(ភ្នំពេញ)៖ ផលិតផលខ្មែរ ៧មុខ ​ត្រូវបានក្រសួងពាណិជ្ជកម្ម​​​ សម្ពោធនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងម៉ាកសមូហភាព នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ក្នុងឱកាសដែលក្រសួងពាណិជ្ជកម្ម រៀបចំទិវា​ទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៣​ ដើម្បីជំរុញការផ្សព្វផ្សាយផលិតផលខ្មែរឱ្យបានទូលំទូលាយ។

អំបិលកំពតកែប ទឹកត្រីកំពតកែប បង្កងតាកែវ ត្រូវបានក្រសួងពាណិជ្ជកម្មចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) ខណៈដូងខ្ទិះបាត់ដំបង នំបញ្ចុកសៀមរាប ក្រូចថ្លុងកោះពីរ និងអំបុកកំពង់ធំ ត្រូវបានចុះបញ្ជីជាម៉ាកសមូហភាព។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានថ្លែងថា ការចុះបញ្ជីម៉ាក់សម្គាល់ភូមិសាស្រ្តទំនិញ និងម៉ាក សមូហភាព ដល់ផលិតផលទាំងនេះ គឺជាទិសដៅរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្កើនតម្លៃបន្ថែមដល់ផលិតផលក្នុងស្រុក និងពង្រឹងភាពប្រកួតប្រជែងផលិតផលខ្មែរ នៅក្នុងទីផ្សារក្នុងស្រុក និងនាំចេញ។

លោកមានប្រសាសន៍ថា «ការចុះបញ្ជផលិតផលទាំងនេះ គឺជាសមិទ្ធផលដ៏សំខាន់ ដោយយើងបានខិតខំរួមគ្នា បង្កើត ចងក្រង អភិរក្ស ថែរក្សា អភិវឌ្ឍផលិតផលក្នុងស្រុកឱ្យមានតម្លៃបន្ថែមខ្ពស់ និងផ្សព្វផ្សាយពីវប្បធម៌របស់ខ្មែរយើង។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងម៉ាកសមូហភាព នឹងជំរុញឱ្យមានកំណើនតម្រូវការផលិតផលលើទីផ្សារជាតិ និងអន្តរជាតិកាន់តែច្រើន និងជាផ្នែកមួយនៃគោលដៅទេសចរណ៍ផងដែរ»។

លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ការចុះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងម៉ាកសមូហភាព នឹងជំរុញការផ្សព្វផ្សាយផលិតផលខ្មែរ ដែលទើបទទួលបានការចុះបញ្ជីការពារកម្មសិទ្ធិបញ្ញាឱ្យបានទូលំទូលាយ និងលើកទឹកចិត្តដល់កសិករ ដែលសម្រេចបាននូវសមិទ្ធផលជាទីមោទកៈ សម្រាប់ការអភិវឌ្ឍផលិតផល និងអាជីវកម្មរបស់ខ្លួន។

លោកបន្តថា ភាពជោគជ័យនៅក្នុងការកសាងម៉ាកសម្គាលភូមិសាស្រ្តទំនិញ ម៉ាកសមូហភាពនាពេលកន្លងមក បានធ្វើឱ្យផលិតផលកម្ពុជាជាច្រើន បានឈានចូលទៅក្នុងទីផ្សារបរទេស និងមានឈ្មោះល្បីជាខ្លាំង ដូចជាម្រេចកំពត គុយទាវភ្នំពេញ និងស្ករត្នោតកំពង់ស្ពឺ។ ផលិតផលទាំងនេះ មិនត្រឹមតែទទួលបានតម្លៃខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាផលិតផលដែលរួមចំណែកផ្សព្វផ្សាយ នូវសក្តានុពលទេសចរណ៍របស់ខេត្ត វប្បធម៌ប្រពៃណី ទំនៀមទម្លាប់ប្រវត្តិសាស្រ្ត របស់ប្រជាពលរដ្ឋកម្ពុជា នៅលើឆាកអន្តរជាតិផងដែរ។

លោក លូង ​ហ៊ុន ប្រធានសមាគមអ្នកផលិត និងអាជីវករក្រូចថ្លុងកោះពីរ បានលើកឡើងថា បន្ទាប់ពីក្រូចថ្លុងកោះពីរ ចុះបញ្ជីជាម៉ាកសមូហភាព នឹងជំរុញឱ្យកេរ្តិ៍ឈ្មោះរបស់ក្រូចកោះពីរខេត្តត្បូងឃ្មុំ នឹងកាន់តែល្បី មានទីផ្សារ​ល្អ និងមានការគាំទ្រពីអ្នកបរិភោគច្រើនជាងមុន ខណៈបច្ចុប្បន្ននេះ ក្រូចថ្លុងកោះពីរផ្គត់ផ្គង់ត្រឹមតែទីផ្សារក្នុងខេត្តត្បូងឃ្មុំ កំពង់ចាម និងភ្នំពេញប៉ុណ្ណោះ ដោយសារមិនមានម៉ាកសញ្ញាដែលគេទទួលស្គាល់។

លោកបានឱ្យដឹងថា អ្វីដែលជំរុញឱ្យក្រូចថ្លុងកោះពីរ ចុះបញ្ជីម៉ាកសមូហភាព ដោយសារក្រូចរបស់តំបន់នេះ មានរសជាតិឆ្ងាញ់ ផ្អែម កំពឹស​ទន់ ​មួយបែបពីក្រូចថ្លុងកោះទ្រុងខេត្តក្រចេះ។ លោកសង្ឃឹមថា បន្ទាប់ពីក្រូចថ្លុងកោះពីរ ចុះបញ្ជីជាម៉ាកសមូហភាព ការផ្គត់ផ្គង់កាន់តែធំទូលាយ ព្រមទទួលបានតម្លៃបន្ថែមខ្ពស់ជាងបច្ចុប្បន្ននេះ ដែលធ្វើឱ្យសហគមន៍មានជីវភាពល្អ ស្របពេលប្រជាសហគមបាននិងកំពុងពង្រីកផ្ទៃដីដាំដុះផងដែរ។

លោក សាប់ សារុន ប្រធាន​សមាគមបង្កងខេត្តតាកែវ បានឱ្យដឹងថា ​ខណៈពេលដែលបង្កងតាកែវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ សមាគម ​បាននិងកំពុងរៀបចំពង្រីកទីផ្សារ និងបង្កើនការផលិតបន្ថែម ពោលគឺក្នុងកសិដ្ឋាននីមួយៗ ដែលធ្លាប់ទទួលបានទិន្នផល១តោនក្នុងមួយឆ្នាំ នឹងបង្កើនការផលិតឱ្យបាន២តោនក្នុងមួយឆ្នាំ​ ដើម្បីបង្កើនការផ្គត់ផ្គង់ទីផ្សារឱ្យបានយ៉ាងហោចណាស់១០០គីឡូក្នុងមួយថ្ងៃ​៕