(ភ្នំពេញ)៖ គណៈប្រតិភូមន្ទីរពាណិជ្ជកម្មតំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន ជាមួយប្រតិភូចំនួន១២រូប ដឹកនាំដោយ លោក Dou Xilin អគ្គនាយករងនៃមន្ទីរពាណិជ្ជកម្មតំបន់ស្វយ័តក្វាងស៊ី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បានបំពេញទស្សនកិច្ចទៅកាន់ការិយាល័យ របស់លេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ក្រោមការអញ្ជើញពីមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងលេខាធិការដ្ឋានផែនការមេ តំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ ។

លោក ជា កុកហុង ប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានជម្រាបជូនភ្ញៀវអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចកម្ពុជា វឌ្ឍនភាព និងផែនការមេនៃតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ខេត្តព្រះសីហនុ ព្រមទាំងគោលនយោបាយអនុគ្រោះរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការវិនិយោគបរទេស។

លោកក៏បានគូសរំលេចបន្ថែមថាពីកិច្ចសហប្រតិបត្តិការត្បូងពេជ្រឆកោណ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិនកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក Dou Xilin ក៏បានឧទ្ទេសនាមដោយសង្ខេប ពីតំបន់ស្វយ័តជនជាតិជ័ងខេត្តក្វាងស៊ី ដែលជាតំបន់ឆ្នេរតែមួយគត់ នៅភាគខាងលិចប្រទេសចិន គឺជាច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់ និងជាច្រកព្រំដែនសម្រាប់ប្រទេសចិន ដើម្បីបើកចំហមកកាន់អាស៊ាន និងពិភពលោក និងវាក៏ជាច្រកចូលសមុទ្រដ៏ងាយស្រួលបំផុត នៅភាគនិរតីប្រទេសចិន។

បន្ទាប់កិច្ចពិភាក្សាយ៉ាងស៊ីជម្រៅ ភាគីទាំងពីរបានយល់ស្របគ្នាតាមរយៈការផ្លាស់ប្តូរទស្សនៈ ស្តីពីខ្សែច្រវាក់ការដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់សេរីកែច្នៃកសិផល កែច្នៃអាហារ គីមីឥន្ធនៈ ការផលិតសរសៃ ក្រណាត់វាយនភ័ណ្ឌនិងគីមី និងការរៀបចំផែនការមេពហុបំណងខេត្តព្រះសីហនុ (SHV SEZ)។

ខេត្តក្វាងស៊ី គឺជាតំបន់ឆ្នេរតែមួយគត់ នៅភាគខាងលិចប្រទេសចិន ដែលជាច្រកទ្វារ និង ព្រំដែនដ៏សំខាន់មួយ សម្រាប់ប្រទេសចិន ក្នុងការតភ្ជាប់សេដ្ឋកិច្ចរបស់ខ្លួនទៅកាន់ពិភពលោក និងប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ី, ជាពិសេសជាទីតាំងដែលមានលក្ខណៈសមស្របបំផុត ក្នុងការតភ្ជាប់ទៅតំបន់សមុទ្រនៅភាគនិរតី។ គម្រោងផែនការមេនៃច្រករបៀងសមុទ្រ និងទឹកដីខាងលិចថ្មី ជាមួយនឹងគម្រោងផែនការមេតំបន់សេដ្ឋកិច្ច ពិសេសខេត្តព្រះសីហនុ មានចំណុចប្រសព្វប្រកបដោយសក្តានុពល សម្រាប់ធ្វើសមាហរណ៍កម្មជាមួយគ្នាដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

ជាចុងក្រោយ លោក Dou Xilin ក៏បានស្វាគមន៍លោក ជា កុកហុង ដើម្បីដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល និងធុរកិច្ចកម្ពុជា ទៅបំពេញទស្សនកិច្ចនៅខេត្តក្វាងស៊ី ក្នុងខែឧសភាខាងមុខនេះ សម្រាប់កិច្ចពិភាក្សាស៊ីជម្រៅបន្ថែមទៀត ក្នុងការចូលរួមជំរុញសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរវាងខេត្តក្វាងស៊ី និងប្រទេសកម្ពុជា៕