(ហូជីមិញ)៖ តម្លៃមាសរបស់ក្រុមហ៊ុន SJC របស់វៀតណាមបានធ្លាក់ចុះ ០,០៨% មកនៅត្រឹម ៦៧លានដុង (ប្រហែល ២ ៨៥៣,៤៣ដុល្លារ) ក្នុងមួយតម្លឹងនៅព្រឹកថ្ងៃចន្ទ។ នេះបើយោងតាមកាសែត VN Express International របស់វៀតណាម។

កាសែត VN Express International បានរាយការណ៍ថា តម្លៃចិញ្ចៀនមាសបានធ្លាក់ចុះ ០,០៩% មកនៅត្រឹម ៥៦,៦៥លានដុងក្នុងមួយតម្លឹង (ប្រហែល ២ ៤១២ដុល្លារ)។ មួយតម្លឹងស្មើនឹង ៣៧,៥ ក្រាម ឬ ១,២ អោន។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ តម្លៃមាននៅលើទីផ្សារពិភពលោក បានធ្លាក់ចុះថ្លៃកាលពីថ្ងៃចន្ទ ក្នុងការជួញដូរពីរវគ្គជាប់ៗគ្នានៅក្នុងទីផ្សារ ខណៈដែលការផ្តោតអារម្មណ៍របស់វិនិយោគិនបានប្តូរ ទៅរកកិច្ចប្រជុំរបស់ធនាគារកណ្តាលនានា ស្តីពីយុទ្ធសាស្រ្តដំឡើងអត្រាការប្រាក់របស់ពួកគេ ដែលអាចបង្ហាញឱ្យឃើញច្បាស់ថា តើមានវឌ្ឍនភាពដែរ ឬយ៉ាងណាក្នុងយុទ្ធនាការទប់ទល់អតិផរណា។

តម្លៃមាសទិញលក់ភ្លាមៗបានធ្លាក់ចុះ ០,១% មកនៅត្រឹម ១ ៩៨០,៨៩ដុល្លារក្នុងមួយអោននៅពេលថ្ងៃត្រង់នៅថ្ងៃចន្ទ។ មាសក្នុងកិច្ចសន្យាអនាគតនៅទីផ្សារសហរដ្ឋអាមេរិកមានតម្លៃ ១ ៩៩០,២ដុល្លារក្នុងមួយអោន៕