(ភ្នំពេញ)៖ សល់តែ ៩ថ្ងៃទៀតប៉ុណ្ណោះ ​ការបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការនៅកម្ពុជា ឈានចូលមកដល់ ដោយនឹងប្រារព្ធ​ទៅនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំ។

ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានត្រៀមខ្លួន និងខិតខំរៀបចំព្រឹត្តិការណ៍​បានយ៉ាងល្អ ​ហើយអ្វីដែលកាន់តែពិសេសទៀតនោះ ប្រមុខរាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ចូលទស្សនាដោយឥតគិតថ្លៃ និងមិនគិតថ្លៃចំពោះផ្សាយបន្ដផ្ទាល់​​ទៅតាមបណ្តាប្រទេសនានា រួមជាមួយការមិនតម្រូវឲ្យប្រតិភូកីឡាទាំងអស់មិនបង់ប្រាក់ផងដែរ ។

អ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា ព្រឹត្តិការណ៍ក្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ​នឹងធ្វើឱ្យអន្តរជាតិស្គាល់កម្ពុជា កាន់តែច្រើនជាងមុន ដែលអាចទាញបាននូវផលប្រយោជន៍សេដ្ឋកិច្ចទាំងផ្ទាល់ និងប្រយោលបាននាពេលខាងមុខ។

​បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ជាពិសេសការមិនយកថ្លៃសំបុត្រចូលទស្សនា​ ថ្លៃផ្សាយបន្តផ្ទាល់ រួមទាំងការមិនតម្រូវឱ្យប្រតិភូកីឡាទាំងឡាយពីបណ្តាប្រទេសអាស៊ានបង់ប្រាក់​ នឹងធ្វើឱ្យកម្ពុជា ត្រូវបានផ្សព្វផ្សាយទៅកាន់ពិភពលោក នូវទឹកចិត្តដ៏ទូលាយ «ប្រទេសតូចតែបេះដូងធំ» ខណៈកន្លងមកនៅក្នុងព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ មិនមានប្រទេសណាមួយធ្វើបែបនេះនោះឡើយ។ ជាមួយគ្នានេះ ព្រឹត្តិការណ៍នេះក៏បង្ហាញនូវសុខសន្តិភាពរបស់កម្ពុជា​ ដល់ប្រតិភូ​ និងភ្ញៀវដែលបានមកកម្ពុជា បានឃើញផ្ទាល់ភ្នែក ​ដែលធ្វើឱ្យកម្ពុជា​ទទួលបានកិត្យានុភាព កេរ្តិ៍ឈ្មោះ និងការផ្សព្វផ្សាយផ្សេងៗ។

លោកបន្តថា​ «ខ្ញុំជឿជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ នឹងត្រូវបានផ្សាយជាឱឡារិកទៅដល់ទូទាំងសកលលោក ដែលអាចធ្វើឱ្យកម្ពុជាយើង ត្រូវបានគេស្គាល់ពាសពេញពិភពលោកបន្ថែម ពីលើអ្វីដែលគេធ្លាប់ស្គាល់ពីមុនទាំងនៅក្នុងទិដ្ឋភាពល្អ និងមិនល្អផង»

លោកលើកឡើងថា បន្ទាប់ពីព្រឹត្តិការណ៍នេះបានបញ្ចប់ទៅ នឹងធ្វើឱ្យកម្ពុជាកាន់តែលេចធ្លោល្បីនៅលើឆាកអន្តរជាតិ មានការទទួលស្គាល់ កោតសរសើរ និងមានការចាប់អារម្មណ៍ ពីបណ្តាប្រទេសជាមិត្ត ឬប្រទេសផ្សេងៗនៅបស្ចឹមលោក ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ​ទៅលើវិស័យផ្សេងៗជាមួយរាជរដ្ឋាភិបាល។

លោកបញ្ជាក់ថា ផលចំណេញដែលកម្ពុជានឹងទទួលបាន គឺកំណើនភ្ញៀវទេសចរនៅឆ្នាំនេះ និងនៅឆ្នាំបន្តបន្ទាប់ខាងមុខទៀត។ លើសពីនេះទៅទៀត នឹងអាចទាក់ទាញក៏ដូចជាទទួលបាន នូវគម្រោងវិនិយោគថ្មីៗបន្ថែមទៀត ប្រកបដោយទំនុកចិត្តពីវិនិយោគិនបរទេសទាំងនោះ​ ស្របជាមួយនឹងសក្តានុពលរបស់កម្ពុជា។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះបន្តទៀតថា ព្រឹត្តិការណ៍នេះ​ ក៏ជាឱកាសដែលម្ចាស់សហគ្រាសធុនតូច និងមធ្យម ដាក់លក់ ឬបង្ហាញផលិតផលរបស់ខ្លួនដល់ប្រតិភូ ឬភ្ញៀវបរទេស ដែលចូលមកទស្សនាផងដែរ។

លោកបន្ថែមថា «ក្នុងពេលនេះ គឺជាពេលវេលាដ៏អស្ចារ្យ ហើយមានរយៈពេលវែង ដែលគួរតែមានការរៀបចំជាស្តង់សម្រាប់តាំងបង្ហាញផលិតផលផ្សេងៗ ដែលផលិតដោយសិប្បកម្ម ឧស្សាហកម្មក្នុងស្រុក ដែលជាស្នាដៃកូនខ្មែរ ឱ្យបរទេសបានឃើញ ដែលពួកគេអាចនឹងទិញទុកជាអនុស្សាវរីយ៍​ ដើម្បីអាចផ្តល់ចំណូលដល់សេដ្ឋកិច្ច។ ហើយប្រសិនបើផលិតផលទាំងនោះ មានការទាក់ទាញ ពួកគេនឹងនៅតែធ្វើការបញ្ជាទិញ ពីសិប្បកររបស់កម្ពុជា»

អ្នកជំនាញសេដ្ឋកិច្ចមួយរូបទៀត គឺលោកបណ្ឌិត ចាន់ សុផល នាយក​នៃមជ្ឈមណ្ឌល​សិក្សាគោលនយោបាយ បានប្រាប់បណ្តាញព័ត៌មាន Fresh News ដែរថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម នឹងផ្តល់ផលចំណេញដល់កម្ពុជាទាំងផ្ទាល់ និងប្រយោល។

លោកបានពន្យល់យ៉ាងដូច្នេះថា កម្ពុជានឹងទទួលបានផលចំណេញផ្ទាល់ តាមរយៈការចំណាយរបស់ភ្ញៀវ ដែលមកទស្សនាការប្រកួតដោយផ្ទាល់ ទៅលើថ្លៃម្ហូបអាហារ កន្លែងស្នាក់នៅ ការធ្វើដំណើរ និងការទិញវត្ថុអនុវស្សាវរីយ៍ជាដើម។

លោកបន្ថែមថា «ជាធម្មតាតែមនុស្សមក គេនឹងយកលុយមកចាយនៅក្នុងស្រុកយើង អីចឹងគេអាចគណនាឃើញចំនួនលុយ ដែលចូលមកក្នុងសេដ្ឋកិច្ចយើង បើសិនជាយើងដឹងចំនួនភ្ញៀវ និងប៉ាន់ស្មានថាភ្ញៀវម្នាក់ៗចំណាយប៉ុន្មាន? នេះមិនមែនជាចំណូលរបស់រដ្ឋាភិបាលទេ តែជាចំណូលរបស់ប្រជាពលរដ្ឋអ្នកផ្តល់សេវា ឬក៏អ្នកលក់ទំនិញ ហើយរដ្ឋអាចថាបានជាពន្ធអីខ្លះៗ»

លើសពីនេះទៅទៀត កម្ពុជាក៏អាចទទួលបានផលចំណេញដោយប្រយោលផងដែរ។ តាមរយៈការរៀបចំព្រឹត្តិការណ៍នេះ ​គឺជា​មុខមាត់របស់កម្ពុជា ​ធ្វើឱ្យសាធារណៈមតិនៅលើឆាកអន្តរជាតិ កាន់តែមានភាពវិជ្ជមានចំពោះកម្ពុជា ដែលនាំឱ្យវិនិយោគិនអាចកាន់តែមានជំនឿចិត្តលើកម្ពុជា ថាជាប្រទេសដែលមានសមត្ថភាពអាចធ្វើការងារធំៗ មានស្ថិរភាព និងសន្តិភាព។ កត្តានេះនឹងជំរុញឱ្យកម្ពុជា ទទួលបាននូវការបណ្តាក់ទុនរកស៊ី និងការធ្វើពាណិជ្ជកម្មផ្សេងៗ។

លោកសម្លឹងឃើញថា តាមរយៈព្រឹត្តិការណ៍នេះ​ នឹងជួយជំរុញចលនាទេសចរណ៍នាពេលខាងមុខ ឱ្យកាន់តែប្រសើរឡើង​ផងដែរ។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានឱ្យដឹងថា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ កន្លងមកក្រុមហ៊ុនទេសចរណ៍មួយចំនួន បានរៀបចំកញ្ចប់ទេសចរណ៍សម្រាប់ភ្ញៀវ ពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលមានបំណងមកទស្សនា ឬគាំទ្រកីឡាករប្រទេសរបស់ខ្លួន។

លោកបន្តថា បច្ចុប្បន្ននេះភ្ញៀវមកពីប្រទេសផ្សេងៗដូចជា សិង្ហបុរី ឥណ្ឌូនេស៊ី ជាដើម បានកក់កញ្ចប់សេវាកម្មនេះជាបណ្តើរៗហើយ ខណៈក្រុមហ៊ុនឯកជន កំពុងធ្វើចលករបង្កើនការផ្សព្វផ្សាយដល់ដៃគូបន្ថែមទៀត ពិសេសបានធ្វើការយ៉ាងជិតដិតជាមួយវៀតណាម ថៃ ឡាវ ​នៅក្បែរកម្ពុជា ដែលងាយធ្វើដំណើរចូលមកកម្ពុជា តាមរយៈរថយន្ត។

លោក​បានលើកឡើងបន្ថែម «ខ្ញុំរំពឹងថានៅជិតដល់ប្រកួតស៊ីហ្គេម ភ្ញៀវប្រទេសជិតខាងប្រកដជា មានការកើនឡើង ជាពិសេសនៅពេលមានកម្មវិធីប្រកួតបាល់ទាត់ ដែលប្រទេសគេមួយៗ តែងធ្វើការគាំទ្រ»

ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ពីវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការយកលុយពីគណៈប្រតិភូកីឡាស៊ីហ្គេម មិនធ្វើឲ្យកម្ពុជាមាននោះទេ ផ្ទុយមកវិញនឹងផ្តល់ផលចំណេញដល់កម្ពុជា ដែលតាមរយៈការមិនយកលុយនេះ នឹងធ្វើឲ្យមនុស្សចូលមកកម្ពុជាកាន់តែច្រើន ហើយនៅពេលប្រទេសដទៃ ពេលធ្វើម្ចាស់ផ្ទះស៊ីហ្គេម ពួកគេអាចនឹងមិនយកពីកម្ពុជាវិញផងដែរ។

ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម នឹងចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games​ ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣​៕