(ប៉េកាំង)៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានស្នើដល់ភាគីចិន ជួយជំរុញការផ្តល់អាទិភាពក្នុងការស្តារ និងបង្កើនចំនួនជើងហោះហើរត្រង់ឡើងវិញ រវាងប្រទេសទាំងពីរ ឱ្យយ៉ាងហោចណាស់៣០០ជើងក្នុងមួយសប្តាហ៍ ឱ្យបានក្នុងពេលឆាប់ៗនេះ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ វិស័យអាកាសចរស៊ីវិលនៃប្រទេសទាំងពីរជាបន្តទៀត។

​សំណើនេះបានធ្វើឡើងក្នុងឱកាសលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ​បានសម្តែងការគួរសមជាមួយជាមួយលោក Captain Song Zhiyong ប្រធានរដ្ឋបាលអាកាសចរស៊ីវិលចិន និងបានចុះហត្ថាលេខាលើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិបត្តិការ ស្តីពីការពង្រឹងសុវត្ថិភាពហោះហើរ នៅទីក្រុងប៉េកាំង ប្រទេសចិន នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិកា និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ប្រាប់បណ្តាញព័ត៌មាន Fresh News.

លោកបន្តថា ក្នុងជំនួបពិភាក្សានេះបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានស្នើដល់ភាគីចិន ​​​ជួយជំរុញការផ្តល់អាទិភាពក្នុងការស្តារ និងបង្កើនចំនួនជើងហោះហើរត្រង់ឡើងវិញ ឱ្យបានឆាប់រហ័សរវាងប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋានយ៉ាងតិច ៣០០ជើងក្នុងមួយសប្តាហ៍។

ជាមួយគ្នា លោករដ្ឋមន្ត្រី បានស្នើចិន ជួយផ្តល់អាហារូបករណ៍រយៈពេលវែងលើមុខវិជ្ជា ​វិស្វកម្មឧតុនិយមអាកាសចរណ៍ (Aeronautical Meteorology Engineering) ចំនួន ៤នាក់ វិស្វកម្មអាកាសយានដ្ឋាន (Airport Engineering) ចំនួន ៤នាក់ និង
​អាកាសយានិក (Commercial Pilots) ចំនួន ២នាក់ និង​ស្នើសុំចុះហត្ថលេខាកិច្ចព្រមព្រៀងសហប្រតិបត្តិការ ស្តីពីសុវត្ថិភាពប្រតិបត្តិការនៃការអនុវត្តសិទ្ធិហោះហើរទី៧ ដែលក្រុមការងារជំនាញនៃអាជ្ញាធរអាកាសចរស៊ីវិលនៃប្រទេសទាំងពីរ បានឯកភាពគ្នារួចហើយ។
បើតាមការបញ្ជាក់របស់លោក ស៊ិន ចាន់សេរីវត្ថា ក្នុងឆ្នាំ២០១៩ ​មុនពេលវិបត្តិជំងឺកូវីដ-១៩ ការហោះហើរដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស រវាងប្រទេសទាំងពីរ មានចំនួនជាង ៤០០ជើងក្នុងមួយសប្តាហ៍ និងបានផ្សារភ្ជាប់ទំនាក់ទំនងចំនួន៤០ទីក្រុង រវាងកម្ពុជា ៣ទីក្រុង និងចិន ៣៧ទីក្រុង ដោយមានក្រុមហ៊ុនអាកាសចរណ៍ហោះហើរចំនួន ២២។ ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ ​និងបញ្ហាប្រឈមនានា​នៅក្នុងពិភពលោក ដំណើរការចាប់ផ្តើមហោះហើរត្រង់ឡើងវិញ រវាងប្រទេស​ទាំងពីរ ​មកទល់បច្ចុប្បន្ននេះមានត្រឹមប្រហែល ១០០ជើងក្នុងមួយសប្តាហ៍ និង ១១ក្រុមហ៊ុនអាកាសចរណ៍ ដោយក្នុងនោះ ៣ក្រុមហ៊ុន ពីកម្ពុជា និង ៨ក្រុមហ៊ុន ពីចិន ប៉ុណ្ណោះ។

លោកបន្ថែមថា «បើតាមផែនការរបស់ក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំងពី ដែលបានដាក់ពាក្យស្នើសុំហោះហើរ សម្រាប់រដូវកាលនេះ គឺមានរហូតដល់ទៅប្រមាណ ជាង៣០០ជើងក្នុងមួយសប្តាហ៍ ប៉ុន្តែលទ្ធផលជាក់ស្តែង គឺយើងពុំអាចសម្រេចបាននៅឡើយ»

ដោយឡែកចំពោះការបណ្តុះបណ្តាលធនធានមនុស្ស ​ក្នុងឆ្នាំ២០១៩​ កម្ពុជាទទួលបានអាហារូបករណ៍ ពីរដ្ឋបាលអាកាសចរស៊ីវិលចិន សម្រាប់ការបណ្តុះបណ្តាលលើមុខវិជ្ជាជំនាញចំនួន ៧មុខវិជ្ជា។ ឆ្នាំ២០២១​ ទទួលបានអាហារូបករណ៍ ពីសាកលវិទ្យាល័យហោះហើរអាកាសចរស៊ីវិលចិន សម្រាប់ការបណ្តុះបណ្តាលលើមុខវិជ្ជាជំនាញ ចំនួន ៣មុខវិជ្ជា តាមប្រព័ន្ធអនឡាញ និងឆ្នាំ២០២២​ ទទួលបានអាហារូបករណ៍ ពីសាកលវិទ្យាល័យហោះហើរអាកាសចរស៊ីវិលចិន សម្រាប់ការបណ្តុះបណ្តាលលើមុខវិជ្ជាជំនាញ ចំនួន ២មុខវិជ្ជា តាមប្រព័ន្ធអនឡាញ។

លោក ស៊ិន ចាន់សេរីវត្ថាបានឱ្យដឹងថា ចំពោះសំណើនេះភាគីចិនបានឯកភាពរួចរាល់ហើយ ​ខណៈកម្ពុជាតម្រូវឱ្យក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរធ្វើរួមគ្នាបន្តទៀត៕

កម្ពុជា ស្នើចិនជំរុញការផ្តល់អាទិភាពស្តារ និងបង្កើនជើងហោះហើរត្រង់​រវាងប្រទេសទាំងពីរឱ្យបាន ៣០០ជើងក្នុងមួយសប្តាហ៍