(បាងកក)៖ ការនាំចេញអង្កររបស់ប្រទេសថៃ បានកើនខ្ពស់ជាង ២លានតោនក្នុងត្រីមាសទីមួយឆ្នាំនេះ ដែលមានតម្លៃ ៣៨,១ពាន់លានបាត (ប្រហែល ១,១ពាន់លានដុល្លារ) កើនឡើង ២៩,៣% បើគិតជាតម្លៃធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

លោក Ronnarong Phoolpipat អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេស នៃក្រសួងពាណិជ្ជកម្មថៃ ត្រូវបានដកស្រង់សម្ដីដោយកាសែតបាងកកប៉ុស្តិ៍ថា ការនាំចេញអង្ករបានកើនឡើង ១៨,៥% ធៀងនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ឬស្មើនឹង ៣២១ ៦២៥តោនដល់ ២,០៦លានតោននៅក្នុងត្រីមាសទីមួយ។

លោកថ្លែងបន្តថា ប្រទេសអ៊ីរ៉ាក់ គឺជាអ្នកនាំចូលច្រើនជាងគេដែលស្មើនឹង ១៦,៤% នៃបរិមាណនាំចេញសរុប បន្ទាប់មកគឺប្រទេសឥណ្ឌូនេស៊ី (១៣,១%) សហរដ្ឋអាមេរិក (៨,៦២%) អាហ្វ្រិកខាងត្បូង (៨,២៤%) និងសេណេហ្គាល់ (៥,៨៦%)។

លោកបន្ថែមថា ការកើនឡើងនេះគឺដោយសារតែការបន្តមានតម្រូវការអង្ករថៃក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ីនិងអាហ្រ្វិកដូចជាឥណ្ឌូនេស៊ី បង់ក្លាដែស អ៊ីរ៉ាក់ អាហ្វ្រិកខាងត្បូង និងសេណេហ្គាល់ជាដើម។ អ្នកបញ្ជាទិញទាំងនោះបានបន្តនាំចូលអង្ករដើម្បីបំពេញតម្រូវការក្នុងស្រុក និងរក្សាសន្តិសុខស្បៀង។

ក្រសួងកសិកម្ម និងសហករណ៍ថៃបានព្យាករថា ទិន្នផលស្រូវនឹងកើនឡើងនៅឆ្នាំនេះ ដោយផ្អែកលើទឹកគ្រប់គ្រាន់សម្រាប់ការដាំដុះ។ ទិន្នផលស្រូវដែលប្រមូលពីរដូវច្រូតកាត់ខុសរដូវ គ្រោងនឹងចូលទៅក្នុងទីផ្សារក្នុងខែមីនា និងមេសា ដែលគួរតែនាំឲ្យតម្លៃអង្ករថៃ មានការប្រកួតប្រជែង។

លោក Jurin Laksanawisit រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងថា ថ្មីៗនេះ តម្រូវការអង្ករថៃនៅលើទីផ្សារអន្តរជាតិនៅតែរឹងមាំ ដោយការនាំចេញមានអាចកើនឡើងដល់ ៨លានតោននៅឆ្នាំនេះ។

ការធ្លាក់ចុះថ្លៃប្រាក់បាត ការកើនឡើងស្តុកសម្រាប់ការប្រើប្រាស់ក្នុងស្រុក នៅក្នុងប្រទេសឥណ្ឌា និងវៀតណាម និងការកើនឡើងតម្រូវការនៅមជ្ឈិមបូព៌ា គឺជាកត្តាសំខាន់ដែលត្រូវបានព្យាករថា នឹងជួយលើកកម្ពស់ចក្ខុវិស័យនាំចេញអង្ករថៃនៅឆ្នាំនេះ។

កាលពីឆ្នាំមុន ប្រទេសថៃបាននាំចេញអង្ករចំនួន ៧,៦៩ លានតោន ពោលគឺលើសពីទិសដៅរបស់ក្រសួងពាណិជ្ជកម្មដែលមានតែ ៧,៥លានតោន។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕