(ភ្នំពេញ)៖ លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា​ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានឱ្យដឹងថា គិតមកដល់បច្ចុប្បន្ននេះ នាយកដ្ឋានកម្មសិទ្ធិបញ្ញា បានចុះបញ្ជីម៉ាកទំនិញសរុបជាង ១០ម៉ឺនម៉ាក និងប្តេជ្ញាជំរុញការចុះបញ្ជី​ការពារផលិតផលសក្តានុពលរបស់កម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បី​ជំរុញការនាំចេញ និងបង្កើនតម្លៃបន្ថែម។

លោក សួន វិជ្ជា លើកឡើងបែបនេះ ធ្វើឡើង​នៅក្នុង​ទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៣ ដែលបានរៀបចំឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារភ្នំពេញ។

លោកបានឱ្យដឹងបន្តថា ដោយឡែកនៅឆ្នាំ២០២២ នាយកដ្ឋានបានចុះបញ្ជីម៉ាកសរុប ៦ ២៣០ ម៉ាក និងបានចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញបរទេសបានចំនួន ៥៦ ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញកម្ពុជាបន្ថែមទៀតចំនួន ៣ និងម៉ាកសមូហភាពបន្ថែមចំនួន ៤ទៀត។

លោកបន្ថែមថា នាយកដ្ឋានកម្មសិទ្ធិបញ្ញា ប្តេជ្ញាជំរុញការចុះបញ្ជី​ការពារផលិតផលសក្តានុពល របស់កម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាកសិករ ជំរុញការនាំចេញ លើកកម្ពស់វប្បធម៌របស់កម្ពុជា។ ជាងនេះទៅទៀត ក្នុងការរួមចំណែកប្រែក្លាយកម្ពុជា ទៅជាអធិរាជស្វាយចន្ទីស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា នាយកដ្ឋានកម្មសិទ្ធិបញ្ញា និងគាំទ្រការកសាងកេរ្តិ៍ឈ្មោះម៉ាកផលិតផលស្វាយចន្ទីកម្ពុជា ឱ្យមានការវេចខ្ចប់ និងបំពាក់ម៉ាកសម្គាល់ត្រឹមត្រូវ ដែលជាធាតុសំខាន់នៅក្នុងការបើកទីផ្សារស្វាយចន្ទីកម្ពុជាទៅបរទេស​​ តាមរយៈការផ្សព្វផ្សាយ និងបង្ហាញផលិតផលក្នុងពិព័រណ៍។

​លោកបានលើកឡើងបន្តថា នៅក្នុងការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីម៉ាក និងការធ្វើឱ្យប្រសើរឡើងនូវសេវាសាធារណៈ​ នាយកដ្ឋានកម្មសិទ្ធិបញ្ជា បាននិងកំពុងធ្វើសមាណរណកម្មទិន្នន័យម៉ាក ពីប្រព័ន្ធគ្រប់គ្រងកម្មសិទ្ធិឧស្សាហកម្ម IPAS3 ទៅជា IPAS4 ដែលគ្រប់គ្រង និងដំណើរការចុះបញ្ជីម៉ាកនៅក្នុង Cloud និងកំពុងបន្តសាកល្បងប្រព័ន្ធចុះបញ្ជីម៉ាកអាស៊ាន ព្រមទាំងបានរៀបចំមជ្ឈមណ្ឌលផ្តល់ព័ត៌មាន និងពិគ្រោះយោបល់កម្មសិទ្ធិបញ្ញាតាមប្រព័ន្ធអនឡាញ និងគ្រោងដាក់ឱ្យដំណើរការកម្មវិធីវិភាពកម្មសិទ្ធិបញ្ញាសម្រាប់ធុរកិច្ច។

​លើសពីនេះទៀត នាយកដ្ឋានកម្មសិទ្ធិកម្មសិទ្ធិបញ្ញា កំពុងអនុវត្តគម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាក ជាមួយអង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចប្រចាំអាស៊ាន និងអាស៊ីបូព៌ា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD) និងដៃគូអភិវឌ្ឍន៍ដទៃទៀត។​

លោកមានប្រសាសន៍ថា «តាមរយៈគម្រោងខាងលើនេះ ​ផលិតផលសក្តានុពលរបស់កម្ពុជាមួយចំនួនដូចជា ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ទឹកឃ្មុំព្រៃមណ្ឌលគិរី និងក្រូចថ្លុងកោះទ្រង់ និងម៉ាកសមូហភាព «គុយទាវភ្នំពេញ» បានទទួលការគាំទ្រ ហើយផលិតផលមួយចំនួនទៀតបានចុះបញ្ជីការពារម៉ាក់សម្គាល់ភូមិសាស្រ្តទំនិញ ដូចជាអំបិលកំពតកែប បង្កងតាកែវ ទឹកត្រីកំពតកែប ក្រូចថ្លុងកោះពីរ និងម៉ាកសមូហភាព« នំបញ្ចុកសៀមរាប» «ដូងខ្ទិះបាត់ដំបូង»​ និង«អំបុកកំពង់ធំ» ហើយកំពុងរៀបចំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញក្តាមថ្មកោះកុង។ ក្រោមជំនួយបច្ចេកទេសរបស់ WIPO និង UNIDO នឹងផ្តល់ជំនួយបច្ចេកទេសក្នុងការចុះបញ្ជី​ប្រហុកសៀមរាប និងបន្តគាំទ្រអភិវឌ្ឍ​ន៍សមត្ថភាពផលិតកម្មរបស់ទឹកត្រីកំពតកែប​៕