(បាងកក)៖ សហព័ន្ធឧស្សាហកម្មថៃ (FTI) បានឱ្យដឹងកាលពីថ្ងៃអង្គារថា ផលិតកម្មរថយន្តនៅក្នុងប្រទេសថៃបានកើនឡើង ៤,‌១៦ភាគរយនៅក្នុងខែមីនាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ ១៧៩ ៨៤៨គ្រឿង ដោយសារកង្វះខាតមីក្រូឈីបបានធូរស្រាលមកវិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោក Surapong Paisitpattanapong អ្នកនាំពាក្យអង្គភាពឧស្សាហកម្មរថយន្តនៃសហព័ន្ធ FTI ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រខណៈថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ការនាំចេញរថយន្តបានកើនឡើង ៤,៨៤ភាគរយនៅក្នុងខែមីនាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បន្ទាប់ពីការកើនឡើង ១១,៤២ភាគរយនៃខែកុម្ភៈ។

ទោះជាយ៉ាងណា ការលក់រថយន្តក្នុងស្រុកបានធ្លាក់ចុះ ៨,៣៧ភាគរយនៅក្នុងខែមីនាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បន្ទាប់ពីការធ្លាក់ចុះ ៣,៩៤ភាគរយនៃខែកុម្ភៈ ដោយសារប្រាក់កម្ចីកាន់តែតឹងរ៉ឹងសម្រាប់ការទិញរថយន្តដឹក ខណៈដែលអត្រាការប្រាក់កើនឡើង។

នៅក្នុងខែកុម្ភៈ ការផលិតរថយន្តបានកើនឡើង ៦,៣៩ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រទេសថៃគឺជាមូលដ្ឋានផលិតកម្ម និងនាំចេញរថយន្តក្នុងតំបន់សម្រាប់ក្រុមហ៊ុនផលិតរថយន្តកំពូលៗមួយចំនួនរបស់ពិភពលោក រួមទាំងក្រុមហ៊ុន Toyota និងក្រុមហ៊ុន Honda ផងដែរ៕