(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន២ទៀត សរុបទុនវិនិយោគជាង១០លានដុល្លារ និងអាចបង្កើតការងារ បានជាច្រើនកន្លែង។

តាមរយៈ Facebook Page របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ FITLY APPAREL CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ៥.៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១,៨៩១កន្លែង។

២៖ WH PACKAGING CO., LTD គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៦ ភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥.១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១,០៧៦កន្លែង៕