(ញូវយ៉ក)៖ ប្រេងឆៅឡើងថ្លៃនៅថ្ងៃពុធសប្តាហ៍នេះបន្ទាប់ពីបានធ្លាក់ចុះជាង ២ភាគរយនៅក្នុងវគ្គមុន ខណៈដែលរបាយការណ៍អំពីការធ្លាក់ចុះស្តុកប្រេងឆៅ និងឥន្ធនៈអាមេរិកបានទាញចំណាប់អារម្មណ៍របស់វិនិយោគិនជាថ្មីទៅលើតម្រូវការប្រេងដ៏រឹងមាំក្នុងប្រទេសអ្នកប្រើប្រាស់ប្រេងច្រើនជាងគេលើពិភពលោកនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រេងឆៅប្រភេទ Brent បានឡើងថ្លៃ ៤០សេន ឬ ០,៥ភាគរយដល់ ៨១,១៧ដុល្លារក្នុងមួយបារ៉ែលនៅថ្ងៃពុធ។ ប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង ៤៨សេន ឬ ០,៦ភាគរយដល់ ៧៧,៥៥ដុល្លារក្នុងមួយបារ៉ែល។

យោងតាមប្រភពទីផ្សារដែលដកស្រង់តួលេខរបស់វិទ្យាស្ថានប្រេងអាមេរិក (API) កាលពីថ្ងៃអង្គារ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះប្រហែល ៦,១លានបារ៉ែលក្នុងសប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី២១ ខែមេសា។ អ្នកវិភាគបានរំពឹងថា ស្តុកប្រេងឆៅនឹងធ្លាក់ចុះប្រហែល ១,៥លានបារ៉ែល។

ប្រភពបានឱ្យដឹងថា ស្តុកប្រេងសាំងបានធ្លាក់ចុះ ១,៩លានបារ៉ែលកាលពីសប្តាហ៍មុន ខណៈពេលដែលស្តុកប្រេងប្រភេទ distillate បានកើនឡើង ១,៧លានបារ៉ែល។

ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបាននិងកំពុងធ្លាក់ចុះចាប់តាំងពីពាក់កណ្តាលខែមីនា ដោយសាររោងចក្រចម្រាញ់ប្រេងបានបង្កើនផលិតកម្មចម្រាញ់ប្រេងរបស់ខ្លួន ដើម្បីផលិតប្រេងសាំងបន្ថែមទៀត មុនពេលតម្រូវការខ្លាំងនារដូវក្តៅមកដល់នៅក្នុងខែឧសភាខាងមុខ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕