(ភ្នំពេញ)៖ លោក អៀង សុធារ៉ា អ្នកជំនួញដែលល្បីឈ្មោះក្នុងការយកទ្រឹស្តីពុទ្ធសាសនា ទៅអនុវត្តនៅក្នុងការប្រកបអាជីវកម្មរបស់ខ្លួន បានចែករំលែកនូវគន្លឹះ ធ្វើអាជីវកម្មសម្មាមគ្គ ដែលទទួលបាននូវផលប្រយោជន៍ ភាពរីកចម្រើន និងសេចក្តីសុខ ដល់ទាំងបុគ្គលផ្ទាល់ គ្រួសារ សង្គមជាតិ និងធម្មជាតិ។

លោកបានពន្យល់ថា អាជីវកម្មសម្មាមគ្គ គឺជាប្រភេទនៃការធ្វើអាជីវកម្ម តម្រង់ឱ្យឆ្ពោះទៅរកផ្លូវត្រឹមត្រូវ ហើយជាប្រភេទអាជីវកម្មមួយ ដែលធ្វើឱ្យមានការរីកចម្រើន មានប្រយោជន៍ មានសេចក្តីដល់បុគ្គល សង្គម និងធម្មជាតិ។

លោកពន្យល់បន្តថា «អាជីវកម្ម គឺការរកស៊ី ការធ្វើប្រតិបត្តិការរកប្រាក់ចំណេញ។ ចំណែក ពាក្យថា «សម្មា» គឺ«មធ្យម» ហើយ«មគ្គ» បានន័យ «វិថី» ។ មានន័យថា ការប្រកបអាជីវកម្ម តាមផ្លូវកណ្តាល ដែលមិនប៉ះពាល់ខ្លួនឯង ក្រុមគ្រួសារ ធម្មជាតិ និងមិត្តភក្តិនោះទេ បើទោះបីរកស៊ីខ្លួនឯង ឬជាក្រុមហ៊ុនក៏ដោយ»

លោកបន្តថា នៅពេលដែលម្ចាស់ក្រុមហ៊ុន ឬថ្នាក់ដឹកនាំក្រុមហ៊ុន ប្រកាន់ភ្ជាប់នូវការប្រកបអាជីវកម្មតាមបែបសម្មាមគ្គ នឹងគិតដល់ប្រយោជន៍ និងសេចក្តីសុខជាធំ ហើយយកពុទ្ធសាសនាជាមូលដ្ឋានគ្រឹះ នោះក្រុមហ៊ុនរីកចម្រើនយូរអង្វែង ក្រុមគ្រួសារមានសេចក្តីុសុខសុភមង្គល និងធម្មជាតិកាន់តែល្អ។

លោកពន្យល់បន្តថា «បើយើងធ្វើអាជីវកម្មសម្មាមគ្គ នឹងមានការរីកចម្រើនទាំងទ្រព្យសម្បត្តិ ទាំងកិត្តិយស ទាំងសេចក្តីសុខ។ ហើយសង្គមក៏ដូចគ្នា នឹងទទួលបាននូវការរីកចម្រើន ទទួលបាននូវប្រយោជន៍ និងទទួលបាននូវសេចក្តីសុខ។ ហើយធម្មជាតិក៏នឹងទទួលបានដូចគ្នាដែរ គឺទទួលបាននូវការរីកចម្រើន។ ឧទាហរណ៍ដូចព្រៃ អ៊ីចឹង នឹងកាន់តែរីកលូតលាស់ល្អ ស្រស់បំព្រងជាងមុន ។ ចំណែកទឹកវិញ នឹងកាន់តែស្អាតជាងមុន ខ្យល់នឹងកាន់តែបរិសុទ្ធជាងមុន»

លោកបានឱ្យដឹងផងដែរថា គោលគំនិតសំខាន់នៃអាជីវកម្មសម្មាមគ្គ គឺជាប្រភេទអាជីវកម្មរកប្រាក់ចំណេញ មានមូលដ្ឋានលើការយល់ត្រូវ ការគិតត្រូវ ការនិយាយត្រូវ ការធ្វើអំពើត្រូវ ការចិញ្ចឹមជីវីតត្រូវ ការព្យាយាមត្រូវ ការតាំងសតិត្រូវ និងការតម្កល់ចិត្តជាសមាធិត្រូវ៕