(ភ្នំពេញ)៖ សហគ្រិនកម្ពុជា និងជប៉ុន បានសហការគ្នារៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងទាក់ទងនឹងការធ្វើអាជីវកម្មដល់សហគ្រិនថ្មី និងវ័យក្មេងនៅកម្ពុជា ដើម្បីរួមចំណែកបង្កើនអត្រាជោគជ័យ នៃការធ្វើអាជីវកម្មរបស់សហគ្រិនកម្ពុជា។

សិក្ខាសាលានេះ បានរៀបចំឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដោយចូលរួមពីលោក ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លោក អេណុ អាត់ស៊ូស្ស៉ឹ (UENO Atsushi) លោក ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាល សមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន ដោយមានការចូលរួមពីវាគ្មិនជំនាញរបស់កម្ពុជា និងជប៉ុន រួមមាន លោក អៀង សុធារ៉ា ទីប្រឹក្សានៃគណៈសង្ឃនាយកគណៈមហានិកាយនៃកម្ពុជា ស្ថាបនិករមណីដ្ឋានភូមិរំដូល ស្ថាបនិករមណីដ្ឋានភូមិសុខារ៉ាវី ស្ថាបនិកវិទ្យុផ្កាឈូក និងជាប្រធានសមាគមពាណិជ្ជកម្មវិនិយោគកម្ពុជា-ជប៉ុន, លោក លីវ ឈួង នាយកប្រតិបត្តិ BROWN Coffee, លោកស្រី យិន ដារ៉ាវី ស្ថាបនិករមណីដ្ឋានភូមិរំដួល និងលោក OKUBO Hideo ប្រធានក្រុមហ៊ុន FORVAL Cooperation និងជាស្ថាបនិកមូលនិធិ CIESF។

លោក អៀង សុធារ៉ា មានប្រសាសន៍ថា សិក្ខាសាលានេះ បានរៀបចំឡើង ដើម្បីចែករំលែកចំណេះដឹង ដល់សហគ្រិនថ្មីដែល បាននិងកំពុងប្រកបអាជីវកម្មដោយខ្លួនឯង ហើយជាប្រភេទអាជីវកម្មថ្មី មិនចម្លងគេ ត្រូវហ៊ានឆ្លងកាត់នូវបញ្ហាប្រឈមផ្សេងៗ ដើម្បីធ្វើឱ្យអាជីវកម្មរបស់ខ្លូនដំណើរការ ដោយមានវាគ្មិនជំនាញជាច្រើនរូប បានចែករំលែកចំណេះដឹងដែលទាក់ទងពីការធ្វើអាជីវកម្ម ការត្រៀមខ្លួន និងបញ្ហាប្រឈមដែលត្រូវដោះស្រាយ។

លោកបន្ថែមថា សកម្មភាពនៃការចែករំលែកជាបន្តបន្ទាប់នេះ នឹងជួយឱ្យអត្រាបរាជ័យនៃការធ្វើអាជីវកម្មថយចុះ និងអត្រាជោគជ័យកាន់តែកើនឡើង ដែលពួកគេនឹងអាចជួយដល់ខ្លួនឯង គ្រួសារ សង្គមជាតិ និងធម្មជាតិ។

លោកបញ្ជាក់បន្ថែមថា «ខ្មែរ និងជប៉ុន យើងសហការគ្នាធ្វើម៉េចប្រម៉ែប្រមូលឱ្យអ្នកដែលជាសហគ្រិនបានចូលរួមចែករំលែក ពីអ្វីទៅដែលជាសហគ្រិនភាពដល់យុវជនយើង ដែលកំពុងតែស្រេកឃ្លាន និងចង់ដឹងតើការរកស៊ីដំបូងៗវាពិបាកយ៉ាងម៉េចខ្លះ? ការរកស៊ីដំបូងត្រូវគិតអ្វីខ្លះ? និងត្រៀមអ្វីខ្វះ?ជួបបញ្ហាអ្វីខ្លះ? ហើយហេតុអ្វីបានជាគេអាចបន្តដំណើរការអាជីវកម្មបានជាង១០ ទៅ២០ឆ្នាំ?»

លោក OKUBO Hideo បានកត់សម្គាល់ថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា មានការរីកចម្រើនសេដ្ឋកិច្ចយ៉ាងខ្លាំងហួសពីការស្មាន។ លោកយល់ថា កន្លងមកអ្វីដែលជំរុញការរីកចម្រើននេះ ដោយសារទទួលបានជំនួយពីបរទេស ដើម្បីធ្វើការអភិវឌ្ឍប្រទេស ប៉ុន្តែចាប់ពីពេលនេះទៅកម្ពុជា មិនត្រូវពឹងលើបរទេសទៀតនោះទេ ជាពិសេសយុវជនកម្ពុជា ត្រូវពង្រឹងខ្លួនឱ្យក្លាយជាសហគ្រិនឱ្យបានច្រើន។

លោកបន្តថា «កម្ពុជាត្រូវបណ្តុះសហគ្រិន ដើម្បីក្លាយជាស្នួលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែខ្លាំងថែមទៀត និង ត្រូវជំរុញការអភិវឌ្ឍនៅកំពុងជនបទឱ្យកាន់តែខ្លាំងជាងមុនថែមទៀត តាមរយៈការពង្រឹងបន្ថែម ទៅលើវិស័យអប់រំ»