(ញូវយ៉ក)៖ ខណៈឥណ្ឌាវ៉ាដាច់ប្រទេសចិន ក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេក្នុងពិភពលោក ប្រទេសមានប្រជាជនច្រើនជាងគេបំផុតទាំងពីរនេះ ប្រឈមនឹងបញ្ហាដ៏តឹងតែងលើការផ្តល់សេវា ដល់ប្រជាជនដែលកាន់តែចូលវ័យចំណាស់របស់ខ្លួន។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់របាយការណ៍មួយ របស់អង្គការសហប្រជាជាតិ (UN) ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះថា ចន្លោះពីឆ្នាំ២០២៣ ដល់២០៥០ ចំនួនប្រជាជនអាយុចាប់ពី ៦៥ឆ្នាំឡើងទៅត្រូវបានរំពឹងថានឹងកើនឡើងជិតទ្វេដងនៅក្នុងប្រទេសចិន និងកើនឡើងទ្វេដងក្នុងប្រទេសឥណ្ឌា។ កត្តានេះបង្កជា «បញ្ហាប្រឈមដ៏ធំចំពោះសមត្ថភាពរបស់ប្រព័ន្ធថែទាំសុខភាព និងធានារ៉ាប់រងសង្គម»

ខណៈដែលចំនួនប្រជាជនឥណ្ឌារំពឹងថានឹងកើនឡើងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍នេះ ចំនួនប្រជាជនរបស់ប្រទេសចិនបានចាប់ផ្តើមធ្លាក់ចុះនាពេលថ្មីៗនេះ។ ចំនួនប្រជាជនបានធ្លាក់ចុះជាលើកដំបូងចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០មក បន្ទាប់ពីធ្លាក់ចុះការផ្តល់កំណើតរយៈពេលប្រាំមួយឆ្នាំជាប់គ្នា។ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ចំនួនប្រជាជនធ្វើការរបស់ចិនបានធ្លាក់ចុះជាង ៤១លាននាក់ ឬស្មើនឹងទំហំកម្លាំងពលកម្មសរុបរបស់ប្រទេសអាល្លឺម៉ង់។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ទៀតថា អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា នៅឆ្នាំ២០៤០ ប្រជាជនដែលមានអាយុពី ៦៥ឆ្នាំឡើងក្នុងប្រទេសចិននឹងមានចំនួនច្រើនជាងអ្នកដែលមានអាយុក្រោម ២៥ឆ្នាំ។ នៅឆ្នាំ២០៥០ ពួកគេអាចមានចំនួន ៣០% នៃចំនួនប្រជាជនសរុប។

ល្បឿននៃការកើនឡើងប្រជាជនវ័យចំណាស់ត្រូវបានរំពឹងថានឹងមានយឺតជាងនៅក្នុងប្រទេសឥណ្ឌា។ បច្ចុប្បន្ននេះ ប្រជាជាតិអាស៊ីខាងត្បូងមួយនេះជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានប្រជាជនវ័យក្មេងជាងគេបំផុត ពោលគឺជាងពាក់កណ្តាលនៃប្រជាជនរបស់ខ្លួនមានអាយុក្រោម ៣០ឆ្នាំ និងមានអាយុជាមធ្យម ២៨ឆ្នាំ។

របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដឹងថា៖ «ប្រទេសទាំងពីរគួរតែប្តេជ្ញាចំពោះការការពារសង្គម និងវិធានការផ្សេងទៀតដើម្បីធានាសុខភាព និងសុខុមាលភាពរបស់មនុស្សវ័យចំណាស់ដែលកើនឡើងនេះ»

ប្រទេសទាំងពីររួមគ្នាមានប្រជាជនច្រើនជាងមួយភាគបីនៃចំនួនប្រជាជនពិភពលោក។ ការផ្លាស់ប្តូរប្រជាសាស្រ្តនេះនឹងមិនត្រឹមតែបង្កបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងសង្គមសំខាន់ៗសម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងប៉ះពាល់ដល់របៀបដែលពិភពលោកសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ខ្លួនផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕