៅថា IPEF មិនមែនបង្កើតឡើងដើម្បីបង្កផលប៉ះពាល់ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងទៀតក្នុងតំបន់ ដែលប្រទេសចិនកំពុងពង្រីកឥទ្ធិពលរបស់ខ្លួននោះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា កិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ដែលប្រធានាធិបតីអាមេរិកលោក Joe Biden បានចាប់ផ្តើមកាលពីខែឧសភាឆ្នាំមុន មានគោលបំណងទប់ទល់នឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការពង្រីកឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងតំបន់នេះ។

ប្រទេសដែលចូលរួមក្នុងកិច្ចពិភាក្សាអំពី IPEF រួមមាន អូស្ត្រាលី ព្រុយណេ ហ្វីជី ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ណូវែលសេឡង់ ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ រួមគ្នាជាមួយសហរដ្ឋអាមេរិក ប្រទេសទាំងនេះតំណាងឱ្យប្រហែល ៤០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។

តំបន់នេះមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនរួចមកហើយ រួមទាំងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដែលគាំទ្រដោយប្រទេសចិន ដែលមានប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមទាំងអូស្ត្រាលី និងជប៉ុនជាសមាជិក។

លោកស្រី Tai ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រខណៈថ្លែងទៅកាន់សន្និសីទសារព័ត៌មានអនឡាញមួយថា៖ «ប្រធានបទនៃការបង្រួបបង្រួមនៅក្នុងការចូលរួមក្នុង IPEF ផ្តោតលើបញ្ហាសេដ្ឋកិច្ច និងប្រធានបទនានា ដែលតាមរយៈការសហការគ្នានេះ សហរដ្ឋអាមេរិកនិងប្រទេសជាដៃគូទាំងនេះនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក អាចលើកកម្ពស់សេដ្ឋកិច្ចដែលមានភាពធន់ និរន្តរភាព និងរួមបញ្ចូលកាន់តែខ្លាំង»

លោកស្រីមានប្រសាសន៍ថា៖ «ក្នុងន័យនេះ ខ្ញុំមិនយល់ឃើញថា ការណ៍នេះជាការប៉ះទង្គិចជាមួយកិច្ចព្រមព្រៀងប្រភេទផ្សេងទៀតនោះទេ»

លោកស្រី Tai បានពិពណ៌នាអំពីទំនាក់ទំនងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងចិនថាមានភាព «ស្មុគស្មាញ» ហើយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការដោះស្រាយភាពស្មុគស្មាញទាំងនេះ និងបញ្ហាប្រឈមនានាមិនត្រឹមតែសម្រាប់ប្រជាជាតិទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោក។

លោកស្រីបានបន្ថែមថា៖ «វានឹងមានសារៈសំខាន់សម្រាប់យើង ... ដើម្បីទទួលស្គាល់ថា ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរក្នុងពិភពលោក យើងមានទំនួលខុសត្រូវចំពោះកម្មករនិយោជិត អាជីវកម្មផ្ទាល់របស់យើង និងរបស់ពិភពលោកផងដែរ ដើម្បីទទួលបានអ្វីដែលត្រឹមត្រូវរវាងពួកយើង»